ភ្នំពេញ: មកដល់ពេលនេះកម្លាំងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍បឹងទំពុន ខណ្ឌមានជ័យ បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់ បន្ទាប់ពីពួកគេបាន ធ្វើសកម្មភាពឆបោកប្រាក់ចំនួន៥ពាន់ដុល្លារសហរដ្ឋអាមេរិក ពីជនរងគ្រោះម្នាក់នៅខេត្តស្វាយរៀង តាមប្រពន្ធ័វីងវេរលុយ ដោយបញ្ឆោត ជនរងគ្រោះថាត្រូវរង្វាន់រាប់ម៉ឺនដុល្លារពីក្រុមហ៊ុនមួយ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់កាលពីវេលា ម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ នៅ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ដែលក្នុងនោះមានទី១ឈ្មោះ សៀ វែងសៀង ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅភូមិ៨ ត្នោតជ្រុំ២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ជាអ្នកជំនាញបោក ,ទី២ ឈ្មោះ ព្រំ ភានី ភេទស្រី អាយុ១៨ឆ្នាំ មុខរបរនារីខារ៉ាអូខេបឹងត្របែក , ទី៣ឈ្មោះ សេក សុភក្រ័ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរយាមផ្ទះសំណាក់ គី មនោរម្យ ម្តុំវត្តសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជយ័យ ,ទី៤ឈ្មោះ ខេង សុធនៀ អាយុ២១ឆ្នាំ មុខរបរសិស្ស និងទី៥ឈ្មោះ ខិន ភារម្យ អាយុ៣១ឆ្នាំ មុខរបរធ្វើស្រែ មានស្រុកកំណើតនៅភូមិអូតាគាំ ឃុំទួលឯក ស្រុកបាត់ដំបង ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឲ្យដឹងទៀតថាការធ្វើសកម្មភាពរបស់ក្រុមនេះគឺជន ជនសង្ស័យបានប្រើល្បិចទូរស័ព្ទទៅកាន់លេខទូរសព្ទជាច្រើនប្រព័ន្ធដើម្បីរកអតិថិជនដែលខ្លួនងាយបោកបាន។ ខណ:នោះក៏ជួបទំនាក់ទំនងជាមួយជនរងគ្រោះនៅឯខេត្តស្វាយរៀង តាមរយ:លេខទូរស័ព្ទដៃមួយគ្រឿង ដោយពេលនោះឈ្មោះ សៀ វែងសៀងបានប្រាប់ជនរងគ្រោះថា« បងឯងត្រូវរង្វាន់ធំប្រាក់ម៉ឺនដុល្លារពីក្រុមហ៊ុនមួយ» បន្ទាប់មក ឈ្មោះ សៀ វែងសៀង ក៏ឲ្យជនរងគ្រោះវេរលុយតាមវីងចំនួន៧ពាន់ដុល្លារទៅឲ្យរូបគេ ជាថ្នូរនឹងការចាត់ចែងផ្តល់រង្វាន់រាប់ម៉ឺនដុល្លារតែជនរងគ្រោះគ្មានលុយបានផ្ញើឲ្យតែ៥ពាន់ដុល្លារសិនប៉ុណ្ណោះ។
សមត្ថកិច្ចបានបន្តថា ក្រោយប្រគល់លុយ៥០០០ដុល្លារតាមវីងរួចមក ជនរងគ្រោះបានទំនាក់ទំនងទៅឈ្មោះ សៀ វែងសៀង ជាញឹកញាប់ តែទូរស័ព្ទរបស់ឈ្មោះនេះទាក់ទងមិនបាន(បិទ)ទើបជនរងគ្រោះសម្រេចចិត្តប្តឹងសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងចុះទៅ សហការជាមួយនគរបាលប៉ុស្តិ៍បឹងទំពុនឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់ជាបន្តបន្ទាប់ នាព្រឹកថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០១៧ រួចបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងដើម្បីចាត់ការតាមនិតិវិធី ៕ ប្រាថ្នា