ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករប្រណាំងរថយន្តF1ក្លាយទៅជាសមាជិកកត្តិយសក្លិប Real Madrid

ចែករំលែក៖

កីឡាករFernando Alonsoអ្នកប្រណាំងរថយន្ត Formula One (F1) បានក្លាយទៅជាសមាជិកកិត្តិយសរបស់ក្លិបបាល់ទាត់យក្សអេស្ប៉ាញReal Madrid។

លោកFlorentino Perez ប្រធានក្លិបReal Madridបានធ្វើពិធីបង្ហាញ ម្ចាស់ជើងឯក Formula Oneពីរសម័យFernando Alonsoនៅក្នុងទឹកដីខ្លួនគឺកីឡដ្ឋានSantiago Bernabeu តែម្តង។

Fernando Alonsoបានថ្លែងថា តាំងពីកើតមកគឺគាត់ជាអ្នកគាំទ្រ បាល់ទាត់Real Madridតែម្តង។ គាត់បានបន្ថែមថា “អំណរគុណ ច្រើនដល់លោកប្រធាន និងលោកគ្រូបង្វឹកក្រុម Real Madrid ។ វាគឺជាថ្ងៃដ៏ពិសេសណាស់ដែលខ្ញុំមកទីនេះនៅ ពហុកីឡដ្ឋាននេះដែលខ្ញុំស្រឡាញ់។ ខ្ញុំតែងតែតាម ដានជាប់ជានិច្ចនូវព័ត៌មានថ្មីៗរបស់ក្លិបReal Madrid។ ពេលដែលខ្ញុំនៅតូចឪពុករបស់ខ្ញុំគឺជាអ្នកគាំទ្រដ៏ធំរបស់ក្លិប Real Madrid ហើយគាត់បានបង្រៀនខ្ញុំពីតម្លៃរបស់ក្លិប ។ ខ្ញុំត្រូវបានគេសួរ ជាច្រើនអំពីមូលហេតុដែល ខ្ញុំគាំទ្រក្រុម Real Madrid ខ្ញុំមិនដែលមានចម្លើយច្បាស់លាស់ទេ។”

គួរបញ្ជាក់ថាFernando Alonso បច្ចុប្បន្នបើកបរឲ្យក្រុម McLaren Hondaដោយធ្លាប់ជាជើងឯកពិភពលោកឆ្នាំ២០០៥ និងឆ្នាំ២០០៦។ គាត់ជាអ្នកមិនមែនកីឡាបាល់ទាត់ទី៣ផងដែរ បន្ទាប់ពីតារាវាយតេន្នីស Rafael Nadal និង កំពូលអ្នកវាយកូនហ្គោល Sergio Garcia ដែលត្រូវបានតែងតាំងជាសមាជិកកិត្តិយសក្លិប Real Madrid ៕ ដេវីត


ចែករំលែក៖