ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ ហេតុផលមួយចំនួនដែលអាមេរិកមិនហ៊ានវាយប្រហារកូរ៉េខាងជើង

ចែករំលែក៖

ហេតុផលសំខាន់ៗ ដែលបានធ្វើឲ្យ អាមេរិកពិបាកនៅក្នុងការសម្រេច ចិត្តធ្វើសង្គ្រាមជាមួយកូរ៉េខាងជើង គឺដោយសារ តែខ្លាចលទ្ធផលពិបាកស្មាន នៅពេល ​ ដែលរុញច្រានកូរ៉េខាងជើងឲ្យដើរដល់ផ្លូវទ័ល អាចធ្វើឲ្យទីក្រុងព្យុងយ៉ាងវាយប្រហារទៅលើកូរ៉េខាងត្បូងនិងទីតាំងរបស់អាមេរិកនៅទីនោះ។

ពេលថ្មីៗនេះ នៅក្នុងបទសម្ភាសន៍ជា មួយបណ្តាញ ព័ត៌មាន RIA Novosti សាស្ត្រាចារ្យ វិទ្យាសាស្ត្រនយោបាយ មក ពីមហាវិទ្យាល័យ Miami លោកស្រី June Teufel Dreyer បាន បង្ហាញពីមូលហេតុ មួយចំនួនដែលអាមេរិកពិបាកនៅក្នុងការចាប់ផ្តើមធ្វើសង្គ្រាមវាយប្រហារកូរ៉េខាងជើង បើទោះបីប្រទេសនេះ បានសាកល្បង មីស៊ីល និងបរមាណូ គំរាមកំហែងវាយ ប្រហារអាមេរិកក្តី។

តាមការបញ្ជាក់របស់លោកស្រី Teufel Dreyer បញ្ហាសំខាន់ នាពេលនេះបើទោះបីមិនមានសង្គ្រាមពិតជាមួយកូរ៉េខាងជើងក្តី ក៏កម្លាំងទាហានអាមេរិក ពិតជាមានភាព តានតឹង និងធ្វើសកម្មភាពហួសពីសមត្ថភាពរបស់ទាហាន។ អ្វីដែលអាមេរិកត្រូវតែគិតគូរនោះគឺបញ្ហា លុយកាក់ចំណាយសម្រាប់ សង្គ្រាម ក្នុងពេលដែលអាមេរិក ត្រូវចំណាយប្រាក់រាប់សិបពាន់លានដុល្លារ ដើម្បីកសាងឡើងវិញនៅតំបន់រងការវាយប្រហារដោយព្យុះហារវេយ។

សាស្ត្រាចារ្យ Teufel Dreyer បានបញ្ជាក់ ទៀតថា សកម្មភាពយោធារបស់អាមេរិកទៅលើកូរ៉េខាងជើង នឹងធ្វើឲ្យសហគមន៍ អន្តរជាតិចាត់ទុកអាមេរិកគឺជាប្រទេសឈ្លានពាន ។ មួយវិញទៀត ទំនាក់ទំនងរវាងអាមេរិកនឹងកូរ៉េខាងជើង មិនមានភាព ច្បាស់លាស់ ហើយបើមានសង្គ្រាមចិននឹងការពារកូរ៉េខាងជើងបែបណា ។

លោកស្រី Teufel Dreyer បន្តទៀតថា ការវាយប្រហារ កូរ៉េខាងជើងនឹងធ្វើឲ្យរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបើកការវាយ ​​ ប្រហារសងសឹកវិញទៅលើប្រទេសជិត ខាងក្នុងនោះមានទីក្រុងសេអ៊ូល និងទីតាំងទាហានអាមេរិកនៅក្នុងតំបន់នោះ។

អ្វីដែលសំខាន់នាពេលនេះ គឺគ្មានអ្នកណាម្នាក់ដឹងពីការស៊ីជមរៅនៅក្នុងទំនាក់ទំនង រវាងកូរ៉េខាងជើង នឹងរុស្ស៊ី និងចិន នោះឡើយ ដែលជាប្រទេសមហាអំណាចយោធានៅលើពិភពលោកបន្ទាប់ពី អាមេ រិក ហើយតែងតែការពារកូរ៉េខាងជើងជា និច្ច ។ កាលពីជំនាន់ដឹកនាំរបស់ លោក គីម ជុងអុីល លោកបានធ្វើទស្សនកិច្ចទៅកាន់តែពីរប្រទេសប៉ុណ្ណោះ គឺប្រទេសចិន និងរុស្ស៊ី ដែល សហគមន៍អន្តរជាតិចាត់ ទុកថាជាខ្នងបង្អែកដ៏រឹងមាំរបស់កូរ៉េខាងជើង ទើបរដ្ឋាភិបាលប្រទេសនេះហ៊ាន ​ប្រឈមមុខគំរាមវាយប្រហារអាមេរិកដោយបើកចំហ មិនខ្លាចញញើត សូម្បីតែបន្តិច។

សូមបញ្ជាក់ផងដែរថា បច្ចេកវិទ្យា ​​​ ​ បរមាណូក៏ដូចជាមីស៊ីលរបស់កូរ៉េខាងជើង ទទួលបានជោគជ័យដូចសព្វថ្ងៃនេះ គឺបានមកពី(សហភាពសូវៀត)ទាំងអស់ ។ ទាំងនោះបានបង្ហាញយ៉ាងច្បាស់ថា កូរ៉េ ខាងជើង និងរុស្ស៊ីពិតជាមានទំនាក់ទំនងល្អនឹងគ្នាតាំងពីអតីតកាល ដូចស៊ីរីនិងរុស្ស៊ី ផងដែរ ។ ស៊ីរី និងរុស្ស៊ីមានទំនាក់ទំនងយ៉ាងល្អប្រសើរ តាំងពីជំនាន់ ការដឹកនាំ របស់ ឪពុកប្រធានាធិបតីអាល់ អាសាដ ទើបធ្វើឲ្យរុស្ស៊ីមិនអាចបោះបង់ស៊ីរីឲ្យធ្លាក់ចូលក្នុងប្រទេសល្មោភសង្គ្រាមអាមេរិក។ រុស្ស៊ីក៏បានការពាររដ្ឋាភិបាលប្រធានាធិបតីអាល់អាសាដ បន្តដឹកនាំស៊ីរីរហូតមក ទល់ពេលនេះ។

ចំណែកចិនវិញក៏បានធ្វើការព្រមាន ដល់អាមេរិកនិងកូរ៉េខាងត្បូង ដោយក្នុង នោះបានបញ្ជាក់ថា ទីក្រុងប៉េកាំនឹងរារាំងការវាយប្រហាររបស់អាមេរិក និងកូរ៉េខាង ត្បូង ទៅលើកូរ៉េខាងជើង ។ ទន្ទឹមនឹងនោះ ចិនក៏បានប្រកាសថា នឹងមិនកាន់ជើង សម្ពន្ធមិត្តកូរ៉េខាងជើងឡើយ បើអាមេរិក វាយប្រហារនោះ។

សារព័ត៌មានចិនបានបញ្ជាក់ថា ទីក្រុង ប៉េកាំងនឹងរារាំង អាមេរិកវាយប្រហារផ្តួលរំលំរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងដឹកនាំដោយលោកគីម ជុងអ៊ុន។ ចិននឹងដើរតួនាទីជា អាជ្ញាកណ្តាល បើកូរ៉េខាងជើងបាញ់មីស៊ីលទៅលើទីតាំងរបស់អាមេរិក ហើយអាមេរិកវាយបកទៅលើកូរ៉េខាងជើងវិញនោះ។

ប៉ុន្តែបើអាមេរិកនិងសម្ពន្ធមិត្តកូរ៉េខាងត្បូង ព្យាយាមផ្តួលរំលំរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ផ្លាស់ប្តូររបបដឹកនាំរបស់ប្រទេសនេះ ចិននឹងមិនអនុញ្ញាតឲ្យធ្វើបែបនេះឡើយ។ ប៉ុន្មានថ្ងៃកន្លងមកចិនបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ចំណោះការប្រឈម មុខតានតឹងរវាង អាមេរិកនឹងកូរ៉េខាង ជើង។

សារព័ត៌មានចិនបានផ្សាយថា បើមាន សង្គ្រាមកើតឡើងនោះអាមេរិក មិនទទួល បានផលប្រយោជន៍អ្វីនោះ ឡើយ ហើយ កូរ៉េខាងជើង ក៏ត្រូវប្រឈមនឹងបញ្ហា វិបត្តិទ្រង់ទ្រាយធំមិនធ្លាប់មានដែរ។ គោលដៅ របស់កូរ៉េខាងជើង គឺចង់ពិភាក្សាជាមួយ អាមេរិក ប៉ុណ្ណោះ ប៉ុន្តែអាមេរិកចង់ឲ្យកូរ៉េខាងជើងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន។

នៅពេលនេះទីក្រុងប៉េកាំង មិនអាច បញ្ចុះបញ្ចូល អាមេរិកនិងកូរ៉េខាងជើង ឲ្យពិភាក្សា គ្នានៅពេលនេះឡើយ ។ ក៏ប៉ុន្តែចិនបានគំរាមថា បើភាគីទាំងពីរ ធ្វើឲ្យចិនត្រូវខាតបង់នោះ ចិន នឹងតបត វិញយ៉ាងចាស់ដៃបំផុ មិនយល់យោគ ឡើយ។

រដ្ឋាភិបាលចិន បានបញ្ជាក់ថា ភាគីពាក់ព័ន្ធនៅក្នុងវិបត្តិកូរ៉េខាងជើង ត្រូវតែមានការនិយាយស្តីដោយប្រុងប្រយ័ត្នបំផុត បញ្ចៀស ភាពតានតឹងកាន់តែខ្លាំងឡើង។

ការព្រមានរបស់ចិន កើតឡើងក្នុង ពេលដែលអាមេរិកនិងកូរ៉េខាងជើង កំពុង តែឌឺដងដាក់គ្នា គំរាមកំហែងគា្ន ទៅវិញទៅ មក។ ក្រុមអ្នកវិភាគបានបញ្ជាក់ថា នៅ ពេលនេះអាមេរិក រងការអាម៉ាស់យ៉ាងខ្លាំង មិនធ្លាប់មានពីមុនមក៕ ម៉ែវ សាធី


ចែករំលែក៖