ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរជាតិអប្សរាដាំដើមគគីរ១៨០០ដើមនៅច្រកចូលខាងកើតឆៀងខាងត្បូងក្នុងបរិវេណប្រាសាទតាព្រហ្ម

ចែករំលែក៖

ខេត្តសៀមរាប៖ ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកនៃអាជ្ញាធរជាតិអប្សរា បានប្រារព្ធពិធីដាំកូនឈើមិត្តភាព ដើម្បីរក្សាទេសភាពវប្បធម៌ធម្មជាតិនៅច្រកចូលខាងកើតឆៀងខាងត្បូងក្នុងបរិវេណប្រាសាទតាព្រហ្មចំនួន១៨០០ដើម។

ពិធីនេះអញ្ជើញចូលរួមផងដែរពីសំណាក់លោក ត័ន ប៊ុនស៊ុយ អគ្គនាយករងតំណាងលោកបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំនៃនាយកដ្ឋាននីមួយៗ មន្ត្រី បុគ្គលិក ឆ្មាំ កម្មករ រួមទាំងនិស្សិតជប៉ុន សរុបប្រមាណជាង៤០០នាក់។

លោក និន ចាន់សាមៀន ប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌និងបរិស្ថាន បានលើកឡើងថា ព្រៃឈើគឺមានសារៈសំខាន់ណាស់សម្រាប់ភាពគង់វង្សរបស់ប្រាសាទក្នុងតំបន់អង្គរ ព្រោះវាជារបាំងការពារខ្យល់យ៉ាងរឹងមាំ រក្សាសំណើមដល់ថ្មប្រាសាទមិនងាយធ្វើឲ្យថ្មរបេះឬសឹករិចរិល ទប់ទល់ការហូរច្រោះដី រក្សាទឹកក្រោមដីមិនឲ្យប្រាសាទស្រុត និងជាគម្របបៃតងលម្អជុំវិញប្រាសាទឲ្យមានទេសភាពស្រស់ត្រកាលគួរជាទីគយគន់។

លោកប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថានបន្តទៀតថា ការដាំដើមឈើជាការងារប្រចាំថ្ងៃរបស់នាយកដ្ឋាន ហើយជារៀងរាល់ឆ្នាំនាយកដ្ឋានក៏មានប្រារព្ធពិធីដាំកូនឈើមិត្តភាពនៅតាមបណ្តាប្រាសាទនានាដូច្នេះដែរ ហើយសរុបរយៈពេល១០ឆ្នាំកន្លងមកនេះ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ដាំដើមឈើបាន២៧ម៉ឺនដើមហើយ៕ ហេង សូរិយា

រូបថត៖ នាយកដ្ឋានផ្សព្វផ្សាយ


ចែករំលែក៖