ព័ត៌មានទាន់ហេតុការណ៍៖

តុលាការ​កំពុង​ចាត់​ការ​ បណ្តឹង​អនុប្រធាន​គណបក្ស​តូច​មួយ​ប្តឹង​លោក​បណ្ឌិត​ សុខ​ ទូច​ ចំនួន​៨បទល្មើស​​

ចែករំលែក៖

ភ្នំពេញ​៖ លោក ហ៊ាង គឹម​ស្រឿ​ន អនុប្រធាន​ទី​១​គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ​ បាន​ប្តឹង​លោក​បណ្ឌិត​សុខ​ ទូច​ ប្រធាន​រាជ​បណ្ឌិត្យសភា​កម្ពុជា​ ចូល​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាលពី​ល្ងាច​ថ្ងៃ​ទី​២៤​ ខែ​សីហា​ ពាក់ព័ន្ធ​ការ​លើកឡើង​ថា​ ផ្ទះ​របស់​សម្ដេច​ហេង សំរិន ប្រធានរដ្ឋសភាជាតិ ស្ថិតក្នុង​ទឹកដី​វៀតណាម​ ។​ មន្ត្រី​តុលាការ​ ថ្លែង​នៅ​ថ្ងៃទី​២៥​ ខែ​សីហា​ ថា​ បណ្តឹង​នេះ​ កំពុង​ស្ថិត​ក្រោម​ចំណាត់​ការ​របស់​លោក​ លី​ សុផាណា​ ព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ។
​ ​
​លោក ហ៊ាង គឹម​ស្រឿ​ន អនុប្រធាន​ទី​១​គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ ​ប្តឹង​លោក​សុខ ទូច ចំនួន​៨​បទល្មើស ​រួមមាន​ទី​១.​គំរាមកំហែង​កេរ្តិ៍​ ទី​២.​ញុះញង់​ឲ្យ​មានការ​រើសអើង​ ទី​៣.​ប្រមាថ​និង​ប្រឆាំង​​អ្នករាជការ​សារ​ធារ​ណៈ​ ទី​៤.​ជ្រៀតជ្រែក​ដោយ​ខុសច្បាប់​នៅក្នុង​ការបំពេញ​មុខងា​រ​សាធារណៈ​ ​ទី​៥.​ប្រើប្រាស់​លិខិត​និង​ឯកសារ​ដែល​​បង្កើត​ឲ្យ​មានការ​ភ័ន្តច្រឡំ​, ទី​៦.​ផ្តល់ព័ត៌មាន​មិន​ពិត​ ទី​៧.​លក្ខខណ្ឌ​អត្ថិភាព​នៃ​ការ​ញុះញង់ និង​ទី​៨.​ក្បត់ជាតិ​។​
​ ​
​នៅក្នុង​ពាក្យបណ្តឹង​នោះ លោក ហ៊ាង គឹម​សឿង បាន​រៀបរាប់​ដែរ​ថា ការលើកឡើង​របស់​ប​ណ្ឌិ​ត​សុខ​ទូច​ជា​ការមិនពិត បំភ្លៃ​ប្រវត្តិ​​សាស្ត្រ ប៉ះពាល់​ដល់​កិត្តិយស​ជាតិខ្មែរ និង​ថ្នាក់ដឹកនាំ ព្រមទាំង​ជាការ​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​កាន់តែ​បាត់បង់​ជំនឿ​ចិត្ត​លើ​រាជ​រដ្ឋា​ភិ​​បាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​
​ ​
​ទន្ទឹម​និង​ការប្តឹង​លោក​អនុប្រធាន​ទី​១​គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ បាន​សំណូម​ចំនួន ០២​ចំណុច​ដល់​តុលាការ​គឺ​៖ ទី​១.​សុំ​ឲ្យ​លោក សុខ ទូច បង្ហាញ​ឯកសារ​ដែលថា សម្តេច ហេង សំរិន ទៅយក​ដី​វៀតណាម​រស់នៅ និង​ផែនទី​ជាក់លាក់​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ជា​សា​​ធារ​ណៈ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ អាច​ជឿ​ទុកចិត្តបាន​ព្រមទាំង ភាព​ស្អាតស្អំ​របស់​ថ្នាក់ដឹកនាំ​និង​ទី​២.​សុំ​ឲ្យ​បើក​ការស៊ើបអង្កេត​ស្រាវជ្រាវ​​ស្វែងរក​កាពិ​ត ដែល​លោក សុខ​ទូច ចោទប្រកាន់ថា សម្តេច ហេង សំរិន យក​ដី​វៀតណាម​រស់នៅ​។​
​ ​
​សូមបញ្ជាក់ថា ភូមិឋាន​កំណើត​របស់​សម្តេច ហេង សំរិន ស្ថិតនៅ​ភូមិ អន្លង់​ជ្រៃ​និង​ថ្លុក​ត្រាច ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បួ​ង​ឃុំ​។​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​បញ្ហា​ព្រំដែន​កម្ពុជា​-​ឡាវ នៅ​រាជបណ្ឌិត្យសភា កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៧ លោក សុខ ទូច​បាន​ថ្លែង​​ថា បើ​ពិនិត្យ​តាម​ផែនទីដី​ផ្ទះ​កំណើត​របស់​សម្ដេច ហេង សំរិន បាន​ទៅលើ​វៀតណាម​៕​ចេស្តា


ចែករំលែក៖