ព័ត៌មានទាន់ហេតុការណ៍៖

ព្រះរាជអាជ្ញារងខេត្តកណ្តាលដឹកនាំសមត្ថកិច្ចចុះបង្រ្កាបទីតាំងកត់ឆ្នោតវៀតណាមជ្រកក្រោមស្លាកឆ្នោតខ្មែរដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ

ចែករំលែក៖

ខេត្តកណ្តាលៈ ព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្តកណ្តាល បានដឹកនាំសមត្ថកិច្ចនគរបាលព្រហ្ម​ទណ្ឌកម្រិតស្រាលខេត្ត ចុះបង្រ្កាបទីតាំងកត់ឆ្នោតវៀតណាម ដែលជ្រកក្រោមស្លាក ឆ្នោតខ្មែរមានអាជ្ញាប័ណ្ណត្រឹមត្រូវ ។ ប្រតិបត្តិការបង្រ្កាបនេះធ្វើឡើងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២​០​១៧នេះ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ,ឃុំស្វាយរលំ និងឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ។

ប្រភពពីមន្ត្រីនគរបាលខេត្តកណ្តាលបានឲ្យដឹងថា មុននឹងឈានដល់បង្រ្កាបទីតាំងកត់​កន្ទុយលេខខាងលើនេះ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តកណ្តាល បានទទួលពាក្យបណ្តឹងពី​តំណាងក្រុមហ៊ុនឆ្នោតខ្មែរដែលមានអាជ្ញាប័ណ្ណថា នៅក្នុងភូមិសាស្ត្រក្រុងតាខ្មៅ និងភូមិសាស្ត្រ​ឃុំស្វាយរលំ-ឃុំសិត្បូ ស្រុក​ស្អាង មានមេកន្ទុយលេខជាច្រើននាក់ បានយកយីហោឆ្នោត​របស់​ខ្លួន​ទៅ​បិទមុខ ដើម្បីកត់ឆ្នោតវៀតណាម ។

ប្រភពដដែលបានបន្តថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងលោកឧត្តមសេនីយ៍ត្រី រឿង ណារ៉ា ស្នងការរង បាន​សុំ​បទ​បញ្ជាពីលោកឧត្តមសេនីយ៍ទោ អ៊ាវ​ ចំរើន ស្នងការនគរបាលខេត្ត និងសុំការសម្របសម្រួល​នីតិវិធីពី លោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ដឹកនាំ​កម្លាំង​នគរបាលព្រហ្មទណ្ឌ​កម្រិត និងកម្រិតស្រាល ចុះសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរ​មូលដ្ឋាន ធ្វើការស្រាវជ្រាវ និងបង្រ្កាបទីតាំងកត់ឆ្នោតក្នុងភូមិសាស្ត្រក្រុងតាខ្មៅ និងភូមិសាស្ត្រ​ឃុំស្វាយរលំ-ឃុំសិត្បូ ស្រុក​ស្អាង ។

ជាលទ្ធផល សមត្ថកិច្ចធ្វើការបង្រ្កាបបាន​៨ទីតាំង ក្នុងនោះនៅភូមិសាស្ត្រក្រុងតាខ្មៅ​០៣​ទីតាំង និងភូមិសាស្ត្រឃុំស្វាយរលំ-ឃុំសិត្បូ ស្រុក​ស្អាង០៥ទីតាំង ឃាត់ខ្លួនមនុស្សដែលពាក់ព័ន្ធ​ជាច្រើននាក់ ដើម្បីធ្វើការសាកសួរ និង​កសាង​សំណុំ​រឿងចាត់ការតាមច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖