ភ្នំពេញៈ ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ និងបញ្ជៀសការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០១៧ គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅដឹកនាំបញ្ជាផ្ទាល់ដោយលោក រស់ សុភ័ក្រ អភិបាលរងខណ្ឌតំណាងលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានបើកយុទ្ធនាការជាថ្មីម្តងទៀតចាប់រថយន្តធន់ធំ ជាពិសេសរថយន្តដឹកដី ដឹកខ្សាច់ធ្វើឲ្យកំពប់លើផ្លូវជាតិលេខ១ និងរថយន្តក្រឡុកស៊ីម៉ង់ត៍ ដែលបើកបរ គ្មានសណ្តាប់ធ្នាប់ ធ្វើឲ្យប៉ះពាល់បរិស្ថាន និងបាត់បង់សោភ័ណ្ឌភាពដងផ្លូវសាធារណៈ ជាពិសេសរថយន្តទាំងនោះបើកចូលរាជធានីភ្នំពេលបំពានច្បាប់ ។
លោក រស់ សុភ័ក្រ អភិបាលរងខណ្ឌបានឲ្យដឹងថា យុទ្ធនាការចុះចាប់រថយន្តដឹកដី ដឹកខ្សាច់ធ្វើឲ្យកំពប់លើផ្លូវជាតិ រួមទាំងរថយន្តដឹកទំនិញធំៗដែលបើកចូលរាជធានីភ្នំពេញល្មើសច្បាប់នេះគណៈបញ្ជាការឯកភាពខណ្ឌបានធ្វើឡើងច្រើនលើកច្រើនសារមកហើយក្នុងគោលដៅរួម គឺអនុវត្តតាមស្មារតីនៃអង្គប្រជុំរបស់សាលារាជធានីភ្នំពេញ និងស្មារតីនៃអង្គប្រជុំរបស់គណៈបញ្ជាការឯកភាពខណ្ឌឲ្យមានប្រសិទ្ធភាព ដើម្បីធានាបានបរិស្ថានល្អ សណ្តាប់ធ្នាប់ល្អ គ្មានការកកស្ទះចរាចរ ។ ការខិតខំរបស់អាជ្ញាធរខណ្ឌដើម្បីពង្រឹងការងារសណ្តាប់ធ្នាប់សាធារណៈមួយរយៈកន្លងទៅនេះបានធ្វើឲ្យមហាមានការសាទរ ផ្ទុយទៅវិញបែរជាមានរថយន្តដឹកដី ដឹកខ្សាច់ រថយន្តក្រឡុកស៊ីម៉ង់ត៍ត៍ និងរថយន្តដឹកទំនិញធំៗ បើកចូលរាជធានីភ្នំពេញល្មើសច្បាប់ កំពប់ដីមកលើផ្លូវជាតិប៉ះពាល់បរិស្ថាន បាត់បង់សណ្តាប់ធ្នាប់ ដែលទង្វើបែបនេះបានធ្វើឲ្យមហាជនរិះគន់មកលើអាជ្ញាធរ ។ ផ្តើមចេញពីសកម្មភាពល្មើស និងការណែនាំរបស់សាលារាជធានីភ្នំពេញ ក៏ដូចជាការណែនាំរបស់អាជ្ញាធរខណ្ឌ ទើបគណៈបញ្ជាការឯកភាពខណ្ឌបើកយុទ្ធនាការជាថ្មីម្តងទៀតចុះចាប់រថយន្តធន់ធំ ពិសេសរថយន្តដឹកដី ដឹកខ្សាច់ កំពប់លើផ្លូវជាតិ។
លោកអភិបាលរងបានបន្តថា គណៈបញ្ជាការឯកភាពខណ្ឌមិនចង់ចុះចាប់រថយន្តទាំងអស់នេះទេព្រោះធ្វើឲ្យរំខាន់ដល់មុខរបរអាជីវកម្មរបស់ពួកគាត់ និងខាតបង់ពេលវេលា តែដោយម្ចាស់រថយន្តគិតតែពីផលចំណេញរបស់ខ្លួន ហើយអាជ្ញាធរទទួលរងនូវការរិះគន់ពីមជ្ឈដ្ឋានប្រជាពលនោះទើបចាត់វិធានការតែម្តង ។
រថយន្តដែលឃាត់ទាំងនោះត្រូវបានយកទៅរក្សាទុកបណ្តោះអាសន្ននៅសាលាខណ្ឌច្បារអំពៅ ដើម្បីអប់រំណែនាំម្ចាស់រថយន្ត និងផាកពិន័យទៅតាមការកំណត់របស់សាលារាជធានីភ្នំពេញ ។
គួរបញ្ជាក់ថាកន្លងមកឯកឧត្តមអភិបាលរាជធានីភ្នំពេញបានបញ្ជាឲ្យអាជ្ញាធរខណ្ឌទាំង១២ក្នុងរាជធានីភ្នំពេញ ត្រូវទប់ស្កាត់ឲ្យបានចំពោះរថយន្តធំៗ ដឹកទំនិញលើសកំណត់ មិនអនុញ្ញាតឲ្យបើកចូលក្រុងនៅពេលថ្ងៃនោះទេ ហើយបើម្ចាស់រថយន្តណាមិនគោរពតាមការណែនាំត្រូវហៅម្ចាស់ និងឃាត់រថយន្តយកទៅទុកផាកពិន័យតាមការកំណត់ផងដែរ៕ សណ្តោស