ព័ត៌មានទាន់ហេតុការណ៍៖

តុលាការថៃចេញដីកាចាប់ខ្លួនលោកស្រី យីង ឡាក់ ក្រោយអវត្តមាននៅក្នុងពេលប្រកាសសាលក្រម

ចែករំលែក៖

តុលាការកំពូលរបស់ថៃ បានសម្រេច ចេញដីកាចាប់ខ្លួន លោកស្រី យីង ឡាក់ ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃដោយសារតែលោកស្រីមិនបានបង្ហាញខ្លួននៅ ក្នុងតុលាការ នាថ្ងៃទី២៥ ខែសីហា នេះ ពេលតុលាការប្រកាសសាលក្រមរឿងក្តី របស់លោកស្រី។ តុលាការក៏បានសម្រេចពន្យារពេលប្រកាសសាលក្រមដល់ថ្ងៃទី ២៧ ខែកញ្ញាខាងមុខ។

មេធាវីរបស់លោកស្រី យីង ឡាក់ បានប្រកាសឲ្យតុលាការបានដឹងនៅវេលា ម៉ោង៩ និង៣៧នាទីថា លោកស្រី យីង ឡាក់ មានសុខភាពមិនល្អ មិនអាចចូលមក កាន់តុលាការបានឡើយ។ ចំណែកតុលា ការវិញ បានប្រកាសមិនទទួលយកហេតុ ផលខាងលើដោយគ្មានវេជ្ជបញ្ជាពីគ្រូ ពេទ្យ ថាលោកស្រីពិតជាឈឺមែននោះ។

លោកស្រី យីងឡាក់ ប្រឈមនឹងការចោទប្រកាន់ធ្វេសប្រហែសនៅក្នុងកម្មវិធីជំនួយតម្លៃ ស្រូវ អង្ករ កាលពីឆ្នាំ២០១៤ ពេលលោកស្រីកាន់តំណែងជានាយករដ្ឋមន្ត្រី ធ្វើឲ្យរដ្ឋខាតបង់ទឹកប្រាក់ជាច្រើន។ កាលពីថ្ងៃទី២៤ ខែសីហា លោកស្រី យីង ឡាក់ ក៏បានអំពាវនាវដល់ពលរដ្ឋដែល គាំទ្រលោកស្រី តាមដានស្ថានភាពនៅក្នុងផ្ទះរបស់ខ្លួនទៅមិនចាំបាច់ទៅកាន់តុលាការនៅថ្ងៃទី២៥ ខែសីហានេះឡើយ។

លោកស្រី យីងឡាក់ បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកថា «ខ្ញុំចង់ឲ្យ អ្នកដែលគាំទ្រ មិនចាំបាច់ទៅកាន់តុលា ការឡើយ ដើម្បីបញ្ចៀសហេតុការណ៍ អាក្រក់ដែលអាចកើតឡើង អាចនៅក្នុងផ្ទះ តាមដានក៏បានដែរ»។

គណៈកម្មាធិការការពារសន្តិសុខ សណ្តាប់ធ្នាប់ថៃ NCPO បានប៉ាន់ប្រមាណ ឃើញថា នឹងមានពលរដ្ឋរាប់ពាន់នាក់ទៅកាន់តុលាការ។ កម្លាំងប៉ូលិសជាង ៤.០០០នាក់ បានដាក់ពង្រាយការពារ សន្តិសុខនៅទីតាំងតុលាការ។

លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា អាយុ៥០ឆ្នាំ ត្រូវបានតុលាការកាត់ទោសតំាងពីខែមីនា ឆ្នាំ២០១៥ ដោយចោទ ប្រកាន់ ពីបទធ្វេសប្រហែសនៅក្នុងការដឹកនាំ។ ក្រៅពីការចោទប្រកាន់ខាងលើ នៅមានការចោទប្រកាន់១៥ករណីផ្សេងទៀត ក្នុងនោះមានការផ្តល់ទិដ្ឋាការដល់បង ប្រុស ថាក់ស៊ីន ភៀសខ្លួនទៅក្រៅប្រទេស។

សារព័ត៌មានរ៉យទ័របានផ្សាយថា សាលក្រមរបស់តុលាការចោទប្រកាន់ទោសទៅលើលោកស្រី យីងឡាក់ នឹងធ្វើឲ្យស្ថាន ភាពនយោបាយនៅក្នុងប្រទេសថៃកាន់តែតានតឹង បង្កឲ្យមានការបែកបាក់ក្នុងសង្គមថៃ៕ ម៉ែវ សាធី


ចែករំលែក៖