ភ្នំពេញ៖ យុវជនប្រុសស្រី៣នាក់បានជិះម៉ូតូចេញពីកន្លែងធ្វើការ បំណងទៅផ្ទះ ស្រាប់តែក្រុមក្មេងស្ទាវមានគ្នា៣នាក់ បានឈរចាំស្ទាក់វាយបណ្តាលឲ្យយុវជនម្នាក់រងរបួសបែកក្បាល ហើយក្រុមបង្កបានគេចខ្លួនបាត់អស់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ នៅចំណុចខាងក្រោយបុរីពិភពថ្មី ផ្លូវប្រឡាយ ភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះដែលបែកក្បាលឈ្មោះសឹង បូរៀម ភេទប្រុស អាយុ២៤ឆ្នាំ មុខរបកម្មកររោងចក្រ ម្តុំផ្សារត្រពាំងថ្លឹង ស្នាក់នៅចំការដូង សង្កាត់ដង្កោរខណ្ឌដង្កោ មានស្រុកកំណើតនៅក្រុងសួង ។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុរូបគេ និងប្អូនប្រុសស្រី២នាក់ទៀតបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រឹមស៊េរីឆ្នាំ២០១៧ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GI 2516 ចេញពីកន្លែងធ្វើការនៅម្តុំផ្សារត្រពាំងថ្លឹង បំណងទៅផ្ទះនៅចំការដូង ខណះមកដល់ចំណុចកើតហេតុជាកន្លែងងងឹងផងនោះ ស្រាប់តែមានក្រុមក្មេងស្ទាវមានគ្នា៣នាក់ បានឈរចាំស្ទាក់មុខនិងប្រដាប់ដោយដុំថ្មមកវាយភ្លាមនោះរូបគេ ក៏បានចុះពីលើម៉ូតូហើយបានតដៃជាមួយក្រុមទាំងនោះធ្វើឲ្យបែកក្បាលហូរឈាមស្រោចខ្លួន។
បន្ទាប់មកក្រុមទាំងនោះក៏បានគេចខ្លួនបាត់ស្រមោលតែម្តង។
ក្រោយកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ ដើម្បីសុំការអន្តរាគមន៍ និងកំណត់មុខសញ្ញាចាប់ក្រុមជនដៃដល់មកផ្តន់ទាទោសតាមច្បាប់៕ សុខាសនជ័យ