ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋនៅខេត្តប៉ៃលិនមួយចំនួននាំគ្នាទៅជីកអាចម៍ដីរ៉ែត្បូងដែលសេសសល់ពីការជីកកកាយរបស់ឈ្មួញថៃ

ចែករំលែក៖

ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋក្មេងចាស់ ប្រុសស្រី ជាច្រើននាក់ នៅខេត្តប៉ៃលិនបាននាំគ្នាយកដែកស្បែងទៅជីកកកាយដីភ្នំ មួយកន្លែង ដែលសេសសល់តាំងពីសម័យ សង្គ្រាមមកម៉្លេះ ស្ថិតនៅអូរតង ក្នុងភូមិទឹក ចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។

ក្រោយពីពួកគាត់ជីកកកាយរួចក៏យកមកច្រកការុង ដឹកតាមម៉ូតូ យកទៅអង្គុយរែងនៅក្នុងទឹកស្រះក្បែរនោះ ដោយអ្នកខ្លះ ប៉ះចំកម្ទេចត្បូងល្អ (ត្បូងទទឹម) ពណ៌ ក្រហម លក់បានប្រាក់យកទៅទិញម្ហូប អាហារ សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ក្រោយពីការងារដាំដុះពោតដំឡូង កម្ទេច ចៀសវាងទៅធ្វើការងារចំណាកស្រុក ។ ការ ជីកកាយវែងរករ៉ែនេះពួកគាត់សប្បាយរីក រាយនឹងបន្តរុករកថែមទៀត ។

គួរបញ្ជាក់ថា ប្រជាពលរដ្ឋដែលជីក កកាយដីរែងរកត្បូងនេះ គឺជាដីភ្នំជិត អូរតង ដែលជនជាតិថៃយកគ្រឿងចក្រទៅ ជីកកកាយដីរ៉ែងយកត្បូងដឹកទៅស្រុកថៃអស់ កាលពីសម័យសង្គ្រាម លុះឃើញនៅសេសសល់តិចតួចតាមថ្មនិងអាចម៍ដី ទើបពួកគាត់នាំគ្នាទៅអង្គុយជីកកកាយរកកម្ទេចរ៉ែត្បូងបានតិចតួច ។

ប្រភពព័ត៌មានបានឱ្យដឹងថា អស់រយ: ពេលជាច្រើនថ្ងៃកន្លងមកហើយគេសង្កេត ឃើញប្រជាពលរដ្ឋរស់នៅតាមភូមិជា ច្រើន ដែលទំនេរពីការងារស្រែចម្ការបាន​ នាំគ្នាយកដែកស្បែង កាំបិត និងចបជីក ទៅអង្គុយជីកកកាយអាចម៍ដីដែលសេស សល់តិចតួច ពីជនជាតិថៃជីកកកាយ កាលពីសម័យសង្គ្រាម ដោយគ្រួសារខ្លះ បានវេចបាយកញ្ចប់ដាក់ថង់ អ្នកខ្លះទៀត ដាក់ធុង យកទៅអង្គុយហូបជួបជុំគ្រួសារ ហើយនាំគ្នាខិតខំប្រឹងប្រែងជីកដី តាំងពី ព្រឹករហូតដល់ពេលល្ងាចទើបត្រឡប់មកផ្ទះវិញ ក៏បានកម្ទេចត្បូងលក់ឱ្យឈ្មួញ បានប្រាក់ទិញម្ហូបអាហារផ្គត់ផ្គង់ជីវភាព គ្រួសារ ។

បើតាមការរៀបរាប់ពីបុរសម្នាក់ ឈ្មោះ សូ គុម្ព អាយុ៦៥ឆ្នាំ និង បុរសម្នាក់ទៀត ឈ្មោះ ផាត អាយុ៤៥ឆ្នាំ រស់នៅភូមិទឹក ចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ បាន ឱ្យដឹងថា ។

ពួកគាត់១០នាក់ជាង បានបបួលគ្នាទៅជីកកកាយដីត្រង់ចំណុចខាងលើ រួច ច្រកការ៉ុងដឹកតាមម៉ូតូយកទៅរែងក្នុង ស្រះទឹកមួយចម្ងាយប្រហែល១០០ម៉ែត្រ ពីរណ្តៅត្បូង ហើយក៏មានអ្នកខ្លះរែងបាន កម្ទេចត្បូងលក់ឱ្យឈ្មួញចាប់ពី១០ម៉ឺនរៀលរហូតដល់១ទៅ២លានរៀលផងដែរ ។

ពួកគាត់បន្តទៀតថា លុះក្រោយមកក៏ ល្បីតៗគ្នា ទើបមានមនុស្សក្មេងចាស់មួយ ចំនួនបានទៅអង្គុយជីកកកាយយកទៅ រែងបន្តបន្ទាប់ថែមទៀតដោយអ្នកខ្លះ​អត់បានអ្វីនឹងគេ ក៏បោះបង់ចោលលែង មកទៀត ។ ចំណែកអ្នកខ្លះបានតិចតួចៗ រាល់ថ្ងៃក៏តស៊ូមិនហ៊ានឈប់សម្រាក នោះទេ ។

ពួកគាត់បញ្ជាក់ថា ត្រង់កន្លែងខាង លើនេះ កាលពីមុនមានរ៉ែត្បូងច្រើនណាស់ បើសិនជាខ្មែរយើងជីកកកាយរែងនឹងដៃ រយ:ពេល១០០ឆ្នាំទៅមុខទៀតក៏មិនអស់ដែរ ប៉ុន្តែជាអកុសលកាលពីសម័យសង្គ្រាមជនជាតិថៃបានចូលមកជីកកកាយត្រង់ កន្លែងនោះចំនួន២ទៅ៣សាទើបធ្វើឱ្យ ក្លាយទៅជារណ្តៅជ្រៅ ហើយគេជីកយក រ៉ែត្បូងធំៗអស់ទៅហើយ ៕ ស សារ៉េត


ចែករំលែក៖