ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ កូរ៉េខាងជើងកោះហៅមន្ត្រីស្ថានទូតសំខាន់ៗ មកប្រជុំក្នុងពេលមានភាពតានតឹងជាមួយអាមេរិក

ចែករំលែក៖

សារព័ត៌មានយុនហាប់របស់កូរ៉េខាង ត្បូងបានផ្សាយថា កូរ៉េខាងជើង បានកោះហៅមន្ត្រីស្ថានទូតសំខាន់ៗមកស្រុកវិញ ដើម្បីប្រជុំជាបន្ទាន់មួយ ក្នុងពេលដែល កំពុងប្រឈមមុខតានតឹង ជាមួយអាមេ រិក។

មន្ត្រីកូរ៉េខាងត្បូងមួយរូបបាននិយាយទៅកាន់សារព័ត៌មានយុនហាប់ថា «កូរ៉េខាង ជើងកំពុងតែ បើកកិច្ចប្រជុំមន្ត្រីការបរទេសរបស់ខ្លួន ប្រចាំស្ថានទូតនៅក្រៅប្រទេស ក្រោយពីកោះហៅជាបន្ទាន់ឲ្យវិលត្រឡប់មកស្រុកវិញ។ ក្នុងចំណោមមន្ត្រីស្ថានទូតដែលបានកោះហៅនោះមាន ឯកអគ្គរដ្ឋ ទូតប្រចាំនៅប្រទេសចិន លោក Ji Jae Ryong , ឯកអគ្គរដ្ឋទូតប្រចាំនៅអង្គការ សហប្រជាជាតិលោក Ja Song Nam និងឯកអគ្គរដ្ឋទូតប្រចាំនៅប្រទេសរុស្ស៊ីលោក Kim Hyong Jun ។

សារព័ត៌មានយុនហាប់មិនបានបញ្ជាក់ថាមាន ឯកអគ្គរដ្ឋទូត ប៉ុន្មានប្រទេសដែលត្រូវកោះហៅមកប្រជុំនោះឡើយ ។ អ្នកនាំ ពាក្យក្រសួងឯកភាពជាតិ កូរ៉េខាងត្បូង លោក Baik Tae Hyun បានបញ្ជាក់ថា នេះជាសកម្មភាពធម្មតារបស់ទីក្រុងព្យុងយ៉ាង។ កន្លងមក ប្រទេសនេះបានបើក​កិច្ចប្រជុំ ឯកអគ្គរដ្ឋទូត លើកទី៤៣កាលពី ខែកក្កដា ឆ្នាំ២០១៥។

ប៉ុន្តែកិច្ចប្រជុំលើកនេះកើតឡើង ក្នុង ពេលដែល ប្រទេសកូរ៉េខាងជើង មានភាពតានតឹងស្ទើរតែផ្ទុះសង្គ្រាមជាមួយអាមេរិក។ សារព័ត៌មានយុនហាប់បានបញ្ជាក់ថា កិច្ចប្រជុំលើកនេះ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងអាចផ្តល់ព័ត៌មាន ពីសកម្មភាព យោធា ដល់ មន្ត្រីស្ថានទូតទាំងអស់បាន ដឹង ក៏ដូចជាគម្រោងសាកល្បងគ្រាប់បែកបរមាណូលើកទី៦ និងការសាកល្បងមីស៊ីលឆ្លងទ្វីបលើកទី៣។

ពាក់ព័ន្ធនឹងករណីកូរ៉េខាងជើងនេះដែរមេដឹកនាំគីម ជុងអ៊ុន បានលើកគម្រោង វាយប្រហារដោយមីស៊ីលទៅលើកោះ Guam របស់អាមេរិក។ លោកគីម ជុងអ៊ុន​ប្រកាសថា លោកកំពុងរង់ចាំមើលបន្ថែម ពីសកម្មភាពរបស់អាមេរិក មុនពេល សម្រេច អនុវត្តគម្រោងវាយប្រហារទៅ លើកោះ Guam ។

មេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន បានស្វែងយល់ពីគម្រោងវាយប្រហារខាងលើយ៉ាងយូរនិងពិភាក្សាជាមួយមន្ត្រីយោធាជាន់ខ្ពស់ ស្តីពីគម្រោងខាងលើ នៅថ្ងៃ ទី១៤ ខែសីហា ។សារព័ត៌មាន KCNA របស់កូរ៉េខាងជើង បានដកស្រង់ សម្តី មេដឹកនាំគីម ជុងអ៊ុន មកបញ្ជាក់ថា «អាមេ​រិក បានចងខ្សែនៅលើ កខ្លួនឯង ដោយសារតែការប្រឈមមុខយោធាទាំងការប្រថុយរបស់គេ»។ លោកគីម ជុងអ៊ុន បាន ផ្អាកគម្រោងវាយប្រហារដោយមីស៊ីលទៅលើកោះ Guam ដោយរង់ចាំមើលពីសកម្មភាពបន្តរបស់អាមេរិកមុនពេលសម្រេចរឿងដ៏សំខាន់មួយនេះ។

លោកគីមជុងអ៊ុន បានបញ្ជាក់ថា«ដើម្បីកាត់បន្ថយភាពតានតឹង និងសង្គ្រាមកើត ឡើងនៅឧបទ្វីបកូរ៉េ អាមេរិកចាំបាច់ត្រូវតែមានជម្រើសសមស្រប និងបង្ហាញតាម រយៈសកម្មភាព»។

កន្លងមកថ្មីៗ កូរ៉េខាងជើងបានប្រកាស ថា បានឡើងគម្រោងរួចរាល់នៅក្នុងការ វាយប្រហារ ដោយមីស៊ីល៤គ្រាប់ប្រភេទ Hwasong-12 ទៅលើកោះGuam របស់ អាមេរិកនៅពាក់កណ្តាលខែសីហានេះ ដើម្បីតបតនឹងការគំរាមរបស់ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ មកលើកូរ៉េខាងជើង ។

ការគំរាមកំហែងគ្នាទៅវិញទៅមក របស់អាមេរិក និងកូរ៉េខាងជើង បង្កក្តីបារម្ភ យ៉ាងខ្លាំង ព្រោះនៅពេលដែលគិតខុស ​ តំបន់ទាំងមូលនឹងក្លាយទៅជាសមុទ្រភ្លើងជាមិនខាន។ ចិននិងប្រទេសជាច្រើនទៀតក៏បានអំពាវនាវដល់ ភាគីទាំងពីរ រក្សាការ អត់ធ្មត់ បញ្ចប់ការប្រើប្រាស់សង្គ្រាមពាក្យសម្តីបន្តទៀត។ ជាមួយគ្នានេះប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae in កាល ពីថ្ងៃទី ១៤ខែសីហា បានបញ្ជាក់ថាមិនត្រូវឲ្យមានសង្គ្រាមកើតឡើងនៅឧបទ្វីបកូរ៉េទៀតឡើយ។

នៅពេលនេះដែរ មេទ័ពកូរ៉េខាងជើង ប្រចាំកងពលមីស៊ីលយុទ្ធសាស្ត្រលោក Kim Rak Gyom បានបញ្ជាក់ថា មីស៊ីល បានដាក់ទៅតាមទីកន្លែង ត្រៀមលក្ខណៈ រួចរាល់ រង់ចាំតែការបញ្ជាប៉ុណ្ណោះមីស៊ីលទាំងនោះនឹងហោះសម្តៅទៅទឹកដីអាមេរិកជាមិនខាន។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ប្រទេសគុយវែ៉ត បានសម្រេចកាត់ផ្តាច់ ទំនាក់ទំនងពាណិជ្ជកម្មជាមួយកូរ៉េខាងជើង។ មន្ត្រីស្ថានទូតគុយវែ៉ត ប្រចាំនៅក្នុងប្រទេសកូរ៉េខាងត្បូង បានថ្លែងឲ្យដឹងនៅថ្ងៃទី១៤ខែសីហាថា គុយវ៉ែត មានផែនការបញ្ចប់ការធ្វើពាណិជ្ជកម្មរបស់ខ្លួន ជាមួយ ប្រទេសកូរ៉េខាងជើង និងមិនបន្តទិដ្ឋាការ ធានារ៉ាប់រង សម្រាប់កម្មកររបស់ប្រទេស​កូរ៉េខាងជើងណនោះទៀតទេ ក្រោយពី បានដឹង អំពីសេចក្តីសម្រេចរបស់អង្គការប្រជាជាតិ ។

លោក Bader Al-Awadhi ឯកអគ្គរដ្ឋ ទូតគុយវ៉ែត ប្រចាំនៅទីក្រុង សេអ៊ូលបានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន មួយថា ប្រទេសរបស់លោកបានប្រឹងប្រែងក្នុងការចូលរួមអនុវត្ត ក្រោយពី ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានចេញសេចក្តីសម្រេចដាក់ទណ្ឌកម្មថ្មីទៅលើកូរ៉េខាងជើង ។ លោកបានសង្កត់ធ្ងន់ថា “ក្រសួងការបរទេស (គុយវ៉ែត) បានផ្តល់ព័ត៌មានដំបូងដល់គណៈកម្មាធិការពាណិជ្ជកម្ម ដោយអង្គភាពរដ្ឋាភិបាលជាច្រើនមានការព្រួយបារម្ភ” ។

ចំណែកប្រទេសចិន ដែលជាសម្ពន្ធមិត្តសំខាន់របស់កូរ៉េខាងជើង បានប្រកាសនៅ ថ្ងៃទី១៤ខែសីហា ថា នឹងផ្អាកនាំចូលដែក សំណ និងផលិតផលគ្រឿងសមុទ្រ ពីកូរ៉េ ខាងជើង។ ចិនបានសម្រេចរឹតបន្តឹងការនាំចូលទំនិញ ពីកូរ៉េខាងជើង បន្ទាប់ពីមានការដាក់សម្ពាធពីអាមេរិក និងក្រោយពេលក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជា ជាតិ បានបោះឆ្នោតដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាលើក ទី ៧ លើកូរ៉េខាងជើង។

ចាប់ពីថ្ងៃទី១៤ ខែសីហានេះទៅ ចិន នឹងផ្អាក ព្យួរ លែងនាំចូល ធ្យូង ដែក រ៉ែដែក សំណ ហើយនិងផលិតផលគ្រឿង សមុទ្រ ពីកូរ៉េខាងជើង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង ពាណិជ្ជ កម្មចិន កាលពីថ្ងៃចន្ទ ទី១៤ ខែសីហា។

ក្រោយពីក្រុមប្រឹក្សាសន្តិសុខបោះ ឆ្នោត ដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកទី ៧ ទៅលើកូរ៉េខាងជើង ចិន តាមរយៈរដ្ឋ មន្រ្តីការបរទេស លោកវ៉ាង យី បានប្រកាស ថា ចិន នឹងអនុវត្ត ១០០ភាគរយ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ។ ទណ្ឌកម្មសេដ្ឋកិច្ចរបស់ក្រុមប្រឹក្សាសន្តិសុខ មានគោលដៅ ធ្វើឲ្យកូរ៉េខាងជើង (ដែល ផ្គើនបាញ់សាកល្បងមីស៊ីល) ខាតបង់ ប្រាក់ចំណូល ១ពាន់លានដុល្លារ ក្នុងមួយ ឆ្នាំៗ។ ចិនដែល ជាសមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខ ដើរតួសំខាន់ជាងគេក្នុងការដាក់សម្ពាធសេដ្ឋកិច្ចទៅលើកូរ៉េខាងជើង ព្រោះថា ចិន ជាអតិថិជនដែលទិញ និងនាំចូលទំនិញ កូរ៉េខាងជើងច្រើនជាង គេ។ នៅឆ្នាំមុន ៩២ភាគរយ នៃផលិតផល នាំចេញពីកូរ៉េខាងជើង ត្រូវបាននាំចូល ប្រទេសចិន៕ ម៉ែវ សាធី

មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន ត្រួតពលនាពេលកន្លងមក


ចែករំលែក៖