ខេត្តបាត់ដំបង៖ ស្រុកចំនួន៣ ក្នុងខេត្តបាត់ដំបង ជាប់បឹងទន្លេសាប ដែលធ្លាប់លេចឮព័ត៌មានកើតមានបទល្មើសនេសាទខុសច្បាប់យ៉ាងអាណាធិបតេយ្យនោះ បានប្រញាប់ឲ្យកម្លាំងនគរបាលខេត្តបាត់ដំបង ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបងប្រើប្រាស់កម្លាំងជិត១០០នាក់ ចេញប្រតិបត្តិការទ្រង់ទ្រាយធំបានធ្វើបង្រ្កាប និងដកហូតបានឧបករណ៍នេសាទខុសច្បាប់យ៉ាងច្រើនសន្ធឹកសន្ធាប់ ។
ការបង្រ្កាបបទល្មើសនេសាទខុសច្បាប់នៅក្នុងខេត្តបាត់ដំបង មានរយៈពេលពេញ១ថ្ងៃកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ ធ្វើឡើងនៅក្នុងភូមិសាស្រ្តស្រុកឯកភ្នំ ស្រុកសង្កែ និងស្រុកមោងប្ញស្សី ។
ការបង្រ្កាបនោះកម្លាំងនគរបាលដកហូតបានតែឧបករណ៍នេសាទខុសច្បាប់តែប៉ុណ្ណោះ ចំណែកក្រុមអ្នកនេសាទ ដែលជាមុខសញ្ញាប្រព្រឹត្ត បទល្មើសនេសាទខុសច្បាប់សមត្ថកិច្ចមិនអាចស្វែងរកចាប់ខ្លួនបាននោះទេ ។
សេចក្តីរាយការណ៍ឲ្យដឹងថា តំបន់ ដែលកម្លាំងសមត្ថកិច្ចចុះទៅបង្រ្កាបនោះរួមមាន បឹងព្រះគន្លង, បឹងវែង, បឹងកក់, បឹងខ្មៅមុខ, បឹងបែកផ្លាង, បឹងវាលត្រសក់, បឹងអាសោធ, បឹងអូរតេជៈ, បឹងសំនិត, និងបឹងព្រៀមសោត ។
សមត្ថកិច្ចដកហូតនូវសាច់មងប្រវែង១ម៉ឺន៥រយ៥៥ម៉ែត្រ បង្គោល៦ពាន់១៦ដើម កំទេចចោលជម្រកស្នាក់នៅរបស់ក្រុមអ្នកនេសាទខុសច្បាប់១៦កន្លែង និងដោះលែងកូនត្រីឲ្យមានសេរីភាពឡើងវិញ១ពាន់១រយគីឡូក្រាម ។ ខណៈនោះដែរកម្លាំងសមត្ថកិច្ច ក៏បានធ្វើការដុតកំទេចចោលនូវឧបករណ៍នេសាទខុសច្បាប់ទាំងអស់នោះនៅនឹងកន្លែងផងដែរ ។
សូមបញ្ជាក់ថា នេះជាលើកដំបូងនោះ ហើយសម្រាប់ឆ្នាំ២០១៧ ដែលគេឃើញកម្លាំងនគរបាលខេត្តបាត់ដំបងបើកយុទ្ធនាការទ្រង់ទ្រាយធំចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ ក្រោយពីមានការដាក់បទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបងក្នុងកិច្ចប្រជុំប្រចាំបូកសរបការងារឆមាសទី១ របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីធ្វើការទប់ស្កាត់រាល់សម្មភាព ដែលបង្កឲ្យវិនាសបាត់បង់មច្ចាជាតិ ដែលជនខិលខូចតែងតែលួចធ្វើសកម្មភាពប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់នេសាទត្រីក្នុងតំបន់អភិរក្សពូជត្រីជាដើមនោះ ។
ពាក់ព័ន្ធ និងការនេសាទត្រីខុសច្បាប់នៅខេត្តបាត់ដំបងនោះដែរ កាលពីប៉ុន្មានខែកន្លងទៅនោះ ក៏មានសេចក្តីរាយការណ៍ឲ្យដឹងថាមន្រ្តីជំនាញជលផល និងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនរួម និងអ្នកកាសែតមួយចំនួនតូចផងដែរ បានរងការចោទប្រកាន់ពីក្រុមប្រជានេសាទនៅតំបន់ស្រុកឯកភ្នំ ឃុំកោះជីវាំង ថា បានាំគ្នាទៅគាបសង្កត់ជំរិតទារប្រាក់ពីក្រុមប្រជានេសាទ ដោយប្រជានេសាទទាំងនោះ ក៏បានប្តឹងទៅរដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ឲ្យជួយអន្តរាគមន៍ដោះស្រាយបញ្ហានេះផងដែរ៕ សំ វិច្ឆិកា