ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានការិយាល័យភូមិបាលស្រុកកំពង់ត្រាចទទួលស្គាល់ថាបានយកលុយពីការរត់ការប្លង់ដី

ចែករំលែក៖

ខេត្តកំពត ៖ សំណុំរឿងប្រធានការិយាល័យភូមិបាលស្រុកកំពង់ត្រាច ប្រើប្រាស់ អំណាច រត់ការប្លង់ដី ពេលនេះកំពុងស្ថិត ក្នុងស្ថានភាពសម្លកំពឹស ខណៈដែលប្រធានការិយាល័យរូបនេះបានលាតត្រដាងពីការ ចំណាយលុយជាប់ពាក់ព័ន្ធទៅនឹងមនុស្សជាច្រើនទៀតរួមទាំងថ្នាក់លើរបស់ខ្លួន ដែរនោះ។

លោក កៅ ចាន់ផានណារិទ្ធ ប្រធាការិយាល័យភូមិបាលស្រុកកំពង់ត្រាច ខេត្ត កំពតកាលពីពេលថ្មីៗនេះ បានទទួល ស្គាល់ថា ខ្លួនពិតជាបានយកលុយពីពល រដ្ឋដូចការលើកឡើងមែន តែសម្រាប់ថ្លៃសេវារត់ការទៅថ្នាក់លើនោះទេ ព្រោះមានស្ថាប័នពាក់ព័ន្ធជាច្រើនដែលត្រូវចំណាយលុយ ។ រីឯពលរដ្ឋគាត់ខ្ជិលចុះឡើង ទើប ប្រគល់លុយឲ្យលោករត់ការឲ្យ ។

សេចក្ដីថ្លែងនេះ បានធ្វើឡើងបន្ទាប់ពីមានពលរដ្ឋច្រើននាក់បានសម្ដែងអារម្មណ៍ ខឹងសម្បាចំពោះប្រធានការិយាល័យភូមិ បាលរូបនេះដែលថាបានយកលុយពីពួកគាត់ពី១ពាន់ទៅ២ពាន់ដុល្លារសម្រាប់សេវារត់ការធ្វើប្លង់ ឬប្ដូរប្រភេទដីមួយកន្លែង ។ ប៉ុន្តែពួកគាត់មិនទទួលបានប្លង់ដីតាមការសន្យានោះឡើយក្រៅតែពីការដែលមន្ត្រី រូបនេះបញ្ជូនគ្នាឲ្យមកគោះទារលុយបន្ថែមដោយសំអាងថា ខ្វះនេះ ខ្វះនោះ។

លោក យិន វុធ ប្រធានមន្ទីរសុរិយោដី នគរូបនីយកម្ម និងសំណង់ខេត្តកំពត បានថ្លែងថា លោកនឹងចាត់ការតាមបែប បទរដ្ឋបាលទៅលើលោកប្រធានការិយា ល័យភូមិបាលស្រុកកំពង់ត្រាចរូបនោះ។ ប៉ុន្តែបើទោះជាដូច្នេះក្ដីរហូតមកដល់ពេលនេះពលរដ្ឋរងគ្រោះនៅតែទទូចឲ្យមានការ ផ្ដល់យុត្តិធម៌ ។

គួរបញ្ជាក់ថា បច្ចុប្បន្ន ប្លង់ដី គឺជាឯក សារគតិយុត្តិ ដ៏មានសារខាន់បំផុតសម្រាប់ប្រជាពលរដ្ឋ ដែលពួកគាត់អាចប្រើប្រាស់ជាការសំអាង ដើម្បីទប់ស្កាត់ការរំលោភ បំពានដែលអាចកើតមានជាយថាហេតុ ទៅលើដីធ្លីរបស់ពួកគាត់និងដើម្បីខ្ចីឥណទានពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានាហេតុនេះហើយទើបបានជាមន្ត្រី ជំនាញខិលខូចមួយចំនួនឆ្លៀតប្រើប្រាស់ ឱកាសនេះគាបទារលុយពីការចេញប្លង់ឲ្យពួកគាត់ដោយគ្មានញញើតដៃ,អ្វីដែល អាក្រក់បំផុតនោះគឺការយកលុយ ហើយ មិនចេញប្លង់ឲ្យពួកគាត់ទៀត ៕ សហការី

 


ចែករំលែក៖