ភ្នំពេញ៖ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៥ ខែសីហា ប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទ គុយ សិទ្ធិសក្តិ កូនប្រុសលោកគុយ ប៊ុនសន អតីតអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ដាក់ពន្ធនាគារ១ឆ្នាំនិងបង្គាប់ឲ្យសងសំណងជំងឺចិត្តចំនួន២០០លានរៀល នោះ កញ្ញា សុខ ចិន្ដា ហៅវ៉ាន់ នីឡា បង្ហោះសារតាមហ្វេសប៊ុក ទទួលយកការសម្រេចរបស់តុលាការ និង សម្តែងការរីករាយ ។
កញ្ញា វ៉ាន់ នីឡា សរសេរថា “ Hello everyone this is good news ! តុលាការបានប្រកាសសាលក្រមរួចហើយ នៅសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសគុយ សិទ្ធិសក្តិចំនួន១ឆ្នាំ សំណងជំងឺចិត្ត២០០លានរៀល “ ។ នាងខ្ញុំសូមអរគុណបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស។អរគុណសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ក្រុមគ្រួសារតារាកម្ពុជា លោកមេធាវី បូរ៉ា និងលោកធាវីសុខចាន់ ក៏ដូចជាបងប្អូនសិល្បៈករ ដែលបានផ្តិតមេដៃលើញត្តិចំនួន៦០០នាក់ តាមរយៈលោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ ដើម្បីជំរុញចំណាត់ការរបស់ក្រសួងមហាផ្ទៃ។ នាងខ្ញុំសូមថ្លែងអំណរគុណមែនទែន។នាងខ្ញុំនឹងផ្តល់ព័ត៌មានកលម្អិតនាពេលបន្តិចទៀតនេះ “ ។
គួររំលឹកថា ជនជាប់ចោទ គុយ សិទ្ធិសក្តិ ត្រូវបានចោទប្រកាន់ពីបទ «ហិង្សាដោយចេតនានិងចែកចាយរូបភាពអាសអាភាស» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៦ តាមមាត្រា២១៧នៃក្រមព្រហ្មទណ្ឌ និង មាត្រា៣៨ និងមាត្រា៣៩ ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។
ទោះបីអវត្តមានជនជាប់ចោទ គុយ សិទ្ធិសក្តិ ក្នុងពេលសវនាការក៏ដោយ ក្រឡាបញ្ជីសវនាការបានអានចម្លើយរបស់គុយ សិទ្ធិសក្តិ នៅដំណាក់កាលចៅក្រមស៊ើបសួរ ដោយបញ្ជាក់ថា គុយ សិទ្ធិសក្តិ បានស្គាល់ សុខ ចិន្តា ហៅ វ៉ាន់ នីឡា តាមហ្វេសប៊ុកកាលពីឆ្នាំ២០១៤ហើយដល់ឆ្នាំ២០១៥បានស្រលាញ់គ្នាហើយក៏បាននាំទៅលេងផ្ទះនិងជួបប៉ាម៉ាក់។ចំណែករឿងដែលចោទថា គុយ សិទ្ធិសក្តិ បង្ហោះរូបអាសអាភាស គឺជនជាប់ចោទមិនបានដឹងទេ និងសុំឲ្យតុលាការជួយរកយុត្តិធម៌ ។
ដោយឡែកលោក នួន បូរ៉ា មេធាវីការពារសិទ្ធិឲ្យដើមបណ្តឹងបាននិយាយនៅពេលសវនាការថា កាលពីថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០១៦ លោក គុយ សិទ្ធិសក្តិ និង ដើមបណ្តឹង សុខ ចិន្តា ហៅ វ៉ាន់ លីឡា បានឈ្លោះគ្នាហើយ គុយ សិទ្ធិសក្តិ បានវាយ វ៉ាន់ នីឡា ។ ពេលនោះជនរងគ្រោះ បានបើកឡានចេញឲ្យគេជួយ ហើយពេលនោះ គុយ សិទ្ធិសក្តិ បានបើកឡានរបស់ជនរងគ្រោះចេញទៅ ហើយនៅក្នុងឡាននោះក៏មានកាបូបទូរស័ព្ទរបស់ជនរងគ្រោះផងដែរដោយរយៈពេលជិត១០ថ្ងៃ ទើបគុយ សិទ្ធិសក្តិ បានយកមកប្រគល់ឲ្យវ៉ាន់ នីឡា វិញ។
លោកមេធាវី បន្តថា ចំណែករូបដែលបានបង្ហោះនោះគឺដោយសារតែការស្រលាញ់គ្នានិងគិតថាបានគ្នាជាប្តីប្រពន្ធទើបមានការថតផ្ញើឲ្យគ្នាមើលដោយសារតែ គុយ សិទ្ធិសក្តិនៅរៀនឯបរទេស។ក្នុងរឿងក្ដីនេះ ដើមបណ្ដឹងរដ្ឋប្បវេណីទាមទារសំណងជំងឺចិត្តចំនួន៥០ម៉ឺនដុល្លារ ។
លោក សេង ហៀង ជាតំណាងអយ្យការ នៅតែសន្និដ្ឋានរក្សាបទចោទប្រកាន់លើជនជាប់ចោទ គុយ សិទ្ធិសក្តិ ដដែល ហើយស្នើតុលាការសម្រេចតាមច្បាប់ ៕ចេស្តា