ភ្នំពេញ៖ លោក គឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយ ដែលចោទថា គណបក្សប្រជាជនកម្ពុជា ជាអ្នកសម្លាប់បណ្ឌិតកែម ឡី ត្រូវបានលោក ប៉ាក ច័ន្ទសំបូរ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ នៅថ្ងៃទី១៥ ខែកញ្ញា នេះ សម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល ពោលគឺ ផ្តន្ទាទោសលោក គឹម សុខ ដាក់ពន្ធនាគារ១៨ខែដដែល ។ នេះបើតាមការបញ្ជាក់របស់លោក ទូច ថារិទ្ធិ អគ្គលេខាធិការរងនិងជាអ្នកនាំពាក្យសាលាឧទ្ធរណ៍ ។
គួររំលឹកថា លោក គី ឫទ្ធី អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ប្រកាសសាលក្រមផ្តន្ទាទោសលោកគឹម សុខ ដាក់ពន្ធនាគាររយៈពេល១៨ខែ ពិន័យ៨លានរៀលចូលថវិការដ្ឋ និង សងសំណងជំងឺចិត្តដល់ដើមបណ្ដឹងចំនួន៨០០លានរៀល ករណីចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជា ជាអ្នកសម្លាប់បណ្ឌិតកែម ឡី ។
លោក គឹម សុខ ជាប់ចោទចំនួនពីរបទល្មើស គឺ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និង បទបរិហារកេរ្តិ៍ជាសាធារណៈ តាមមាត្រា៤៩៤ មាត្រា៤៩៥ និង មាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ ។
បច្ចុប្បន្នលោក គឹម សុខ នៅជាប់បណ្តឹងមួយទៀត ដែលប្តឹងដោយសម្តេចតេជោ ដូចគ្នា គឺ ពាក់ព័ន្ធការដែលលោក គឹម សុខ បានចោទប្រកាន់ ថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតប្រព័ន្ធសម្លាប់មនុស្ស រួចរកឃាតកមិនដែលឃើញ ៕ចេស្តា