ភ្នំពេញ៖ បុរសម្នាក់ ដែលធ្វើសកម្មភាពដុតផ្ទះខ្លួនឯងនោះ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៧ ដែលស្ថិតនៅចំណុចផ្ទះលេខ៤៦៤ ផ្លូវលំ ក្រុម៤ ភូមិគង្គាផុស សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ញ៉ៅ លីគី ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខ៤៦៤ ផ្លូវលំ ក្រុម៤ ភូមិគង្គាផុស សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ។ ចំណែកឯជនរងគ្រោះមានឈ្មោះ ញ៉ៅ គឹមសាន្ត ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅផ្ទះកើតហេតុខាងលើ។
សមត្ថកិច្ចបានប្រាប់អោយដឹងថា នៅយប់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ១រំលងអធ្រាត្រ មានឈ្មោះ ឌិន រស្មី ភេទប្រុស អាយុ ៤៩ឆ្នាំ ទើបមកពីលក់ក្រណាត់ជូនភ្ញៀវ ហើយក៏បានដើរមកអង្គុយនៅមុខផ្ទះ ជិតផ្ទះជនសង្ស័យខាងលើ ខណៈកំពុងតែអង្គុយនោះ ស្រាប់តែបានឃើញអណ្តាតភ្លើងឆាបឆេះក្នុងផ្ទះរបស់ជនសង្ស័យ ភ្លាមៗនោះ រូបគាត់ក៏បានស្រែកផ្អើលឆោឡោថា មានភ្លើងឆេះផ្ទះ ក៏ផ្អើលដល់ម្ចាស់ផ្ទះឈ្មោះ ញ៉ៅ គឹមសាន្ត បានចុះមកពីលើផ្ទះជាន់ទី១ មកចាក់សោរទ្វាររបងផ្ទះអោយប្រជាពលរដ្ឋចូលមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់។ ក្រោយពីប្រជាពលរដ្ឋបាននាំគ្នាជួយអន្តរាគមន៍រួចមក ភ្លើងដែលឆាបឆេះនោះបានរលត់វិញ។
ចំណែកឯជនសង្ស័យឈ្មោះ ញ៉ៅ លីគី បានរត់ឡើងទៅលើដំបូងផ្ទះព្យាយាមរត់គេចខ្លួន តែត្រូវបានបងប្អូនប្រជាពលរដ្ឋចោមរោមដេញចាប់បានជនសង្ស័យខាងលើ និងដកហូតបានដែកកេះ មួយធ្វើសកម្មភាពដុតផ្ទះ ហើយប្រជាពលរដ្ឋបាននាំគ្នាទូរស័ព្ទមកប្តឹងសមត្ថកិច្ចមូលដ្ឋាន។
ក្រោយពេលដែលសមត្ថកិច្ចបានទទួលដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចយើងបានចុះទៅដល់កន្លែងកើតហេតុឃើញមានស្នាមដុតផ្ទះពិតប្រាកដមែន ហើយសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យខាងលើមកកាន់ប៉ុស្តិ៍នគរបាលទួលសង្កែ ដើម្បីសាកសួរ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងសំណុំ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមច្បាប់៕ អរុណរះ