ភ្នំពេញ ៖ រថយន្តម៉ាកដេវូកូរ៉េមួយគ្រឿងបានជ្រុលទៅបុកទ្រូងផ្លូវបណ្តាលឲ្យដាច់កាងខាងមុខ គ្រាដែលមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីបានរំកិលទ្រូងផ្លូវចេញពីទ្រង់ទ្រាយដើមបន្តិចដើម្បីអ៊ុតកៅស៊ូឲ្យបានស្ងាត តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្សនោះទេ។
ឧប្បត្តិហេតុនេះបានកើតឡើងនៅវេលាម៉ោង៨យប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញក្រុមសាធារណការ និងដឹកជញ្ជូនរាជធានីបានធ្វើការជួសជុលផ្លូវខាងលើហើយបានរំកិលទ្រូងផ្លូវចេញពីទ្រង់ទ្រាយដើមបន្តិចដើម្បីអ៊ុតកៅស៊ូ។ លុះមកដល់ម៉ោងកើតហេតុខាងលើស្រាប់តែមានបុរសម្នាក់រួមដំណើរ ដោយបុរសម្នាក់ទៀតបានបើករថយន្តម៉ាក DAWOO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២F-៤៦១៣ ធ្វើដំណើរតាមផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ហើយពេលមកដល់ចំណុចកើតហេតុបានជ្រុលទៅបុកនឹងទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យរថយន្តរងការខូចខាតក្រពិតនិងដាច់កាងខាងមុខចំហៀងខាងឆ្វេង ព្រមទាំងបែកកញ្ចក់ខាងមុខផងដែរ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទៅពិនិត្យមើលដល់កន្លែងកើតហេតុឃើញថា អត់មានរងការខូចខាតអ្វីនោះទេទើបបានឲ្យខាងរថយន្តហៅរថយន្តមួយគ្រឿងទៀតមកសណ្តោងយកទៅជួសជុលដោយខ្លួនឯងបាត់ទៅ ៕ ប្រាថ្នា