ព័ត៌មានទាន់ហេតុការណ៍៖

២នាក់ ព្រួតវាយម្នាក់របួសធ្ងន់ខណៈផឹកស្រវឹងជោកជាំរៀងៗខ្លួននិយាយឌឺដង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានរងរបួសបែកមុខបែកមាត់យ៉ាងធ្ងន់ធ្ងរ ដោយសារជនចំនួន ២នាក់យកដែកបំពង់ទីបព្រួតគ្នាសំពងនៅពេលផឹកសុីស្រវឹងជោកជាំរៀងៗខ្លួន និយាយឌឺដង។

ហេតុការណ៍ហិង្សាដោយចេតនាខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង២ និង៣០នាទីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំណុចអូរជាំស្លា ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មដាបានឲ្យដឹងថា ជនបង្កទី១ ឈ្មោះ ឃុំ សំណាង ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំភូមិចេកចៅ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ និងទី២ ឈ្មោះ សូយ សិទ្ធ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំភូមិពោធិ៍របង ឃុំកំពង់ពោធិ៍ ស្រុកក្រគរ បច្ចុប្បន្ន អ្នកទាំង ២នាក់ មានមុខរបរជាជាងដែក បានស្នាក់នៅភូមិ ឃុំកើតហេតុខាងលើ។ ចំណែកជនរងរបួសឈ្មោះ គុំ ញ៉ច ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ រស់នៅចំណុច និងភូមិ ឃុំកើតហេតុកើតហេតុ មុខរបរកម្មករ(ក្រុមហ៊ុនចិន)ធ្វើផ្លូវ បាន(រងរបួសធ្ងន់)កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពប្រម៉ោយ។

ប្រភពព័ត៌មានពីលោក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មដាខាងលើបន្តថា ក្រោយកើតហេតុអាជ្ញាធរមានសមត្តកិច្ចមូលបានចុះ បានចុះស្រាវជ្រាវដើម្បីចាប់យកវត្ថុតាងនានានៅជំវិញកន្លែងនោះ លទ្ធផល៖ ឃើញថាជនសង្ស័យដៃដ់ជាអ្នកបង្កទាំង ២នាក់ និងជនរងរបួសស្នាក់នៅក្បែៗគ្នា ហើយក៏ធ្លាប់ប៉ះទង្គេចពាក្យសម្ដីគ្នាទៅវិញទៅមកផងដែរនាពេលកន្លងមក ហើយនៅថ្ងៃកើតហេតុគេឃើញពួកគាត់ស្រវឹងស្រាជោកជាំដូចគ្នា ប៉ុន្តែគេមិនដឹងពួកគាត់នាំគ្នាផឹកសុីនៅទីកន្លែងណានោះទេ តែគេដឹងថាការផឹកសុីស្រវឹងជោកជាំនេះ គឺផឹកផ្សេងៗគ្នានោះទេ លុះត្រឡប់មកដល់កន្លែងស្នាក់នៅគេឮសំឡេងទំនាស់ពាក្យសម្ដីគ្នា រវាងជនរងរបួស និងជនសង្ស័យដៃដល់បង្ក ដោយខាងជនសង្ស័យបង្កបំពងសំឡេងខ្លាំងៗធ្វើឲ្យប៉ះពាល់អ្នកក្បែខាង ខណៈនោះគេឃើញជនរងរបួសចេញមុខដើរទៅសួរនាំ គ្រានោះក៏ផ្ទុះហិង្សាដោយចេតនាបែបនេះ បណ្ដាលឲ្យជនម្នាក់រងរបួសយ៉ាងដំណំធ្ងន់ធ្ងរតែម្តង ចំណែកជនសង្ស័យបង្កហិង្សាដោយចេតនាត្រូវបានកម្លាំងជំនាញឃាត់ខ្លួន ដើម្បីសាកសួរជុំវិញករណីហេតុការណ៍ដែលបានកើតឡើង។

ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា ចំពោះជនសង្ស័យទាំង២នាក់ បានយកទៅបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុកវាលវែង ដើម្បីរៀបចំសំណុំឯកសារបញ្ជូនបន្តទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាត់ការបន្តតាមនីតិវិធី៕ ប៉ឹម ពិន


ចែករំលែក៖