ខេត្តពោធិ៍សាត់៖ កុមារាម្នាក់បានស្លាប់បាត់ជីវិតយ៉ាងអាណោចអាធ័ម និងម្នាក់ទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារឆួលចំហាយប្រេងសាំង ខណៈដែលកុមារារងគ្រោះទាំង ២នាក់ ម្នាក់មួលគម្របស៊ីទែនប្រេងសាំងបម្រុងបូម និងម្នាក់ទៀតឈរមើល។
ហេតុការណ៍ដកម្រខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣ និង២០នាទីរសៀល ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ នៅផ្ទះផែបណ្ដែតលើផ្ទៃបឹងទន្លេសាប ត្រង់ចំណុចផ្ទះរបស់ឈ្មោះ លី ផេងគង់ ហៅលែ ភេទប្រុស អាយុ ៦៤ឆ្នាំ ជនជាតិវៀមណាម ស្នាក់នៅភូមិ ៥ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក វរសេនីយ៍ត្រី ឯម រុន អធិការនគរបាលនៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា កុមារារងគ្រោះ(ស្លាប់)ទី១ ឈ្មោះ ផុង យាំងលឹម អាយុ ៦ឆ្នាំ ជនជាតិវៀមណាម ត្រូវជាចៅម្ចាស់ផ្ទះកើតហេតុ និងទី២(របស់ធ្ងន់)ឈ្មោះ ង្វៀង យាំងប៊ែ ភេទប្រុស អាយុ ១២ឆ្នាំ ជនជាតិវៀមណាម ត្រូវជាចៅ។
លោក វរសេនីយ៍ត្រី ឯម រុន អធិការនៃអធិការដ្ឋាននគរបាលស្រុកបន្តថា កុមារារងរបួសជាអ្នកមួលគម្របស៊ីទែនប្រេងសាំង ដើម្បីក្នុងគោលបំណងបូមប្រេងសាំង ប៉ុន្តែជាអកុសល់មិនដឹងជាយ៉ាងម៉េច ស្រាប់តែក្មេងៗរងគ្រោះ ដួលសន្លប់ និងបានដាច់ខ្យល់ស្លាប់កុមារាតូចម្នាក់ដែលកំពុងឈរមើល ដែលករណីនេះគេសង្ស័យបណ្ដាលមកពីឆួលប្រេងសាំងតែម្តង។
លោក វរសេនីយ៍ត្រី អធិការនៃអធិការដ្ឋាននគរបាលស្រុកបន្តទៀតថា ក្រោយកើតហេតុសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធបានសហការគ្នា ចុះដល់កន្លែងកើតហេតុដើម្បីស្រាវជ្រាវត្រឹមត្រូវ ទើបធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕ ប៉ឹម ពិន