ភ្នំពេញ៖ លោក រស់ ពិសិដ្ឋ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៥ ខែសីហា នេះ ប្រកាសសាលក្រមផ្តន្ទាទោសលោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ដាក់ពន្ធនាគាររយៈពេល៥ឆ្នាំ និង ពិន័យជាប្រាក់ចំនួន១០លានរៀល ពាក់ព័ន្ធការប្រមាថធ្ងន់ធ្ងរដល់កងទ័ពកម្ពុជា ។ តុលាការបើកសិទ្ធិឱ្យជនជាប់ចោទប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ ។
លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្លាប់បានបញ្ជាក់ថា បន្ទាប់ពីបានសាកសួរនិងពិនិត្យសំណុំរឿងនេះចប់សព្វគ្រប់រួចមក អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានរកឃើញថា អង្គហេតុខាងលើបានប៉ះពាល់ដល់សន្តិសុខសង្គម និងសន្តិសុខនៃកងយោធពលខេមរភូមិន្ទ ជាបទល្មើសព្រហ្មទណ្ឌ រួមមាន បទញុះញង់កុំឱ្យយោធិនស្តាប់បង្គាប់ តាមបញ្ញត្តិមាត្រា៤៧១ នៃក្រមព្រហ្មទណ្ឌ បទធ្វើឱ្យខូចទឹកចិត្តកងទ័ព តាមបញ្ញត្តិមាត្រា៤៧២នៃក្រមព្រហ្មទណ្ឌ និង បទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមបញ្ញត្តិមាត្រា៤៩៤និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។
ដោយហេតុថាករណីខាងលើជាបទមជ្ឈិមជាក់ស្តែង ហើយសំណុំរឿងនេះបានបំពេញលក្ខខណ្ឌនៃនីតិវិធីនៃការបង្ហាញខ្លួនភ្លាម តាមបញ្ញត្តិមាត្រា៤៧ និងមាត្រា ៤៨ នៃក្រមនីតិវិធីព្រហ្មទណ្ឌ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់និងបញ្ជូនជនជាប់ចោទឈ្មោះ សួន សេរីរដ្ឋា រួមទាំងសំណុំរឿង តាមកំណត់ហេតុស្តីអំពីការបង្គាប់ឱ្យចូលបង្ហាញខ្លួនភ្លាមលេខ ០១៨ អ.យ.ឋ ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ ទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីជំនុំជម្រះ ។
នៅក្នុងសាររបស់ លោក សួន សេរីរដ្ឋា ដែលបង្ហោះលើ Facebook កាលពីថ្ងៃទី១២ខែ សីហា ឆ្នាំ២០១៧ មានខ្លឹមសារយ៉ាងដូច្នេះថា «ពេលសង្គ្រាម កើតឡើងជាមួយ នឹង ប្រទេសលាវនោះលទ្ធផលវាហ្នឹងមិនខុសពីសង្គ្រាម ដែលកើតឡើងជាមួយ នឹង ប្រទេសសៀមទេ ! គឺកូនខ្មែរ កងទ័ពជាតិ នឹងស្លាប់ក្នុងសមរភូមិយ៉ាងវេទនា… ហើយមេទ័ពចោរ នឹងឡើងបុណ្យសក្តិ ប្រមូលបានលុយកាក់សប្បាយជាមួយស្រីញី យ៉ាងគគ្រឹកគគ្រេង!។ ពីព្រោះកន្លងមកដូចយើងដឹងហើយ សង្គ្រាមដែលកើត ឡើងជាមួយនឹងប្រទេសសៀម គឺស្លាប់តែកូនខ្មែរអ្នកស្នេហាជាតិ ដែលចូលប្រយុទ្ធនៅជួរមុខទេ។ ចំណែកឯពួកមេៗ ពាក់ផ្កាយ និង កូនលោកធំៗ ដែលនៅជួរក្រោយចេញមុខចេញមាត់នោះ ប្រមូលលុយ ប្រមូលលាភ ហើយដេកតែម៉ាស៊ីនត្រជាក់ ជាមួយស្រីកំដរ ក៏ឡើងបុណ្យឡើងផ្កាយដែរ» ។
សាររបស់ លោក សួន សេរីរដ្ឋា បានធ្វើឱ្យមានការប្រតិកម្មយ៉ាងខ្លាំងពីសំណាក់កងទ័ព និងមេបញ្ជាការកងទ័ពនៅទូទាំងប្រទេស ហើយពួកគាត់ចាត់ទុកថា ជាទង្វើមួយដែលមិនអាចអត់ឱនឱ្យបាន៕ចេស្តា