ភ្នំពេញ: រថយន្តម៉ាក ឡិចស៊ីសRX៣០០មួយគ្រឿង ខណៈម្ចាស់កំពុងបើកបរសុខៗ មិនដឹងមានរឿងអីស្រាប់តែក្រឡាប់ផ្អៀងកង់ពីរឡើងលើ កង់ពីរនៅជាប់នឹងថ្នល់ ធ្វើឲ្យអ្នក បើកបររងរបួសធ្ងន់គួរសម ត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ និងចាត់ទុកជានសំណាងដែរដែលពុំមានអ្នកធ្វើដំណើរតាមផ្លូវគ្រោះថ្នាក់ដល់ជីវិត ឬរងរបួសក្នុងឧប្បត្តិហេតុ នេះ។
ឧប្បត្តិហេតុនេះកើតឡើងនៅវេលាម៉ោង១១ និង៤៤នាទីព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលមានឧប្បត្តិហេតុនេះកើតឡើង មានរថយន្តម៉ាក ឡិចស៊ីសRX៣០០ ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ2M-9477 បើកបរដោយបុរសជនជាតិស្បែកខ្មៅ ម្នាក់អាយុជាង៣០ឆ្នាំ បានធ្វើដំណើរតាមផ្លូវជាតិលេខ៥ ពីត្បូងទៅជើង ក្នុងល្បឿនលឿន ។ លុះជិះមកដល់ចំណុច កើតហេតុមិនដឹងរឿងអីស្រាប់តែរថយន្តនេះ ក្រឡាប់ប្រាសខ្លួនផ្អៀងកង់ខាងមុខមួយ ក្រោយ មួយឡើងលើតែម្តង ។ បន្ទាប់មកគេឃើញអ្នកបើកបររថយន្តជាជនជាតិស្បែកខ្មៅម្នាក់បាន លូនចេញពីក្នុងរថយន្តដោយមានឈាមហូរប្រឡាក់ខ្លួន ហើយត្រូវបានប្រជាពលរដ្ឋរស់នៅក្បែរនោះជួយដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមដែរ ។
ក្រោយកើតហេតុ នគរបាលចរាចរទៅដល់ បានវាស់វែងនិងស្ទូចយករថយន្តបង្កដែលរងការខូចខាតបែកកញ្ចក់ខាងមុខខ្ទេច និងក្រពឹតដំបូលស្ទើរទាំងស្រុង ទៅរក្សា ទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយជាមួយ ម្ចាស់រថយន្តពេលក្រោយ ៕ប្រាថ្នា