ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហាយឡេនដឺបុកអ្នកជិះម៉ូតូ៣នាក់ខ្ទាតទៅបុកនឹងធុងគុយទាវរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ យ៉ាងហោចណាស់មនុស្សប្រុស២នាក់ និងស្រីម្នាក់រងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីវេលាម៉ោង១និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ នៅលើកំណាត់មហាវិថីម៉ៅសេទុង កែងផ្លូវលេខ១៩៩ សង្កាត់ទួលស្វាយេព្រៃទី២ ខណ្ឌចំការមន ខណៈដែល ជនរងគ្រោះ៣នាក់នេះជិះម៉ូតូឆ្លងផ្លូវមិនគោរពអទិភាពផ្លូវធំ។ ភា្លមនោះផងដែរ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះបន្ទាន់នៅគ្លីនិកឯកជនហុង ហាក់។

ប្រភពពីសាក្សីនៅកន្លែងកើតហេតុ សន្តិសុខម្នាក់និយាយថា គាត់បានឃើញរថយន្តបង្កហេតុម៉ាកហាយឡេនដឺនោះធ្វើដំណើរពីត្បូងមក ហើយអ្នកជិះម៉ូតូ៣នាក់នោះជិះឆ្លងផ្លូវពីកើតទៅលិច ចំណុចកើតហេតុខាងលើ។ ទំនង ជនរងគ្រោះគាត់ឆ្លងមិនប្រយ័ត្ន ចំណែករថយន្តក៏លឿនផងដែរនោះហ្វ្រាំងមិន ទាន់ក៏បុកមនុស្ស៣នាក់ជិះម៉ូតូខ្ទាតមនុស្សស្រីម្នាក់មកប៉ះនឹងធុងគុយទាវ តុ កៅអី បែកបាក់ខ្ទេចតែម្តង ហើយរថយន្តឃើញចំណែករថយន្តធ្លាក់កាងមុខរីឯ ម៉ូតូក៏ខូចខាតយ៉ាងដំណំ គិតថាមនុស្សមិនរស់ផងទេ។

ស្ត្រីអ្នកលក់គុយទាវនិយាយថា រថយន្តបើកលឿនណាស់អាងតែផ្លូវស្ងាត់ ហើយអ្នកជិះម៉ូតូឆ្លងផ្លូវក៏មិនប្រយ័ត្នដែរ។ តែសំណាងហើយតុគុយទាវ គាត់មិនទាន់មានភ្ញៀវ ខំអីក៏មានអ្នករងរបួសដែរ។

ភ្លាមនោះផងដែរសមត្ថកិច្ចក៏បានចុះដល់កន្លែងកើតហេតុ សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កហេតុម៉ាកហាយឡែនដឺ ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ2AB-0246ធ្វើដំណើរពីត្បូងមកជើងតាមបណ្តោយមហាវិថីម៉ៅសេទុង ចំណែកម៉ូតូរងគ្រោះម៉ាកស្កូពី ពណ៌សខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AD-0196ជិះឌុបគ្នា៣នាក់ ប្រុស២នាក់ និងស្រីម្នាក់ ធ្វើដំណើរពីកើតទៅលិចតាមបណ្តោយផ្លូវលេខ១៩៩។ លុះជិះមកដល់ចំណុចកើតហេតុផ្លូវបំបែកភ្លើងស្តុបជនរងគ្រោះក៏ជិះម៉ូតូឆ្លងមិនប្រយ័ត្ន ហើយរថយន្តក៏លឿនទៀតជាន់ហ្វ្រាំងមិន ទាន់ក៏បុកពេញទំហឹងតែម្តង បណ្តាលឲ្យស្រីម្នាក់ប៉ើងទៅបុកនឹងធុងគុយទាវដែលឈរលក់នៅខាងលិចថ្នល់ម៉ៅសេទុងរងការខូចខាតគួរសមដែរ។

សមត្ថកិច្ចបន្តថា ក្រោយកើតហេតុទាំងរថយន្ត និងម៉ូតូរងគ្រោះក៏បានប្រគល់ឲ្យការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរក្សាទុករងចាំភាគីចូលដោះស្រាយតាមច្បាប់ រីឯជនរងគ្រោះកំពុងសម្រាក់ព្យាបាលនៅគ្លីនិកឯកជនហុងហាក់៕ តាឡឹម


ចែករំលែក៖