ព័ត៌មានទាន់ហេតុការណ៍៖

លោកត្រាំកាន់តែឯកោក្រោយអ្នកជំនិតជាច្រើននាក់ចាកចេញពីលោក

ចែករំលែក៖

ក្រុមអ្នកជំនួញធំៗ ដែលលោកត្រាំ បានជ្រើសរើសធ្វើជាសមាជិករបស់គណៈកម្មការប្រឹក្សានយោបាយសេដ្ឋកិច្ចបានលាលែងចេញពីតំណែងដើម្បីប្រឆាំងជំទាស់នឹងជំហរ របស់លោកដូណាល់ ត្រាំ ក្នុង ការដឹកនាំ ។ ហេតុការណ៍ខាងលើនឹងធ្វើប្រធានាធិបតី ដូណាល់ ត្រាំ ស្ថិតនៅក្នុង ស្ថានភាពមួយដ៏លំបាក និងឯកោ។

ជាក់ស្តែងនៅពាក់កណ្តាលខែសីហា នេះ ថៅកែក្រុមហ៊ុនអាមេរិកាំងធំៗ បាន ប្រកាសដកខ្លួនចេញពី សមាជិកភាពរបស់គណៈកម្មការសេដ្ឋកិច្ច ដែលមានតួនាទី ផ្តល់ប្រឹក្សាផ្នែកនយោបាយសេដ្ឋកិច្ច ដល់ លោកប្រធានាធិបតី។ លោកដូណាល់ ត្រាំ បានបង្កើតគណៈកម្មការប្រឹក្សាពីរ ដែល ធ្វើការទៅលើសេដ្ឋកិច្ច ឧស្សាហកម្ម។ សមាជិករបស់គណៈកម្មការសេដ្ឋកិច្ច ឧស្សាហកម្មនេះ មានចំនួន២៨នាក់ ដែលសុទ្ធសឹងតែជាប្រធានក្រុមហ៊ុនអាមេរិកាំងធំៗ និងជាអ្នកតំណាងសហជីព។គណ កម្មការនេះបង្កើតឡើងក្រោយលោកត្រាំស្បថចូលកាន់តំណែងប្រធានាធិបតីអាមេរិក នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧។

កាលពីថ្ងៃទី ១៤ សីហា នៅក្នុងហេតុ ផល មនសិការ ផ្ទាល់ខ្លួន ដែលប្រឆាំង​នឹងការរើសអើង ប្រកាន់ ពូជសាសន៍ ប្រធានក្រុមហ៊ុនឧសថ ដ៏ធំជាងគេរបស់ អាមេរិក Merckបានប្រកាសដើរចេញពី គណៈកម្មការពិគ្រោះយោបល់របស់លោកដូណាល់ ត្រាំ។ នៅថ្ងៃពុធ គឺមួយថ្ងៃក្រោយ លោកដូណាល់ ត្រាំ បង្ហាញសមានចិត្ត និយាយការពារសមាជិកក្រុមស្តាំនិយម និងទម្លាក់កំហុសទៅលើបាតុករ ដែល ប្រឆាំងនឹងការរើសអើង ថៅកែក្រុមហ៊ុន អាមេរិក ៤រូបទៀត ដែលជាសមាជិក របស់គណៈកម្មការផ្តល់ប្រឹក្សាសេដ្ឋកិច្ច ក៏ បានប្រកាសដើរចេញពីលោកដូណាល់ ត្រាំដែរ។

រាល់លើកដែលលោកដូណាល់ ត្រាំ ធ្វើនយោបាយដ៏ចម្រូងចម្រាស លោកតែង ត្រូវក្រុមហ៊ុនឯកជនដោះដៃ ដើរចេញ ពីគណៈទីប្រឹក្សារបស់លោក។ ថៅកែក្រុម ហ៊ុនUber បានលាចេញពីតំណែងទីប្រឹក្សារបស់លោកដូណាល់ ត្រាំ នៅក្រោយ លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើក្រឹត្យប្រឆាំងជនអន្តោប្រវេសន៍ ដែលធ្វើដំណើរមក ពីប្រទេសអ៊ិស្លាម។ នៅខែមិថុនា កន្លងទៅ ក្រុមហ៊ុនផលិតរថយន្ត ដើរដោយថាមពល អគ្គិសនី Tesla ហើយនិងក្រុម ហ៊ុនDisney បានយកគំរូតាម ក្រុមហ៊ុនUber ដើរចេញពីរង្វង់ទីប្រឹក្សារបស់លោកដូណាល់ត្រាំ នៅក្រោយពេលឮលោកដូណាល់ ត្រាំ ប្រកាសដកអាមេរិកចេញពីកិច្ចព្រមព្រៀងអន្តរជាតិក្រុងប៉ារីស ស្តីពីអាកាសធាតុ។

ដោយសារតែជំហរ ជ្រុលហួសហេតុ របស់លោកដូណាល់ ត្រាំ លើកនេះ ប្រធាន ក្រុមហ៊ុន ឯកជនអាមេរិក បានសម្រេច មូលមតិគ្នាចង់រំលាយគណៈកម្មការប្រឹក្សា នេះចោល ព្រោះថា មានសមាជិកជាច្រើន ដែលមិនយល់ស្របជាមួយ លោកដូណាល់ ត្រាំ។ ប៉ុន្តែ លោកដូណាល់ ត្រាំ វិញ ដែល ចង់យកមុខមាត់ បានប្រញាប់ប្រកាសមុន រំលាយចោលគណៈកម្មការពិគ្រោះយោ បល់សេដ្ឋកិច្ចទាំងពីរចោល កាលពីថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០១៧។

ដោយសារតែមិនចង់ឲ្យប៉ះពាល់ដល់កេរ្ត៍ឈ្មោះក្រុមហ៊ុន បណ្តាថៅកែទាំងនោះសម្រេចដើរចេញពីលោកត្រាំ ។ ការដើរ ចេញពីគណៈកម្មការរបស់លោក ប៉ុន្តែ ក្រុមហ៊ុនទាំងនោះ មានតម្លៃភាគហ៊ុនធ្លាក់ ចុះតិចតួច តែប៉ុណ្ណោះ។ ព្រឹតិការណ៍នេះ អាចបញ្ជាក់ថា គេមិនសូវជាទុកចិត្តប៉ុន្មាន ទេ លោកដូណាល់ ត្រាំដែលផ្លាស់ប្តូរ សម្ដី ដូចផ្លាស់ប្តូរខោអាវនោះ។ អ្នកសេដ្ឋកិច្ចជា​ច្រើនគិតថា ប្រធានាធិបតីដែលបាត់បង់ការគាំទ្រពីពិភពអ្នកជំនួញ យ៉ាងដូច្នេះ គឺ ប្រាកដជាត្រូវជួបបញ្ហាដ៏ធំមួយ៕ ម៉ែវ សាធី


ចែករំលែក៖