ខេត្តសៀមរាប៖ នៅក្នុងក្រុងសៀមរាប រយៈពេល៣ថ្ងៃចុងសប្តាហ៍កន្លងមកនេះ គំនរសំរាមរង់ចាំការដឹកជញ្ជូនចេញទៅកាន់ទីលានចាក់សំរាម ត្រូវបានកកស្ទះពេញក្រុង ដោយសារតែមានប្រជាពលរដ្ឋប្រមាណជា៣០០នាក់ បិទផ្លូវច្រកចូល រារាំងមិនឲ្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន ហ្គា.អ៊ី.យ៉ា ភីអិលស៊ី(GAEA Plc)ចូលទៅកាន់ទីលានចាក់សំរាមនោះទេ ។
ប្រជាពលរដ្ឋទាំងនោះ មកពីភូមិអន្លង់ពីរ និងភូមិភ្នំដី នៃឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ហើយទីលានចាក់សំរាមនោះ ស្ថិតនៅចន្លោះភូមិទាំង២នេះ ក្នុងទំហំផ្ទៃដីប្រមាណជិត ៣ ហិចតា ។
លោកស្រី ក្លែរ ប្រូម៉េ នាយិកាក្រុមហ៊ុនប្រមូលសំរាម ហ្គា.អ៊ី.យ៉ា បានបកស្រាយអំពីការតវ៉ាបិទផ្លូវរថយន្តមិនអោយដឹកជញ្ជូនសំរាមនេះបានបញ្ជាក់ថា ប្រជាពលរដ្ឋទាំងនោះ គឺជាអ្នករើសសំរាមនៅទីនោះ យូរឆ្នាំមកហើយ ពួកគាត់បានបិទផ្លូវចូលទៅកាន់ទីលានចាក់សំរាមនោះ តាំងពីថ្ងៃទី២៩ ខែសីហា កន្លងទៅនេះ ដែលធ្វើឲ្យប៉ះពាល់ដល់ការប្រមូល និងដឹកជញ្ជូនសំរាមនៅក្នុងក្រុងសៀមរាប ។ លោកស្រីបញ្ជាក់ពីមូលហេតុដែលនាំឲ្យមានបញ្ហាបិទផ្លូវនេះ គឺដោយសារតែក្រុមហ៊ុន ហាមឃាត់ និង បញ្ឈប់ពួកគាត់មិនឲ្យរើសសំរាមបន្តទៀត ។
លោកស្រី បានបញ្ជាក់បន្ថែមថា ក្រុមហ៊ុន ហ្កា.អ៊ី.យ៉ា បានវិនិយោគនៅក្នុងគម្រោង ដើម្បីអភិវឌ្ឍទីលានចាក់សំរាមសុវត្ថិភាព ដែលគោរពដល់បរិស្ថាន បទដ្ឋានសុខភាព សុវត្ថិភាព ដើម្បីជាគុណប្រយោជន៍ដល់សហគមន៍ ។ គម្រោងរបស់ក្រុមហ៊ុន ត្រូវបានឆ្លងកាត់ការសិក្សាវាយតម្លៃ ពីផលប៉ះពាល់បរិស្ថាន និងសង្គម (EIA) ហើយអនុលោមតាមអនុសាសន៍ណែនាំរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ។ នៅក្នុងគម្រោងនោះ ក៏មានការហាមឃាត់មិនឲ្យអ្នកដទៃចូលទីលានចាក់សំរាម គឺជាគោលការណ៍នៃបទដ្ឋានសុខភាព និង សុវត្ថិភាពនៅក្នុងទីលាន ។
លោក ស្រី បង្ហាញគោលការណ៍ដំណោះស្រាយរបស់ក្រុមហ៊ុន យ៉ាងដូច្នេះថា កាលពីអំឡុងខែកក្កដា ឆ្នាំ២០១៦ ( ឆ្នាំមុន ) ក្រុមហ៊ុនបានជូនដំណឹងជាផ្លូវការដល់អ្នករើសសម្រោម ដែលកាលណោះមានគ្នាប្រមាណតែ ១០០នាក់ អំពីការហាមឃាត់ចូលទីលានដែលជាកម្មសិទ្ធិឯកជនរបស់ក្រុមហ៊ុន ហើយក្រុមហ៊ុនបានផ្ដល់ឱកាសឲ្យពួកគាត់ចូលនៅក្នុងក្រុមហ៊ុន ដោយផ្តល់ប្រាក់ខែ ចាប់ពី១២០ទៅ១៦០ដុល្លារអាមេរិក នឹងក្រុមហ៊ុនទទួលបន្ទុកផ្ដល់អាហារហូបចុក ការស្នាក់ នៅ និងការធ្វើដំណើរ ទៀតផង ប៉ុន្តែគោលការណ៍នេះ ត្រូវបរាជ័យ រហូតដល់ពេលនេះ ។
លោក ភូ សំអាត អភិបាលស្រុកប្រាសាទបាគង បង្ហាញហេតុផលនេះ ក្រោយពេលដែលធ្វើសំណូមពរឲ្យ ក្រុមហ៊ុនហ្កា.អ៊ី.យ៉ា ចាក់បើកសោររបងនៅទីតាំងចាក់សំរាមមិនបានសម្រេច ក៏ត្រូវបានអាជ្ញាធរខេត្ត សុំឲ្យ កម្លាំងសមត្ថកិច្ច អាជ្ញាធរស្រុក និង ប្រជាពលរដ្ឋ វាយសោរបើកឲ្យប្រជាពរដ្ឋចូលរើសកាកសំណល់នៅក្នុង គំនរសំរាម ហើយប្រជាពលរដ្ឋក៏ត្រូវតែបើកផ្លូវឡើងវិញ ឲ្យរថយន្តដឹកជញ្ជូនសំរាមរបស់ក្រុមហ៊ុនចូលចាក់ ដើមី្ប កុំឲ្យខុសពីអាជ្ញាធរ និង ប្រជាពលរដ្ឋ ហើយបើសំរាមក្នុងក្រុងមានការកកស្ទះ គ្មានរថយន្តដឹកជញ្ជូន នោះគឺជាបញ្ហា របស់ក្រុមហ៊ុន ។
លោកបានបន្តទៀតថា កន្លងមកក្រុមហ៊ុន ក៏បានផ្សព្វផ្សាយដល់ពួកគាត់ផងដែរ ដោយឲ្យ បងប្អូនអ្នករើសសំរាមទីនេះ ឲ្យមានការងារធ្វើក្នុងការងារប្រមូលសំរាម តែបងប្អូនប្រជាពលរដ្ឋលើកឡើងថា កាលណាពួកគាត់ទទួលប្រាក់ខែពីគេ ត្រូវបំពេញការងារឲ្យគេពេញម៉ោង ដែលធ្វើឲ្យប៉ះពាល់នូវផលមុខរបរពួកគាត់ នៅតាមផ្ទះ សំខាន់ការងារបង្កបង្កើនផល និង ការចិញ្ចឹមសត្វ ។
ម៉្យាងទៀតការរើសសំរាមនេះ ជាការងាររួមផ្សំ ក្រៅ ពីការងារបង្កបង្កើនផល ហើយគោលការណ៍របស់ពួកគាត់ គឺពេលទំនេរទៅរើស ដែលធ្វើឲ្យពួកគាត់មិនអាចទទួល បានទៅតាមគោលការណ៍របស់ក្រុមហ៊ុនឡើយ ។
តាមការបញ្ជាក់របស់តំណាងក្រុមប្រជាពលរដ្ឋអ្នករើសសំរាម ដែលបិទផ្លូវរារាំងការដឹកជញ្ជូនសំរាមនោះ បានបង្ហាញអំពីការទាមទារបស់ខ្លួន ដោយបានលើកពីមូលហេតុមួយចំនួន គឺមិនអាចទទួលយកនូវគោលការណ៍ របស់ក្រុមហ៊ុនហ្កា.អ៊ី.យ៉ា ពីព្រោះការងាររើសសំរាមនេះ ជាការងារបន្ទាប់បន្សំរបស់ពួកគាត់ក្រៅពីការងារបង្កបង្កើន ផល ការងារផ្ទះរបស់ពួកគាត់ ។ ចំពោះបញ្ហាពីផលប៉ះពាល់សុខភាព និង គ្រោះថ្នាក់ផ្សេងៗកើតឡើងនោះ ពួកគាត់ ជាអ្នកទទួលខុសត្រូវ ដោយមិនដាក់បន្ទុកទៅក្រុមហ៊ុនឡើយ ។
នៅរសៀលថ្ងៃដដែលនោះ តាមរយៈនៃការឆ្លើយឆ្លងតាមទូរស័ព្ទ ជាមួយលោក លី សំរិទ្ធ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ដូចអ្វីដែលលោក ភូ សំអាត បានលើកឡើងពីខាងដើម ។ ក្នុងនោះ អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប សង្កត់ធ្ងន់ថា ដំណោះស្រាយត្រូវបានថ្លឹងថ្លែងទម្ងន់នៃផលវិបាក ទីក្រុងទេសចរ វប្បធម៌ប្រវត្តិសាស្រ្តនៃកម្ពុជា មិនអាចផ្តល់ឲ្យបញ្ហាគំនរសំរាម បំផ្លិចបំផ្លាញបរិស្ថាន អនាម័យ ជះឥទ្ធិពលមិនល្អដល់អារម្មណ៍ភ្ញៀវនោះបានឡើយ ព្រោះថាក្នុង១ថ្ងៃ សំរាមដែលត្រូវដឹកជញ្ជូនចេញពីក្រុងសៀមរាប ក្នុងបរិមាណប្រហែលជា ២៧០ តោន ។
លោកក៏បញ្ជាក់ថា បើទោះជាបញ្ហានេះនៅមានសេសសល់ សម្រាប់ការសម្របសម្រួលគ្នាបន្តទៀតក៏ដោយសិទ្ធិអ្នករើសសំរាមត្រូវបានអនុវត្តដូចធម្មតាសិន ដើម្បីបានក្រុមហ៊ុនហ្គា.អ៊ី.យ៉ា ប្រមូលដឹកជញ្ជូនសំរាមសំអាតក្រុង ដឹកជញ្ជូនសំរាមចេញពីទីក្រុង ធានាអនាម័យ បរិស្ថាន និង សោភ័ណភាពដូចមុន ៕ ប៊ុន រិទ្ធី