ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនឃាតកវ័យក្មេងម្នាក់ ក្រោយពីចាប់កូនមន្រ្ដីនគរបាលម្នាក់ ជ្រមុជទឹករហូតដល់ស្លាប់

ចែករំលែក៖

ខេត្តសៀមរាប៖ ឃាតក វ័យក្មេង អាយុ ១៣ឆ្នាំម្នាក់ ត្រូវបានសមត្ថកិច្ច នគរបាល ខេត្តសៀមរាប ឃាត់ខ្លួនពីបទ ធ្វើសកម្មភាព ចាប់កូនមន្រ្ដីនគរបាលខេត្តសៀមរាបម្នាក់ អាយុ៤ឆ្នាំជ្រមុជទឹកបណ្ដាលឲ្យស្លាប់ យ៉ាងអាណោអាធ័ម ។ ហេតុការណ៍ ឃាត់ខ្លួនបានធ្វើឡើងនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ នៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា​ កាលពីវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ ឃាតកវ័យក្មេង ឈ្មោះ យ៉ិក ស្នា នៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប បានចាប់ក្មេងប្រុសច្រមុជទឹករហូតដល់ស្លាប់ស្ថិតនៅ ចំណុចផ្លូវ១៥ម៉ែត្រ នៅក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ។ ក្មេងរងគ្រោះ ឈ្មោះស៊ត់ ភារិទ្ធ អាយុ៤ឆ្នាំ ត្រូវជាកូន របស់ឈ្មោះស៊ត់ សៃ នាយប៉ុស្ដិ៍នគរបាល សង្កាត់ជ្រាវ។

ក្រោយកើតហេតុ សមត្ថកិច្ច ស្រាវជ្រាវ ហើយបាននាំជនសង្ស័យមកសាកសួរ ដោយជនសង្ស័យ បានសារភាពថា នៅថ្ងៃកើតហេតុ ខ្លួនបានជិះម៉ូតូទៅធ្វើសោ ពេលត្រឡប់មកវិញខ្លួនបានជិះម៉ូតូទៅលាងនៅទឹកបណ្តោយផ្លូវ ពេលកំពុងលាងម៉ូតូ ស្រាប់តែឃើញក្មេងប្រុស មិនស្គាល់ឈ្មោះ បានដើរមកលេងទឹកក្រឡុកដែលខ្លួនកំពុងលាងម៉ូតូ ហើយក៏ប្រលែងគ្នាលេង ពេលនោះក្មេងប្រុសនោះ បានឡើងជិះលើខ្នងខ្លួនធ្វើ ឲ្យជ្រមុជទឹក ហើយខ្លួនក៏ខឹងស្ទុះក្រោកឈរ និងរុញស្មាក្មេងនោះឲ្យ ដួលផ្កាប់មុខទៅក្នុងទឹក ហើយចាប់ជ្រមុជក្បាលទៅក្នុងទឹកប្រហែល ២-៣នាទី ទើបខ្លួនក្រោកមកយកម៉ូតូ ជិះចេញទៅ​។

ជុំវិញករណីនេះ លោកវរសេនីយ៍ឯកទិត្យ ណារ៉ុង ស្នងការនគរបាល ខេត្តសៀមរាប បានប្រាប់ ក្នុងកិច្ចសម្ភាសតាមទូស័ព្ទថា សមត្ថកិច្ច បានឃាត់ខ្លួន ជនសង្ស័យខាងលើ ប្រាកដមែន ប៉ុន្តែមិនបញ្ជូនជនសង្ស័យ ទៅតុលាការនោះទេ គ្រាន់តែបញ្ជូន សំណុំរឿងប៉ុណ្ណោះ ដោយសារជនសង្ស័យ នៅជាអនីតិជននៅឡើយ៕ ប៊ុនរិទ្ធី


ចែករំលែក៖