ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋភិបាលប៉េរូបណ្តេញឯកអគ្គរដ្ឋទូតកូរ៉េខាងជើងចេញពីប្រទេស

ចែករំលែក៖

រដ្ឋាភិបាលប៉េរូបានសម្រេចបណ្តេញឯកអគ្គរដ្ឋទូតកូរ៉េខាងជើង ដោយសារតែប្រទេសនេះបានបំពានម្តងហើយម្តងទៀត នៅលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ។

ក្រសួងការបរទេសប៉េរូកាលពីថ្ងៃទី១១ ខែកញ្ញា បានប្រកាសថា អគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅប្រទេសនេះ ត្រូវបណ្តេញចេញពីប្រទេសដោយសារតែកូរ៉េខាងជើង បានបំពានទៅលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ហើយមិនព្រម ផ្អាកកម្មវិធីបរមាណូដែលមានវិវាទរបស់ខ្លួន។

អគ្គរដ្ឋទូតកូរ៉េខាងជើង លោក Kim Hak Chol មានរយៈពេល៥ថ្ងៃ ដើម្បីចាកចេញពីប្រទេសប៉េរូ។ សកម្មភាពរបស់ខាងលើកើតឡើងក្រោយពេលដែល អនុប្រធានាធិបតីអាមេរិកលោក Mike Pence បានអំពាវនាវដល់បណ្តាប្រទេសអាមេរិកឡាទីន កាត់ផ្តាច់ទំនាក់ទំនង ជាមួយកូរ៉េខាងជើង។ នៅពេលនេះដែរ ស្ថានទូតកូរ៉េខាងជើងនៅប៉េរូ មិនបានអធិប្បាយអ្វី ជុំវិញការបណ្តេញចេញនោះឡើយ។

កូរ៉េខាងជើងកាលពីថ្ងៃទី៣ ខែកញ្ញា បានប្រកាសសាកល្បងដោយជោគជ័យនូវបរមាណូ អុីដ្រូសែនសម្រាប់បំពាក់នៅលើកាំជ្រួចមីស៊ីលឆ្លងទ្វីប ដែលជាការសាកល្បង លើកទី៦ របស់ទីក្រុងព្យុងយ៉ាង។ ការសាកល្បងនោះធ្វើឲ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាង ខ្លាំង និងបង្កើនការដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើងយ៉ាងតឹងតែង។

កាលពីថ្ងៃទី៧ ខែកញ្ញា កន្លងមក រដ្ឋាភិបាលប្រទេសមិចស៊ីកូបានស្នើរដល់អគ្គរដ្ឋទូតកូរ៉េខាងជើង លោក Kim Hyong Gil ត្រូវចាកចេញពីប្រទេសនេះក្នុងរយៈពេល ៧២ម៉ោង។ សកម្មភាពខាងលើដើម្បីជាការប្រឆាំងទៅនឹងសកម្មភាពសាកល្បងបរមាណូរបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។

ក្រសួងការបរទេសមិចស៊ីកូ បានប្រកាសថា«អគ្គរដ្ឋទូតកូរ៉េខាងជើង Kim Hyong Gil ជា បុគ្គល មិនត្រូវបានស្វាគមន៍ ហើយត្រូវតែចាកចេញពីប្រទេសមិចស៊ីកូក្នុងរយៈពេល៧២ម៉ោង»៕ ម៉ែវ សាធី


ចែករំលែក៖