ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដម៉ាក​ហាយឡេនឌ័របុករថយន្ដម៉ាក​ប៉ា​ជេ​រ៉ូ​ខ្ទាត​ទៅបុកបង្គោលភ្លើងបណ្ដោយឲ្យខូចខាតមួយកំណាត់មុខទៅលែងរួច

ចែករំលែក៖

 

ភ្នំពេញ៖ រថយន្ដ២គ្រឿងបើកបុកគ្នាត្រង់ផ្លូវ​បំបែកជាបួន បណ្ដាលឲ្យរថយន្ដម៉ាក​ប៉ា​ជេ​រ៉ូ​ខ្ទាត​ទៅបុកបង្គោលភ្លើងខូចខាតមួយកំណាត់មុខ​ ហើយ​រថយន្ដបង្កបើករត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្លូវ១៩៩ កែងនឹង៣២៨ ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ម្ចាស់រថយន្ដបុកបង្គោលភ្លើងមានឈ្មោះ ប៉ោ បូរ៉ាវ៉ាត់ អាយុ៤០ឆ្នាំស្នាក់នៅជិត​ផ្សារពោធិ៍​ចិន​តុង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ដមួយគ្រឿងម៉ាក ប៉ាជេ​រ៉ូ​ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ 2W. 4671 ធ្វើ​ដំណើរ​តាមបណ្ដោយផ្លូវ១៩៩ក្នុង​ទិសដៅពីជើងទៅត្បូងមកដល់ផ្លូវលេខ៣២៨ ស្រាប់តែមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្ដម៉ាក​ហាយឡេនឌ័រ​មិនចាំស្លាកលេខ បានបុកពីក្រោយរថយន្ត​ប៉ាជេរ៉ូពេញមួយទំហឹងបណ្ដាលឲ្យរថយន្ដខ្ទាត​ទៅបុកបង្គោលភ្លើងរងការខូចខាតផ្នែកខាងមុខទៅមុខលែងរួច ដោយឡែករថយន្ដម៉ាក​ហាយឡេនឌ័រ​មិនចាំស្លាកលេខបានបើករត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពេលកើតហេតុ​នគរបាល​ជំនាញចរចរាណ៍ផ្លូវគោកបានមកវាស់វែង និងអូសរថយន្ដទៅរក្សា​ទុក​នៅចរចរាណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីដោះស្រាយ នៅ​ពេលក្រោយ ដោយបង្គោលភ្លើងជាសម្បត្ដិរបស់រដ្ឋ ៕ ស រស្មី


ចែករំលែក៖