ខេត្តកំពង់ចាម៖ កាលពីថ្ងៃទី២៥ ខែ សីហា ឆ្នាំ២០១៧ វេលាម៉ោង២រសៀល អធិការដ្ឋាននគរបាលស្រុកកំពង់សៀមបានទទួលបណ្តឹងពីប្រជាពលរដ្ឋ៨នាក់ប្តឹងពី សង្ឃមួយអង្គព្រះនាម សេង សារី ព្រះជន្ម ៣៦ឆ្នាំ ស្នាក់នៅវត្តនគរបាជ័យ ក្នុងករណី ឆបោកប្រាក់យកទៅរត់ការចូលក្របខ័ណ្ឌនគរបាលជាតិឆ្នាំ២០១៧ ។
ក្រោយពីបានទទួលពាក្យបណ្តឹងខាង លើលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តកំពង់ចាមបានបញ្ជាឲ្យលោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរងទទួលផែន ព្រហ្មទណ្ឌដឹកនាំកម្លាំងចុះស្រាវជ្រាវនិងសាកសួរប្រជាពលរដ្ឋទាំង៨នាក់ដែល បានដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ។
ប្រជាពលរដ្ឋទាំងនោះរួមមាន ទី១-ឈ្មោះ ស្រេង ចាន់រី ភេទស្រី អាយុ៤៧ឆ្នាំ រស់នៅភូមិទួល៣ ឃុំរាយប៉ាយ ស្រុកកង មាស អស់ចំនួន៤.៥០០ដុល្លារ, ទី២-ឈ្មោះ ស៊្រាង គង ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិទួល៣ ឃុំរាយប៉ាយ ស្រុកកង មាស អស់ចំនួន៤.៥០០ដុល្លារ, ទី៣-ឈ្មោះ ហាវ យ៉ា ភេទស្រី អាយុ៤៩ឆ្នាំ រស់ នៅភូមិទួល៣ ឃុំរាយប៉ាយ ស្រុកកងមាស អស់ចំនួន៤.៥០០ដុល្លារ, ទី៤-ឈ្មោះ នី មុន្នីរាជ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅ ភូមិអណ្តូងពក ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ អស់ប្រាក់៥.០០០ដុល្លារ, ទី ៥-ឈ្មោះ សុំ សារុំ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិតាមាង ឃុំកោះរកា ស្រុកកំពង់ សៀម អស់ប្រាក់ចំនួន៣.០០០ដុល្លារ ទី ៦-ឈ្មោះ គុយ ខេង ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិប្រាសាទ ឃុំវិហារធំ ស្រុកកំពង់ សៀម អស់ប្រាក់ចំនួន៤.៥០០ដុល្លារ, ទី ៧-ឈ្មោះ ម៉ាន់ សារេត ភេទស្រី អាយុ៤៧ ឆ្នាំ រស់នៅភូមិក្តីបឹង ឃុំវិហារធំ ស្រុកកំពង សៀម អស់ប្រាក់ចំនួន៤.៥០០ដុល្លារ និង ទី៨-ឈ្មោះ សូត្រ មួយនី ភេទស្រី អាយុ៤៤ ឆ្នាំ រស់នៅភូមិគោកគ្រាម ឃុំវិហារធំ ស្រុក កំពងសៀម អស់ប្រាក់ចំនួន៤.៥០០ ដុល្លារ ។
ក្រោយពីសមត្ថកិច្ចសាកសួរដើមបណ្តឹងទាំង៨នាក់រួចមកកម្លាំងជំនាញបាននាំខ្លួនសង្ឃព្រះនាម សេង សារី មកផ្សឹក និងសាក សួរតាមបញ្ជារបស់លោក ហួត វុទ្ធី ព្រះរាជ អាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម ។
តាមចម្លើយរបស់ឈ្មោះ សេង សារី បានឲ្យដឹងថា ខ្លួនពិតជាបានទទួលប្រាក់ពីដើមបណ្តឹងទាំង៨នាក់ខាងលើប្រាកដ មែន។ មិនតែប៉ុណ្ណោះខ្លួនបានទទួលប្រាក់ពីប្រជាពលរដ្ឋផ្សេងទៀតសរុបទាំងអស់ ៣១នាក់សរុបទឹកប្រាក់១២៩.៥០០ដុល្លារ ប្រាក់នេះខ្លួនបានប្រគល់និងវេរឲ្យលោកវរសេនីយ៍ឯក ហែម ចរិយា អនុប្រធានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីរត់ការចូលក្របខ័ណ្ឌនគរបាលជាតិឆ្នាំ២០១៧។ មិនតែប៉ុណ្ណោះខ្លួនបានវេរប្រាក់បន្ថែមជាបន្ត បន្ទាប់ឲ្យទៅឈ្មោះ ហែម ចរិយា សរុប ១៤០.២៦៧ដុល្លារ ៕ ហេង នរិន្ទ្រ