ខេត្តកណ្តាលៈ បុរសមានសតិមិនប្រក្រតីម្នាក់បានទាញដែកកេះដុតផ្ទះចោល គ្រាដែលស្ត្រីជាប្រពន្ធមិននៅរវល់ទៅដឹកកូនស្រីចេញពីរោងចក្រកាត់ដេរ ។ ករណីនេះបានកើតឡើង កាលពីវេលាម៉ោង២១ និង១០នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិកណ្តាល ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យដែលដុតផ្ទះចោលនោះឈ្មោះ ហ៊ី ចេក ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ គ្មានមុខរបរ ជាមនុស្សញៀនស្រាលរហូតមានសតិមិនប្រក្រតី រីឯស្ត្រីជាប្រពន្ធឈ្មោះ ខេង ណាច អាយុ៤៤ឆ្នាំ ។ លំនៅឋានដែលត្រូវបានភ្លើងឆេះមានទំហំ៧ម៉ែត្រគុណ៨ម៉ែត្រ ជញ្ជាំងក្តារ ដំបូលប្រក់ស័ង្កសី ។
ប្រភពដដែលបានបន្តថា ជនសង្ស័យជាមនុស្សញៀនស្រាផឹករហូតមានសតិមិនប្រក្រតី លុះមកដល់យប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ ស្ត្រីជាប្រពន្ធមិននៅផ្ទះរវល់ជិះម៉ូតូទៅចាំយកកូនស្រីចេញពីធ្វើការងារនៅក្នុងរោងចក្រកាត់ដេរ ។ ដោយទុកអោយជនសង្ស័យជាប្តីនៅផ្ទះ ខណៈនោះជនសង្ស័យក៏បានយកដែកកេះដុតផ្ទះ បណ្តាលឲ្យឆេះយ៉ាងសន្ធោសន្ធៅរងការខូចខាតទាំងស្រុងតែម្តង ៕ ស្អាងជ័យ