ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាលប្រទេសឆេកសន្យាពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធាជាមួយកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ លោក Marek Libricky ឯកនៃអគ្គរដ្ឋទូត វិសាមញ្ញនិងពេញសមត្ថ ភាពសាធារណរដ្ឋឆេក ប្រចាំព្រះរាជាណាចក្រកម្ពុជាបានសន្យាថា នឹងពង្រឹងកិច្ច សហប្រតិបត្តិការទ្វេភាគីផ្នែកយោធាជាមួយកម្ពុជានិងកិច្ចសហប្រតិបត្តិការវិស័យមួយចំនួនទៀត។

ការសន្យារបស់ឯកអគ្គរដ្ឋទូតរូបនេះគឺបានធ្វើឡើង នៅក្នុងជំនួបជាមួយលោក នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិនារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧នៅទីស្តីការក្រសួងការពារជាតិ។

លោក Marek Libricky បានលើកឡើង ថា ប្រទេសឆេកនិងកម្ពុជាបានបង្កើតទំនាក់ទំនងការទូតជាមួយគ្នាអស់រយៈពេល៦០ឆ្នាំកន្លងមកហើយ ។ ប៉ុន្តែទំនាក់ទំនងនេះ ហាក់ដូចជាពុំសូវស៊ីជម្រៅនឹងគ្នាឡើយ ដូច្នេះក្នុងនាមលោកជាឯកអគ្គរដ្ឋទូតពេញសិទ្ធិនៅកម្ពុជាលោកនឹងធ្វើឲ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់ល្អប្រសើរជាងមុន។

ថ្លែងក្នុងជំនួបនោះដែរ លោកឯកអគ្គរដ្ឋ ទូត ក៏បានសម្តែងនូវក្តីសោមនស្សរីករាយ ខណៈបញ្ហាបំណុលដែលកម្ពុជាជំពាក់ សាធារណរដ្ឋឆេក ត្រូវបានដោះស្រាយរួចរាល់ជាស្ថាពរកាលពីឆ្នាំកន្លងទៅ ហើយ ផ្នែកខ្លះនៃបំណុលនេះ ត្រូវបានប្រែក្លាយ ទៅជាជំនួយដល់កម្ពុជាសម្រាប់ធ្វើការអភិវឌ្ឍផ្សេងៗជាដើម។

ជាមួយគ្នានោះលោកនាយឧត្តម សេនីយ៍ ម៉ឹង សំផន ក៏បានសម្តែងការ ស្វាគមន៍ចំពោះភាគីប្រទេសឆេកដែល មាន គម្រោងពង្រឹងកិច្ចសហប្រតិបត្តិការ ទ្វេភាគីជាមួយកម្ពុជា ហើយកម្ពុជាក៏សូម ថ្លែងអំណអគុណ ដល់រដ្ឋាភិបាលប្រទេស ឆេក ដែលបានសម្រេចលុបបំណុលពីកម្ពុជា ដោយបង្វែរទៅជាជំនួយមនុស្សធម៌វិញ។

លោកនាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ ក្រសួងការពារជាតិបានលើកឡើងថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរកាន់តែមានភាពល្អ ប្រសើរ បន្ថែមទៀតនាពេលខាងមុខ ហើយនិងមានការផ្លាស់ប្តូរបទពិសោធន៍ជាមួយគ្នាឲ្យបានកាន់តែញឹកញាប់ផងដែរក្នុងវិស័យយោធា។

សូមរំលឹកថា ទំហំពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជានឹងឆេក មានទឹកប្រាក់ប្រមាណ មួយរយលានដុល្លារអាមេរិកក្នុងនោះឆេកនាំចូលទំនិញពីកម្ពុជា ប្រហែលជាង១០០លាន ដុល្លារ អាមេរិកក្នុងមួយឆ្នាំ ខណៈឆេកនាំ ទំនិញចូលមកកម្ពុជាមានត្រឹមតែជាង១លាន ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយឆ្នាំៗនោះ ៕ សុខដុម


ចែករំលែក៖