ព័ត៌មានទាន់ហេតុការណ៍៖

នៅមណ្ឌលប្រឡងវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិមិត្ត ខេត្តប៉ៃលិន មណ្ឌលប្រឡងមានចំនួន២

ចែករំលែក៖

ខេត្តប៉ៃលិនឆ្នាំនេះ បេក្ខជនប្រឡងកើន១៥% បើប្រៀបធៀបទៅឆ្នាំ២០១៦ នៅមណ្ឌលប្រឡងវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិមិត្ត ខេត្តប៉ៃលិន ។ នេះជាការលើកឡើងរបស់លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក្នុងឱកាស ដែលលោកចូលរួមបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៦ ២០១៧ នៅវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិមិត្តប៉ៃលិន នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិអូរតាពុកក្រោម សង្កាត់ទូលល្វា ក្រុងប៉ៃលិន ក្រោមអធិបតីភាពលោក កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមពីលោកស្រី ចិន ច័ន្ទមុនី ឧបការីនៃអង្គភាពប្រឆាំងអំពើពុករលួយ និងជាប្រធានក្រុមសង្កេតការណ៍ទូទាំងខេត្ត លោក ប៉ាវ សំអាង ប្រធានគណៈមេប្រយោគទូទាំងខេត្ត និងមន្ត្រីសហភាពសហព័ន្ធយុវជនខេត្ត យ៉ាងច្រើននាក់ ។

លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជននិងកីឡា ខេត្តប៉ៃលិន បានឲ្យដឹងថា៖ ឆ្នាំនេះនៅវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិមិត្ត មានមណ្ឌលប្រឡងចំនួន២ គឺមណ្ឌលប្រឡងវិទ្យាសាស្ត្រ និងវិទ្យាសាស្ត្រសង្គម ដែលបេក្ខជនប្រឡង(សិស្សស្វ័យរិន) ចំនួន២០នាក់ ក្នុងនោះស្រី១៤នាក់ ហើយនេះ ក៏ជាឆ្នាំទី១ ដែលខេត្តប៉ៃលិន មានមណ្ឌលប្រឡងចំនួន២ ហើយនេះក៏ជាយន្តការកំនែទម្រង់របស់ក្រសួងអប់រំ យុវជននិងកីឡា ផងដែរ ។

លោកប្រធានមន្ទីរ បានបន្តថា៖ បេក្ខជនប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំនេះមានកើនចំនួន១៥ភាគរយ(១៥%) បើប្រៀបធៀបទៅនិងឆ្នាំ២០១៦ ដោយក្នុងនោះបេក្ខជនប្រឡងក្នុងមណ្ឌលមានចំនួន៣១៦នាក់ ស្រី១៦៩នាក់ ដែលមាន១៤បន្ទុបផងដែរ ។ ជាមួយគ្នានេះដែរលោកក៏សំណូមពរដល់មាតាបិតាសិស្ស សូមមេត្តាជួយលើកទឹកចិត្តដល់ប្អូនៗ លើស្មារតីនៃការជឿរជាក់សមត្ថភាពរបស់ប្អូនៗ ហើយធ្វើម៉េចកុំជឿរលើការញុះញង់ ការបង្កបំពុលណាមួយ ដែលនៅខាងក្រៅ តាមរយៈហ្វេសបុក ឬពាក្យចរចាមអារ៉ាម ហើយសូមជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីផងដែរ ។

ឆ្លៀតក្នុងឱកាសនោះដែរ លោក កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន មានប្រសាសន៍ថា៖ នេះជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើឲ្យប្រទេសកម្ពុជាមានសុខសន្តិភាពទូទាំងប្រទេស ពិសេសក្នុងខេត្តប៉ៃលិន ក្រោមការដឹកនាំរបស់រដ្ឋបាលខេត្ត បានធ្វើឲ្យមានសុខសន្តិភាព សណ្តាប់ធ្នាប់នាពេលប្រឡងថ្ងៃទី១នេះ មានសភាពស្ងប់ស្ងាត់ល្អ មិនមានអ្វីកើតឡើងនោះទេ ។

ជាមួយនេះដែរ លោកអភិបាលខេត្ត ក៏ជូនពរដល់ប្អូនៗក្មួយៗ ឲ្យប្រឡងជាប់គ្រប់ៗគ្នា ពិសេសគឺការមកប្រឡងឲ្យទាន់ពេលវេលា កុំយឺតយ៉ាវ ព្រោះការប្រឡងនេះវាមានសារសំខាន់ណាស់ សម្រាប់ក្មួយៗត្រូវតែយកចិត្តទុកដាក់ ៕ ស សារ៉េត


ចែករំលែក៖