ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមឈ្មួញរត់ពន្ធសត្វព្រៃឆ្លងដែន អង្គការវ៉ាយអេដ៍ចុះបង្ក្រាបបាន នៅស្រុកស្វាយជ្រំ

ចែករំលែក៖

ខេត្តស្វាយរៀង៖ សត្វលលក៨២ក្បាលបម្រុងឆ្លងដែនទៅប្រទេសវៀតណាមត្រូវអង្គការវ៉ាយអេដ៍ សហកាជាមួយមន្ត្រី នាយដ្ឋានរដ្ឋបាលព្រៃឈើចុះបង្ក្រាបចាប់ឃាត់ខ្លួនយកប្រគល់ឲ្យខណ្ឌរដ្ឋបាលព្រៃឈើស្វាយរៀង នៅវេលាម៉ោង៩ និង៤០នាទីព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។

បើតាមមន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើស្វាយរៀងបានឲ្យដឹងថា អង្គការអភិរក្សសត្វព្រៃ វ៉ាយអេដ៍ បានសហការជាមួយនាយកដ្ឋានរដ្ឋបាលព្រៃឈើ និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសសត្វព្រៃ ក្នុងរដ្ឋបាលខេត្តស្វាយរៀង នៅតាមព្រំដែនក្នុងស្រុកស្វាយជ្រំ បានបង្ក្រាបបទល្មើសសត្វព្រៃ១ករណី ចាប់ឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ ឈ្មោះ ផានវ៉ាន់ភុង (PHAN VAN PHONG) ភេទប្រុសអាយុ២៧ឆ្នាំ មានទីលំនៅស្រុកដែនអា ខេត្តឡុងអាន ប្រទេសវៀតណាម រួមទាំងវត្ថុតាង ម៉ូតូវ៉េវ១គ្រឿង សត្វលលកទ្រាំង ចំនួន៨២ក្បាលនៅវេលាម៉ោង៥•០០ល្ងាច ថ្ងៃទី២៤ សីហា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិក្រសាំងជ្រំ ឃុំគ្រួស ស្រុកស្វាយជ្រំ ដែលជនល្មើសកំពុងបើកបរម៉ូតូដឹកលលកតាមដងផ្លូវ បម្រុងឆ្លងដែនចូលទៅប្រទេសវៀតណាម តាមច្រករបៀងក្រសាំងជ្រំ។

ប្រភពដដែលបន្តទៀតថា ក្រោយពីសមត្ថកិច្ចឃាត់ពិនិត្យម៉ូតូ និងលើកម៉ូតូ និងសត្វលលកដាក់លើរថយន្ត ជនល្មើសបានរត់គេចខ្លួនតែម្តង បន្សល់ទុកតែ អត្តសញ្ញាណបណ្ណ ជនជាតិវៀតណាម១សន្លឹក ម៉ូតូម៉ាកហុងដាវ៉េវ១គ្រឿង ពាក់ស្លាកលេខវៀតណាម លេខ63B3•246 08 និងលលកចំនួន៧២ក្បាល។

ប្រភពដដែលបន្តទៀតថា សត្វលលកទ្រាំង៨២ក្បាលនេះ ជនជាតិវៀតណាមបានដើរប្រមូលទិញពីប្រជាពលរដ្ឋខ្មែររស់នៅតាមភូមិជិតៗព្រំដែន ដើរទាក់ និងវាយលប់ ។

ប្រភពបានបង្ហើបទៀតថា តាមពិតបទល្មើសសត្វព្រៃនេះ ពុំមែនមានតែស្រុកស្វាយជ្រំទេ គឺមានគ្រប់ស្រុកដែលជាប់ព្រំដែន ក្រុមជនល្មើសបានដឹកសត្វព្រៃចេញតាមច្រករបៀង ដោយមានការឃុបឃិតជាមួយមន្ត្រីខឹលខូចឈរជើងតាមច្រករបៀង ទើបពិបាកទប់ស្កាត់។

ក្រោយពីធ្វើកំណត់ហេតុរួច មន្រ្តីនាយកដ្ឋានរដ្ឋបាលព្រៃឈើ បានប្រគល់ម៉ូតូ១គ្រឿង ដែលជនសង្ស័យប្រព្រឹត្តបទល្មើសឲ្យខណ្ឌរដ្ឋបាលព្រៃឈើស្វាយរៀងរក្សាទុកដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ចំណែកសត្វលលកទ្រាំងចំនួន៨២ក្បាល នាយកដ្ឋានរដ្ឋបាលព្រៃឈើយកទៅរាជធានីភ្នំពេញដើម្បីប្រគល់ឲ្យអង្គការវ៉ាយអេដ៍ យកទៅលែងនៅក្នុងតំបន់អភិរក្សសត្វព្រៃ៕ យឹម សុថា​


ចែករំលែក៖