ខេត្តកំពង់ចាម៖ ប្រជាពលរដ្ឋប្រទះឃើញសពអណ្តែតទឹកមកទើរលើបង្គោលសន្ទូច កាលពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុច ព្រែកដាច់ក្នុងទន្លេមេគង្គ ស្ថិតនៅភូមិទី៦ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
ក្រោយពីសមត្ថកិច្ចជំនាញស្រង់សាកសពបាន រួចពិនិត្យមានសភាពហើមប្រេះ ស្លៀកខោខូប៊ូយជើងវែង និងរក្សាទុករង់ចាំសាច់ញាតិមកយក លុះដល់ម៉ោង១២និង៣០នាទី ថ្ងៃខែដដែល សាច់ញាតិបានបញ្ជាក់អត្តសញ្ញាណរបស់សាកសពមាន ឈ្មោះ ម៉ម សិលា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិ ទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
បើតាមឈ្មោះ សាន់ គន្ធា ភេទប្រុស អាយុ៤៥ឆ្នាំត្រូវជាឪពុកមារបស់សពបានបញ្ជាក់ថា ឈ្មោះ ម៉ម សិលា ពិតជាបានលោតពីលើស្ពានកោះប៉ែន បណ្ដាលឲ្យស្លាប់កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ នៅវេលាម៉ោង១០នឹង៣០នាទី ពេលពិនិត្យចប់សមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យរួចបានប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ ហេង សូរិយា