ខេត្តសៀមរាប៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការនគរបាលស្រុកជីក្រែង ចុះបង្ក្រាបករណី រក្សាទុកនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឈានដល់ធ្វើការឃាត់ខ្លួនបានជនសង្ស័យ៣នាក់ រួម និងវត្ថុតាង បញ្ជូនមកកាន់ការិយាល័យជំនាញ ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ។
ហេតុការណ៍នេះធ្វើឡើងនៅវេលាម៉ោង២៣និង០០នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅភូមិថ្នល់ដាច់ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ។
លោកវរសេនីយ៍ទោ ណាម ណម នាយរងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្ត បានប្រាប់ឲ្យដឹងថា ជនសង្ស័យចំនួន៣នាក់នោះមាន៖ ទី០១/ឈ្មោះ នៀ ស៊ីណា ហៅ អ៊ុយ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិប្រាសាទ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប(រក្សាទុកនិងជួញដូរ)(មានសារ ធាតុញៀនក្នុងខ្លួន) ទី០២/ឈ្មោះ តេះ ប៊ុនធឿន ភេទប្រុស អាយុ២២ឆ្នាំមុខរបរគ្មាន ទីលំនៅភូមិប្រាសាទ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប(ចាត់ចែង)(មានសារ ធាតុញៀនក្នុងខ្លួន) និង ទី០៣/ឈ្មោះ មេន បូរី ភេទប្រុស អាយុ២៦ឆ្នាំមុខរបរគ្មាន ទីលំនៅភូមិត្រពាំងត្រាវ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប(ចាត់ចែង)(មានសារ ធាតុញៀនក្នុងខ្លួន)។
បន្ទាប់ពីកម្លាំងជំនាញបានឃាត់ខ្លួន រួមទាំងដកហូត បានវត្ថុតាងរួមមាន៖ម្សៅមេតំហ្វេតាមីន១០កញ្ចប់តូច ទូរស័ព្ទដៃចំនួន ០៥គ្រឿង nigម៉ូតូចំនួន០១គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ និងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត កំពុងរៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ ដើម្បីចាត់ការតាមច្បាប់៕ ប៊ុនរិទ្ធី