ព្រឹត្តិការណ៍ប្រកួតជម្រុះ World Cup នៅតំបន់អាស៊ីបានបញ្ចប់ហើយដោយរកឃើញ៤ក្រុម មានកៅអីទៅកាន់ World Cup នៅប្រទេសរុស្សុីឆ្នាំ២០១៨។ ក្រុមទាំង៤នោះគឺមាន ជប៉ុន, កូរ៉េខាងត្បូង, អុីរ៉ង់ និងអារ៉ាប៊ីសាអ៊ូឌីត។
តាមរយៈជ័យជម្នះនេះក្រុមស៊ីរីត្រូវលេងវគ្គ Playoff ដោយសារតែការរកគ្រាប់បាល់តាមស្មើនៅជិតបញ្ចប់ការប្រកួតរបស់កីឡាករ Omar Al Soma ជាមួយក្រុមអុីរ៉ង់ កាលពីថ្ងៃអង្គារ ។
ក្រុមជម្រើសជាតិស៊ីរី បានដេញតាមពីក្រោយក្នុងលទ្ធផល ២-១ នៅពេលប្រកួតជាមួយនឹងក្រុមជម្រើសជាតិអ៊ីរ៉ង់ មុននឹងរកបានគ្រាប់បាល់តាមស្មើវិញ នៅពេលដែលកីឡាករ Al Soma បានស៊ុតបាល់ចូលតាមប្រឡោះជើងរបស់របស់អ្នកចាំទី Alireza Salimi នៅនាទីបន្ថែមទី៣ ដើម្បីនាំឲ្យមានការអបអរយ៉ាងខ្លាំងក្លាតែម្តង។ ការបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ មានន័យថា ក្រុមជម្រើសជាតិស៊ីរី ដែលបានបង្កើតការភ្ញាក់ផ្អើល បើទោះបីសង្គ្រាមកំពុងតែទន្ទ្រានប្រទេសរបស់ពួកគេក៏ដោយនោះ បច្ចុប្បន្ននឹងត្រូវប៉ះជាមួយនឹងក្រុមជម្រើសជាតិ អូស្ត្រាលី ក្នុងការប្រកួតក្នុង និងក្រៅដី ខណៈដែលក្រុមដែលឈ្នះនឹងត្រូវឈានទៅប្រកួតវគ្គ Playoff អន្តរទ្វីប ។
ដោយឡែកការប្រកួតជម្រុះ World Cup ប្រចាំតំបន់អាស៊ី ក្រុម ជម្រើសជាតិកូរ៉េខាងត្បូង បានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ជាមួយនឹងក្រុមជម្រើសជាតិអ៊ូបេគីស្ថាន ដើម្បីឈានទៅកាន់ការប្រកួតកីឡាបាល់ទាត់ពិភពលោក ជុំផ្តាច់ព្រ័ត្រជាលើកទី៩ជាប់ៗគ្នារបស់ពួកគេ ស្របពេលដែលក្រុមជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីត បានចូលរួមជាមួយនឹងពួកគេ ក្រោយពីបានកត់ត្រាជ័យជម្នះក្នុងលទ្ធផល ១-០ លើក្រុមជម្រើសជាតិជប៉ុន។
សូមបញ្ជាក់ថា កូរ៉េខាងត្បូង អារ៉ាប៊ីសាអូឌីត ជប៉ុន និងអ៊ីរ៉ង់ បច្ចុប្បន្នសង្ឃឹមថានឹងធ្វើឲ្យបានល្អប្រសើរជាងកាលពីព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៤ ដែលនៅពេលនោះគ្មានក្រុមណាបានឈានទៅវគ្គ១៦ក្រុមចុងក្រោយឡើយ ៕ ដេវីត