ភ្នំពេញ៖ ឃ្លាំងដាក់កន្ទក់កសិកដ្ឋានចិញ្ចឹមត្រីមួយកន្លែង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង រួមទាំងកន្ទក់សម្រាប់កែច្នៃជាចំណីត្រីចំនួន៧០តោនទៀតក៏ត្រូវភ្លើងឆេះអស់ផងដែរ។
អគ្គីភ័យនេះបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីម៉ោង៣រំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ នៅភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
លោក អនុសេនីយ៍ឯក ញាណ នន នាយប៉ុស្ត៍នគរបាលរដ្ឋបាល សង្កាត់ឃ្មួញខណ្ឌសែនសុខ បានឲ្យដឹងថា អគ្គីភ័យនេះកើតឡើងដោយសារ ម្ចាស់ភ្លេចពន្លត់ឡចំអិនចំណីត្រី។
លោក ស៊ាន់ លន់ អាយុ៦០ឆ្នាំ ជាម្ចាស់កសិដ្ឋាននេះបានប្រាប់សមត្ថកិច្ចមូលដ្ឋានថា អគ្គីភ័យនេះបង្កឡើងដោយសារកំទេចភ្លើងដែលបន្សល់នៅក្នុងឡរចំអិនចំណីត្រី មិនបានពន្លត់ឲ្យអស់។
លោកបានបញ្ជាក់ថាមហន្តរាយនេះបានបំផ្លាញរោង ឃ្លាំងរក្សាទុកកន្ទក់សម្រាប់លាយកែច្នៃជាចំណីត្រីចំនួន១ខ្នងទំហំ១០ម៉ែត្រគុណនិង១៥ម៉ែត្រ ប្រក់សង្កសី និងឆេះកន្ទក់សម្រាប់កែច្នៃធ្វើចំណីត្រីអស់ចំនួន៧០តោន រួមទាំងម៉ូតូ ១គ្រឿង ។
ប៉ូលិសនិយាយថា បានប្រើប្រាស់រថយន្តសម្រាប់ពន្លត់អគ្គីភ័យបាញ់ពន្លត់អស់ចំនួន៥ឡាន ពន្លត់បានជោគជ័យនៅម៉ោងង៦ព្រឹក ប្រើពេលអស់៣ម៉ោង៕ តុង សីហា