ខេត្តពោធិ៍សាត់៖ ក្មេងប្រុសអាយុ ១១ឆ្នាំម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយសារគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូធ្លាក់ជង្ហុករេចង្កូតដួលបោកបាក់ក។
ហេតុការណ៍ក្មេងមិនទាន់គ្រប់អាយុ ជួបគ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោង៧ និង០០នាទីយប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហមទៅរមណីយដ្ឋានច្រកល្អៀង ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក វរសេនីយ៍ត្រី ឯម រុន អធិការនគរបាល នៃស្នងការដ្ឋាននគរបាលនគរបាលខេត្តអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា ក្មេងរងគ្រោះឈ្មោះ ម៉ៅ មុល ភេទប្រុស អាយុ ១១ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងបន្ទុកគ្រួសារឪពុកម្ដាយឈ្មោះ ផ្លូច ម៉ៅ អាយុ ៣៣ឆ្នាំ និងម្ដាយឈ្មោះ តាំង ស្រីមុំ អាយុ ២៨ឆ្នាំ បច្ចុប្បន្ន មានទីលំភូមិ.ឃុំកើតហេតុខាងលើ។
លោក វរសេនីយ៍ត្រី ឯម រុន អធិការនគរបាលស្រុកក្រគរបន្តថា ក្មេងរងគ្រោះឈ្មោះ ម៉ៅ មុល បានជិះម៉ូតូម៉ាក វ៉េវអាល់ហ្វា ពណ៌ក្រហម គ្មានស្លាកលេខ គ្មានកញ្ចក់មើលក្រោយ ជនរងគ្រោះ(ស្លាប់) មិនពាក់មួកសុវត្ថិភាព ថែមទាំងមិនទាន់គ្រប់អាយុទៀត។
លោក វរសេនីយ៍ត្រី អធិការនគរបាលស្រុកក្រគរបន្តទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ យើងបានចុះត្រួតពិនិត្យ និងធ្វើកំណត់ហេតុត្រឹងត្រូវ ព្រមទាំងរាយការណ៍ជូនថ្នាក់លើ តាមនីតាមច្បាប់៕ ប៉ឹម ពិន