ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពខណ្ឌសែនសុខដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះដើម្បីរិតបន្តឹងសន្តិសុខក្នុងមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះដើម្បីទប់ស្កាត់បទល្មើសក្នុងមូលដ្ឋាន កាលពីព្រលប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា តាមបណ្តោយផ្លូវភ្នំពេញ-ហាណូយក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ប្រតិបត្តិការនេះដឹកនាំដោយលោក ហោ វាសនា អភិបាលរងខណ្ឌសែនសុខតំណាង លោក បុឹល កុសល់ អភិបាលខណ្ឌ លោក គួក សុខហួរ អធិការរងខណ្ឌ តំណាងលោក វរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌ និងកម្លាំងកងរាជអាវុហត្ថ និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើននាក់ទៀត។

លោក ហោ វាសនា អភិបាលរងខណ្ឌ បានមានប្រសាន៍ថា ការដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនេះគឺគណៈបញ្ជាការឯកភាពខណ្ឌដែលដឹកនាំដោយលោក បុឹល កុសល ជាប្រធាន បានដាក់បទបញ្ជាឲ្យដាក់គោលដៅត្រួតពិនិត្យជាប្រចាំដើម្បីទប់ស្កាត់បទល្មើសដែលអាចកើតមានឡើងក្នុងមូលដ្ឋាន។

លោកបន្តថា ជាលទ្ធផលបានឃាត់ខ្លួនមនុស្ស២នាក់ ទី១.ឈ្មោះ ស្រី គា អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី២.ឈ្មោះ ឈុន ម៉េងហោ អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ទាំង២នាក់នេះ ស្នាក់នៅបន្ទប់ជួល ភូមិទឹកថ្លា សង្កត់ទឹកថ្លា ខណ្ឌសែនសុខ និងមានស្រុកកំណើត ភូមិព្រែកព្រះអង្គ ឃុំព្រៃកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម រកឃើញសារធាតុញៀនក្នុងខ្លួនក្រោយពីធ្វើតេស្តទឹកនោមរួច។ ហើយប្រតិបត្តិការនោះដែរ សមត្ថកិច្ចបានត្រួតពិនិត្យម៉ូតូឆ្លងកាត់ចំនួន១២០គ្រឿង និងត្រួតពិនិត្យឃើញមានអាវុធខ្លី១ដើមម៉ាក៥៩ មានឯកសារត្រឹមត្រូវ។

ក្នុងនោះដែរ ក៏មានយុវជន២នាក់ផ្សេងទៀតនៅពេលឃើញសមត្ថកិ្ចច ពួកគេជិះគិចពីកន្លែងដែលគណៈបញ្ជាការត្រួតពិនិត្យអាវុធជាតិផ្ទុះ សោយភ័យស្លន់ស្លោ ហើយបានដួលម៉ូតូបណ្តាលឲ្យរងរបួសធ្ងន់សន្លប់ស្តូកស្តឹង និងម្នាក់ទៀតរងរបួសស្រាល ត្រូវបានរថយន្តសាម៊ុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យ។

យុវជនដែលរងរបួសធ្ងន់ឈ្មោះ រិទ្ធ អាយុ២៨ឆ្នាំ មុខរបរធ្វើសំណង់ ស្នាក់នៅក្នុងខណ្ឌព្រែកព្នៅ និងមានស្រុកកំណើតខេត្តកំពង់ធំ និងម្នាក់ទៀតឈ្មោះ សួន វិន អាយុ៣៧ឆ្នាំ មុខរបរធ្វើសំណង់ ស្នាក់នៅជាមួយគ្នា រងរបួសស្រាលបាននិយាយថា មុនពេលកើតហេតុ ខ្លួន និងប្អូនឈ្មោះ រិទ្ធ បានជិះម៉ូតូ១គ្រឿង ម៉ាក MSX ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GG-9964 ដោយធ្វើដំណើរចេញពីខណ្ឌព្រែកព្នៅ គោលបំណងទៅលេងបងប្អូននៅខេត្តកណ្តាល។ លុះមកដល់ចំណុចខាងលើ ក៏ឃើញសមត្ថកិច្ចចម្រុះដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ពេលនោះពួកខ្លួនស្មានថា គេចាប់ម៉ូតូអត់កញ្ចក់ និងអ្នកមិនពាក់មួកសុវត្ថិភាពក៏ជិះត្រឡប់ក្រោយ។ ខណៈនោះស្រាប់តែមានក្រុមប្រជាការពារខណ្ឌ២ទៅ៣នាក់បានជិះម៉ូតូដេញតាម ហើយបានយកវិទ្យុទាក់ទងគប់ទៅលើពួកគេ បណ្តាលឲ្យដួលម៉ូតូរងរបួសធ្ងន់ម្នាក់តែម្តង។

ប្រជាពលរដ្ឋដែលឃើញហេតុការណ៍បាននិយាយថា ពួកគាត់គាំទ្រនៅចំណាត់ការរបស់អាជ្ញាធរមានសមត្ថកិច្ចក្នុងការអនុវត្តច្បាប់ ក៏ប៉ុន្តែមិនត្រូវប្រើអំពើហិង្សាទៅលើប្រជាពលរដ្ឋបែបនេះទេ។

ចំណែកខាងកម្លាំងប្រជាការពារសាលាខណ្ឌសែនសុខដែលរងការរិះគន់វិញបានបដិសេដ្ឋថាក្រុមគាត់មិនបានយកវិទ្យុទាក់ទងគប់យុវជនទាំង២នាក់នោះទេ គឺពួកគេជិះត្រឡប់ក្រោយដួលដោយខ្លួនឯង។

ជុំវិញការចោទប្រកាន់ និងរិះគន់ពីណាក់ប្រជាពលរដ្ឋខាងលើ លោក ហោ វាសនា បានឲ្យដឹងថា ការអនុវត្តច្បាប់ដាក់គោលដៅត្រួតពិនិត្យនូវអាវុធជាតិផ្ទុះ គឺទប់ស្កាត់រាល់បទល្មើសក្នុងមូលដ្ឋាន ហើយអាជ្ញាធរមានសមត្ថកិច្ចធ្វើនេះ ដើម្បីការពារសន្តិសុខជួនប្រជាពលរដ្ឋ។ ដូច្នេះការដែលយុវជនទាំង២នាក់ជិះគេចពីកម្លាំងសមត្ថកិច្ចនោះ គឺជារឿងរបស់ពួកគាត់ ព្រោះថាម៉ូតូដែលខ្លួនជិះនោះ មិនមានកញ្ចក់ ហើយពួកគេមិនមានពាក់មួកសុវត្ថិភាពទៀត។ ហើយការដែលចោទថា ប្រជាការពារសាលាខណ្ឌយកវិទ្យុទាក់ទងគប់ទៅលើពួកគេនោះ គឺជារឿងមិនពិត៕ តុង សីហា


ចែករំលែក៖