គេហទំព័រKhaosodរបស់ថៃ នៅថ្ងៃទី២៥ ខែសីហានេះ បានផ្សាយថា អតីតនាយករដ្ឋមន្ត្រី ថៃ លោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា បច្ចុប្បន្នកំពុងនៅក្នុងប្រទេសសិង្ហបុរី។
ព័ត៌មានខាងលើត្រូវបានផ្សព្វផ្សាយ ក្រោយពេលដែលតុលាការ កំពូលថៃ ចេញដីកាចាប់ខ្លួនលោកស្រីយីងឡាក់ ដោយសារតែលោកស្រីមិនទៅកាន់តុលាការដើម្បី ស្តាប់ការប្រកាសសាលក្រម ហើយមេធាវីរបស់លោកស្រីបញ្ជាក់ថា លោកស្រីឈឺមិនអាចមកបាន ។
ក្នុងថ្ងៃជាមួយគ្នានេះដែរ ក្រុមត្រួតពិនិត្យ អ្នកដំណើរចេញ ចូលនៅក្នុងប្រទេសថៃ បញ្ជាក់ថា គ្មានទិន្នន័យ ស្តីពីការ ចាកចេញរបស់ លោកស្រីយីងឡាក់នោះឡើយ។ ក្នុងពេលជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោកPrawitWongsuwonបានបញ្ជាក់ថា ប៉ូលិសនិងតាមចាប់ខ្លួនលោកស្រីយីងឡាក់ តាមដីការបស់តុលាការ ហើយប្រសិនបើ លោកស្រីគេចខ្លួនទៅក្រៅប្រទេសនោះ គឺមានការជួយអន្តរាគមន៍ពី មន្ត្រីដែលមានការពាក់ព័ន្ធនឹងរដ្ឋាភិបាលចាស។
នៅក្នុងព្រិត្តិការណ៍មួយដែលពាក់ព័ន្ធនោះដែរ នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ចាន់អូចារ និយាយទៅកាន់ក្រុមអ្នកសារព័ត៌មានថា «ខ្ញុំទើបតែទទួលបានព័ត៌មានស្តីពីអវត្តមានរបស់លោកស្រីយីងឡាក់ នៅក្នុងតុលាការ ។ ខ្ញុំបានចេញបញ្ជាឲ្យ មន្ត្រីគ្រប់គ្រងតាមច្រកព្រំដែនត្រួតពិនិត្យ ឲ្យបានល្អិតល្អន់» ។
មតិសាធារណៈ បានលើកឡើងថា លោកស្រីយីងឡាក់ អាចចាកចេញពីប្រទេស ដូចអ្វីដែល សារព័ត៌មានបានចុះផ្សាយ ។ នៅពេលនេះ មិនទាន់មានរបាយការណ៍ស្តីពីការ ទៅឆែកឆេរផ្ទះរបស់លោកស្រីនៅឡើយទេ ថា តើលោកស្រីបាត់ខ្លួនចេញពីផ្ទះ ឬយ៉ាងណា។ បើពិតជាមិនឃើញនៅផ្ទះ ឬនៅពេទ្យ ដូចការលើកឡើង គឺពិតជាបានគេចខ្លួនទៅក្រៅប្រទេស។
ក្រុមអ្នកវិភាគលើកឡើងថា រដ្ឋាភិបាលថៃ មិនអនុញ្ញាតិឲ្យត្រកូលស៊ីណាវ៉ាត្រា មាននៅក្នុងឆាក់នយោបាយថៃទៀតឡើយ ដោយសារតែ ការដឹកនាំរបស់ ត្រកូលស៊ីណាវ៉ាត្រា បានធ្វើឲ្យប៉ះពាល់ដល់ក្រុមអភិជននៅក្នុងប្រទេសថៃ ។ ពីមុនមក ថៃដឹកនាំដោយអភិជន មិនផ្តល់ផលប្រយោជន៍ដល់ប្រជាកសិករ អ្នកក្រីក្រនោះឡើយ ។ តាំងពីលោកថាក់ស៊ីន ឡើងកាន់តំណែង រហូតដល់ ជំនន់ប្អូនស្រីគឺលោកស្រីយីងឡាក់ ពលរដ្ឋ នៅតំបន់ជនបទ ស្រែចំការ មានជីវភាពធូរធា ដោយគោលនយោបាយជួយដល់ពលរដ្ឋ ។
ការ ចំណាយប្រាក់ដើម្បីជួយទិញស្រូវអង្កររបស់ពលរដ្ឋ ក្នុងតម្លៃថ្លៃ មិនមែន ជាកំហុសរបស់លោកស្រីយីងឡាក់ឡើយ គឺមុនពេលអនុវត្ត ត្រូវឆ្លងកាត់ការសម្រេចពីរដ្ឋភាជាមុន ។ ទាំងនោះហើយ ជាហេតុដែលលោកស្រីយីងឡាក់មិនព្រមទទួលយក ការចោទប្រកាន់ខាងលើ មិនត្រូវទម្លាក់កំហុសទាំងប៉ុន្មាន មកលើតែលោកស្រីនោះឡើយ៕ ម៉ែវ សាធី