ខេត្តកំពត ៖ អាងទំនប់ទឹកប្រទាក់ក្រឡា ក្នុងភូមិបុស្សញិញ ឃុំកូនសត្វ ស្រុកទឹក ឈូកំពុងត្រូវបានក្រុមឈ្មួញដណ្តើមគ្នា រំលោភយកទាំងល្មើសច្បាប់ហើយ មន្ត្រី ពាក់ព័ន្ធបានត្រឹមឆ្លើយថាមិនដឹង។
ប្រជាពលរដ្ឋបានឲ្យដឹងថា ដីតំបន់អាងទឹកខាងលើគឺជាសម្បត្តិរដ្ឋត្រូវបានក្រុមឈ្មួញចំនួនពីរដណ្តើមគ្នាចាក់ដីលុបអាងទឹក និងសង់សំណង់ ដោយគ្មានការអនុ ញ្ញាត ។ ទី១ ក្រុមហ៊ុនរបស់លោក លី យ៉ុងណាំបានកាយដីឆ្កៀលចង្កេះភ្នំបំផ្លាញព្រៃសហគមន៍រួចសង់សំណង់របស់ខ្លួន និង ទី២ ក្រុមហ៊ុនលោក ទូច បានចាក់ដីលុប អាងទឹក និងសង់សំណង់អត់ច្បាប់ដូចគ្នា នៅលើអាងទឹកដែលជាតំបន់ប្រព័ន្ធធារាសាស្ត្រសម្រាប់ផ្គត់ផ្គង់ទឹកជូនប្រជា ពលរដ្ឋ។
ប្រភពពីប្រជាពលរដ្ឋបានបញ្ជាក់ថា បើទោះជាមានច្បាប់ ឬអត់ច្បាប់ក៏ដោយ ក៏អ្នកមានអំណាចមួយចំនួន នៅតែអាច រំលោភបំពានសម្បត្តិរដ្ឋបានយ៉ាងរលូន ព្រោះថាបច្ចុប្បន្ននៅក្នុងខេត្តមួយនេះ គេ និយមសង់សំណង់មុនទើបរត់ច្បាប់តាមក្រោយ ហើយក៏មានសំណង់អត់ច្បាប់ជាច្រើនកន្លែង ដែលអាជ្ញាធរ និងជំនាញមិន ទាន់មានចំណាត់ការ ។
លោក នាក់ គីម មេឃុំកូនសត្វបានប្រាប់ក្រុមអ្នកសារព័ត៌មានដោយទទួលស្គាល់ថា សំណង់របស់ក្រុមហ៊ុន លី យ៉ុងណាំ ឆ្កៀលភ្នំបំផ្លាញព្រៃពិតជាគ្មានច្បាប់អនុញ្ញាតមែន គ្រាន់តែក្រុមហ៊ុនបានស្នើសុំរត់ច្បាប់វិនិយោគ ប៉ុន្តែអាជ្ញាធរមិនទាន់ទាំងបានអនុញ្ញាតផង ស្រាប់តែក្រុមហ៊ុនធ្វើមុនរួចទៅហើយ ។
ចំណែកលោក នាក់ សុវណ្ណរី អភិបាល ស្រុកទឹកឈូ ក៏បានឲ្យដឹងនៅល្ងាចថ្ងៃ ទី១៦ ខែសីហាថា សំណង់អត់ ច្បាប់របស់ លោក លី យ៉ុងណាំ ពេលនេះត្រូវបាន អាជ្ញាធរហាមឃាត់ហើយ តែចំពោះការ ចាក់ដីលុបអាងទំនប់ទឹករបស់ លោក ទូច លោកពុំទាន់បានដឹងទេ ។ តែ យ៉ាង ណាក្តី លោកក៏បានចាត់មន្ត្រីឲ្យចុះទៅពិនិត្យមើលនៅថ្ងៃទី១៥កន្លងទៅរួចហើយ ដែរ ។ លោកថា ចំពោះអាងទំនប់ទឹកខាងលើ គឺ ជាបន្ទុក គ្រប់គ្រងធំរបស់មន្ទីរធនធានទឹក និង ឧតុនិយម។
លោក ចាន់ វណ្ណា ប្រធានមន្ទីរធនធាន ទឹកនិងឧតុនិយម ខេត្តកំពត បានបញ្ជាក់ថា បើសិនជាមានការចាក់ដីលុបអាងទឹកបែបនេះមែនគឺជាអំពើល្មើសច្បាប់លោកនឹង ចាត់មន្ត្រីទៅពិនិត្យមើល ៕ សហការី