ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ត្រូវប្រជាពលរដ្ឋចាប់វាយស្ទើរស្លាប់ សល់តែដង្ហើមចង្រិត ក្រោយលួចកាច់សោកម៉ូតូមិនបានសម្រេច

ចែករំលែក៖

 

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ ត្រូវប្រជាពលរដ្ឋចាប់វាយស្ទើរស្លាប់ សល់តែដង្ហើមចង្រិត របួសធ្ងន់ ខណៈរូបគេបានធ្វើសកម្មភាពលួចកាច់សោកម៉ូតូគេ ហើយម្ចាស់ឃើញទាន់។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០១៧នៅតាមបណ្តោយផ្លូវ១៩៨៦ ក្នុងភូមិ ទំនប់ សង្កាត់ ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានី ភ្នំពេញ។

ជនរងគ្រោះមាន ឈ្មោះ សុន រតនា ភេទស្រី អាយុ២០ឆ្នាំ មុខរបរបុគ្គលិកហាងលក់បន្លែសួនធម្មជាតិ ស្នាក់នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ និងមានស្រុកកំណើត ភូមិ សង្កាត់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ចំណែកជនសង្ស័យមានឈ្មោះ កែវ សុខឃួន (ហៅធី) ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងល្វា សង្កាត់ការកាប ខណ្ឌពោធិ៍សែនជ័យ។

ប្រភពពីនារីរងគ្រោះបាន ឲ្យដឹថា នៅមុនពេលកើតហេតុ នាងបានជិះម៉ូតូ១គ្រឿង ម៉ាកហ្ស៊ុយសាគីនិច ពណ៌ត្រួយចេក សេរីឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ 1BQ8286 ចេញពីផ្ទះដើម្បីមកធ្វើការដូចសព្វដង នៅចំណុចខាងលើ ពេលមកដល់ នាងបានចតម៉ូតូនៅមុខកន្លែងធ្វើការ ហើយដើរចូលទៅក្នងមួយសន្ទុះក្រោយមក ស្រាប់តែមានក្រុមជនសង្ស័័យ២នាក់បានជិះម៉ូតូ១គ្រឿង មិនចាំម៉ាកបានមកធ្វើសកម្មភាពកាច់សោកម៉ូតូរបស់នាង ពេលនោះបានអ៊ុំប្រុសដែលជាម្ចាស់ហាងឃើញទាន់ ក៏ស្ទុះចេញមកស្រែកថា ចោរៗធ្វើ ឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរនោះចេញមកជួយចាប់បានជនសង្ស័យម្នាក់វាយឡើងទ្រមខ្លួន ទើបប្រគល់ ឲ្យសមត្ថកិច្ច។ ចំណែកបក្ខពួកចោរម្នាក់ទៀតបានរត់គេចខ្លួនបាត់។

ក្រោយកើតហេតុ មាននគរបាលប៉ុស្តិ៍ភ្នំពេញថ្មីចុះមកដល់ និងឃាត់ខ្លួនជនសង្ស័យតែម្តង ប៉ុន្តែដោយសារជនសង្ស័យមានរបួសធ្ងន់ ក៏បញ្ជួនទៅព្យាបាលនៅមន្ទីរពេទ្យឯកជន។

ក្រោយពីព្យាបាលរួច ក៏បញ្ជួនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខវិញ ដើម្បីកសាងសំណុរឿងបញ្ជួនទៅតុលាកាចាត់ការបន្តតាមនីតិវិធី។ ចំណែកម៉ូតូសមត្ថកិច្ចបានប្រគល់ ឲ្យទៅជនរងគ្រោះវិញ៕ តុង សីហា


ចែករំលែក៖