ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័របុកចូលផ្ទះប្រជាពលរដ្ឋនៅផ្សារគគីរ

ចែករំលែក៖

ខេត្តកណ្តាលៈ សម្ភារៈជាច្រើនដែលម្ចាស់ផ្ទះដាក់លក់នៅលើចិញ្ចើមផ្លូវ បានរងនូវការខូចខាត ដោយសាររថយន្តកុងតឺន័របើកបុកចូលកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ នៅមុខផ្សារគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ផ្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ប៊ួយ ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរលក់ដូរ និងម្ចាស់ផ្ទះមួយទៀតមានឈ្មោះ ម៉ៅ ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរលក់ដូរ ។

ក្នុងហេតុការណ៍គ្រោះថ្នាក់នេះដែរ បណ្តាលឲ្យអ្នកដំណើរ២នាក់រងរបួសស្រាល ដោយឡែកសម្ភារៈដែលដាក់លក់នៅមុខផ្ទះរងនូវការខូចខាតច្រើនមុខ រួមមានទូរស័ព្ទដៃជាច្រើនគ្រឿង ទូរទស្សន៍ កៅអី តុ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ក្នុងនោះជញ្ជាំងផ្ទះនៅខាងមុខ ក៏រងនូវការខូចខាតមួយផ្នែកផងដែរ ។

លោកហង្ស ផាន់ណារ៉ា នាយផ្នែកសណ្តាប់ធ្នាប់ចរាចរស្រុកកៀនស្វាយបានឲ្យដឹងថា មុនពេលគ្រោះថ្នាក់រថយន្តបង្កជាប្រភេទរថយន្តដឹកកុងតឺន័រ ម៉ាក នីសាន់ ពាក់ស្លាកលេខ ភ្នំពេញ3A-1684 បើកបរដោយឈ្មោះខែន កាន់ធា ភេទប្រុស អាយុ២៦ឆ្នាំ មានស្រុកកំណើត នៅស្រុកបន្ទាយមាស ខេត្តកំពត បានធ្វើដំណើរពីភ្នំពេញទៅអ្នកលឿង មកដល់តំបន់ទីប្រជុំជនផ្សារគគីររថយន្តបង្កមានបំណងបើកប្រជែងរ៉ឺម៉កម៉ូតូនៅពីមុខ ស្របពេលនោះមានរថយន្តកុងតឺន័រ១គ្រឿងមកពីមុខ ។ ពេលជួបឧបសគ្គរថយន្តបង្កបានជាន់ហ្វ្រាំងបង្ខំបណ្តាលឲ្យរ៉ឺម៉កខាងក្រោយដែលផ្ទុកកុងតឺន័ររុញកាច់ក្បាលរថយន្តបុកចូលទៅក្នុងផ្ទះលក់ដូរតែម្តង ។

លោកនាយផ្នែកបានបន្តថា ក្រោយកើតហេតុអ្នកបើកបររថយន្តត្រូវប្រជាពលរដ្ឋចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ចំពោះសម្ភារៈខូចខាតរួមមានជញ្ជាំងផ្ទះខាងមុខ ទូរស័ព្ទដៃជាច្រើនគ្រឿង តុ កៅអី ទូរទស្សន៍ និងសម្ភារៈមួយចំនួនទៀត បើតាមការប៉ាន់ស្មានទំហ៊ំនៃការខូចខាត រួមទាំងចេញសំណងដល់អ្នករងគ្រោះ គិតជាទឹកប្រាក់ប្រហែលជាង៣ម៉ឺនដុល្លារ ។ ករណីនេះ កើតឡើងដោយការបើកបរខ្វះការប្រុងប្រយ័ត្នពេលបើកមកដល់តំបន់ទីប្រជុំជន ។

ពាក់ព័ន្ធករណីនេះដែលោកវរៈសេនីយ៍ឯកប៉ា សំអិត អធិការនគរបាលស្រុកកៀនស្វាយបានឲ្យថា ទោះបីជាភាគីខាងរថយន្តកុងតឺន័រមានក្រុមហ៊ុនធានារ៉ាប់រងមកដោះស្រាយសំណងឲ្យភាគីខាងរងគ្រោះក៍ដោយគ្រាន់តែជាសំណងរដ្ឋប្បវេណីប៉ុណ្ណោះ ចំពោះនីតិវិធីតាមផ្លូវច្បាប់នៅតែធ្វើដដែល ពោលគឺកសាងសំណុំរឿងនិងចាប់បញ្ជូនអ្នកបើកបរទៅតុលាការដើម្បីជាការព្រមានដល់អ្នកបើកបរផ្សេងៗទៀតឲ្យគោរពច្បាប់ចរាចរ ត្រូវបើកបរដោយប្រុងប្រយ័ត្នពេលបើកមកដល់តំបន់ទីប្រជុំជន ។

នៅតំបន់ផ្សាគគីរនេះប្រឈមនឹងហានិភ័យខ្ពស់ណាស់ពីបញ្ហាគ្រោះថ្នាក់ចរាចរ តែបងប្អូនមួយចំនួនគាត់មិនបានគិតដល់នោះទេ គឺនាំគ្នាដាក់តាំងលក់ទំនិញសព្វសារពើនៅលើផ្លូវសាធារណៈទៅវិញ ។ កន្លងមកសមត្ថកិច្ចបានចុះណែនាំនិងរៀបចំសណ្តាប់ធ្នាប់ច្រើនលើកច្រើនសារហើយដើម្បីការពារអាយុជីវិតរបស់គាត់ ផ្ទុយទៅវិញអ្នកលក់ដូរទាំងនោះមិនយល់ពីចំណាត់ការនេះឡើយ បែរជាខឹងសម្បារមកលើកម្លាំងមានសមត្ថកិច្ចរហូតដល់ប្រើពាក្យសំដីមិនសមរម្យទៀតផង ។ ជាមួយគ្នានេះសូមបងប្អូនប្រជាពលរដ្ឋបញ្ឈប់ការដាក់តាំងលក់ទំនិញផ្សេងៗនៅលើចិញ្ចើមផ្លូវជាតិ តទៅទៀត ដើម្បីធានាបាននូវសណ្តាប់ធ្នាប់សាធរណៈនិងជៀសផុតពីគ្រោះថ្នាក់ចរាចរដែលអាចកើតឡើងជាយថាហេតុ ៕ សណ្តោស


ចែករំលែក៖