ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ កោះហៅអាជីវករដែលរកស៊ីមុខរបរទទួលបញ្ចាំ មកពិភាក្សា ដើម្បីផ្សព្វផ្សាយច្បាប់ធ្វើអាជីវកម្ម

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧នេះ រដ្ឋបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ០៣០ សហវ.ប្រក ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ ស្តីពីការគ្រប់គ្រងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោម អធិបតីភាព លោក កើត ឆែ អភិបាលរងរាជធានី ភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។

លោក កើត ឆែ បានលើកឡើងថា ការផ្សព្វផ្សាយប្រកាសនេះ ធ្វើឡើងដើម្បីធានាប្រសិទ្ធភាពនៃការគ្រប់គ្រង និងត្រួតពិនិត្យអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគ ដោយអនុប្បទាន, ដើម្បីធានាសមធម៌ និងតុល្យភាព នៃផលប្រយោជន៍ រវាងអ្នកដាក់បញ្ចាំ និងអ្នកទទួលព្រទ្យបញ្ចាំ ជាពិសេសធានានូវសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ។

លោក កើត ឆែ បានបញ្ជាក់ថា៖ បច្ចុប្បន្ននេះ អាជីវកម្មទទួលបញ្ចាំ ក្នុងរាជធានីភ្នំពេញ មានចំនួនប្រមាណ ២៣១ទីតាំង មានច្បាប់ ១៥២ទីតាំង និងអត់ច្បាប់ ៧៩ទីតាំង ហើយអាជីវករគេចវេសមិនសុំច្បាប់បើកអាជីវកម្ម គាត់លើកហេតុផលថា បែបបទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានភាពស្មុគស្មាញ និងតឹងតែងពេក ដោយអាជីវករខ្លះសុំច្បាប់មួយទីតាំង ប៉ុន្តែលួចបើកហាងបញ្ចាំច្រើនកន្លែង ។

លោក កើត ឆែ បានឲ្យដឹងថា មានហាងលក់ទូរស័ព្ទខ្លះ ក៏ទទួលបញ្ចាំទូរស័ព្ទ និងវត្ថុមានតម្លៃដែរ ហើយនៅមាន ទីតាំងអាជីវកម្មជាច្រើនទៀត ដែលឆ្លៀតឱកាសរកផលប្រយោជន៍ តាមរយៈការទទួលបញ្ចាំផលចោរកម្ម ដែលសកម្មភាពបែបនេះ គឺជាទង្វើខុសច្បាប់ និងផ្តល់ឱកាសឲ្យជនទុច្ចរិតបង្កអស្ថិរភាពសង្គម ដូចជាប្រព្រឹត្តអំពើលួច ឆក់ ប្លន់ ជាដើម ព្រោះផលចោរកម្ម ត្រូវបានប្តូរជាប្រាក់ ឬវត្ថុមានតម្លៃយ៉ាងងាយ ។ ស្ថានភាពអវិជ្ជមានទាំងនេះ កើតឡើងស្ទើរតែរៀងរាល់ថ្ងៃ ធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាច និងបាត់បង់ជំនឿលើអាជ្ញាធររាជធានី ដូចនេះ ទើបលោកអភិបាលរាជធានីភ្នំពេញ ឃួង ស្រេង បានចាត់វិធានការយ៉ាងកក់ក្តៅគគុក ដោយបញ្ជាឲ្យរដ្ឋបាលខណ្ឌទាំង១២ ចុះឆែកឆេរ និងចាត់វិធានការរដ្ឋបាលលើហាងបញ្ចាំ ដែលបានប្រព្រឹត្តផ្ទុយពីច្បាប់ និងកន្លែងទទួលផលចោរកម្មទាំងមានច្បាប់ និងអត់ច្បាប់ ។

លោក កើត ឆែ សំណូមពរដល់អ្នកពាក់ព័ន្ធ ពិសេសបណ្តាអាជីវករទាំងអស់ ដែលបាន ចូលរួមក្នុងពិធីនេះ យកកម្មវត្ថុ និងខ្លឹមសារសំខាន់ៗ ទៅផ្សព្វផ្សាយ ដើម្បីទាំងអស់គ្នាគោរពច្បាប់ និងធានាបាននូវសុខសន្តិភាព ជាពិសេសសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពញ៕ សំរិត


ចែករំលែក៖