ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរនៅស្រុកជាំក្សាន្តខេត្តព្រះវិហារចូលរួមកិច្ចប្រជុំទ្វេភាគីនៅស្រុកកាន់ត្រាឡាក់ប្រទេសថៃ

ចែករំលែក៖

ខេត្តព្រះវិហារ៖ អភិបាលស្រុកជាំក្សាន្ត លោក ជា គឹមសេង និងជាតំណាងលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល ខេត្តព្រះវិហារបានដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំទ្វេភាគីរវាងថ្នាក់ស្រុកនិងថ្នាក់ស្រុក ដែលធ្វើឡើងនៅក្នុងស្រុកកាន់ត្រាឡាក់ ខេត្តស៊ីសាកេត ពីថ្ងៃទី១៣ដល់ទី១៤ ខែ កញ្ញា ឆ្នាំ២០១៧។

នៅក្នុងកិច្ចប្រជុំនោះភាគីទាំង២បានលើកឡើង និងពិភាក្សាពីរចំណុចសំខាន់ៗ ដែលទី១.ភាគីថៃបានលើកឡើងថា ដោយ សារមួយរយៈចុងក្រោយនេះមានការកើនឡើងកម្មករឆ្លងដែនខុសច្បាប់ចូលមក លួចកាប់ឈើគ្រញូងរបស់ថៃនិងចំណុច​ទី២.ពាក់ព័ន្ធនឹងការធើ្វ​ចរាចរណ៍​គ្រឿង​ញៀន ហើយ​កម្មករដែលលួចមកកាប់ឈើ​គ្រញូ​ង​​​ន​េះក៏មានគ្រឿងញៀន​មកជាមួយ​ផងដែរ ដែលធ្វើឲ្យភាគីទាំង២មានការ ព្រួយបារម្ភនិងត្រូវតែយកចិត្តទុកដាក់និងសហការគ្នាដើម្បីទប់​ស្កាត់ពលករឆ្លង​ដែន។

ចំពោះករណីទាំង២ខាងលើភាគីថៃ​បាន​​​បញ្ជាក់ឲ្យដឹងថា ចំពោះកម្មករដែល ឆ្លងដែនចូលកាប់ឈើគ្រញូងនិងពាក់ព័ន្ធការប្រើប្រាស់សារធាតុញៀននឹងត្រូវបានឃាត់ខ្លួនដាក់ពន្ធនាគារក្នុងស្រុកកាន់​ត្រាឡាក់ ខេត្តស៊ីសាកេតមាន២៦២នាក់ ក្នុងនោះមានស្រី៧នាក់ផងដែរ។ ប្រជា​ពលរដ្ឋខ្មែរដែលជាប់ពន្ធនាគារនៅស្រុកកាន់ត្រាឡាក់ ខេត្តស៊ីសាកេតប្រទេសថៃ​នេះមាន៦៧នាក់មកពីស្រុកជាំក្សាន្តនិងប្រជា​ពលរដ្ឋចំណាកស្រុក៣៧នាក់។

ភាគីថៃបានលើកឡើងទៀតថា ចំពោះប្រជាពលរដ្ឋខ្មែរដែលត្រូវបានជាប់ពន្ធធនាគារនៅក្នុងប្រទេសថៃ គឺត្រូវបានភាគីថៃ យកចិត្តទុកដាក់ដូចជាប្រជាពលរដ្ឋរបស់ថៃដែរ។

លោក ជា គឹមសេង អភិបាលស្រុកជាំ​ក្សាន្ត បានលើកឡើងក្នុងអង្គប្រជុំទ្វេភាគីនោះដែរថា សូមឲ្យខាងភាគីថៃ បើចាប់ បានពលករឆ្លងដែនដោយខុសច្បាប់សូមកុំឲ្យបាញ់សម្លាប់ឬធ្វើទារុណកម្មសូមឲ្យ​ធ្វើ​​​​ទៅ​​តាមនីតិវិធី៕ សហការី


ចែករំលែក៖