ខេត្តកំពង់ស្ពឺៈ បុរសម្នាក់ស្រវឹងស្រាទាស់សម្ដីជាមួយប្រពន្ធចិត្ដខ្លាំងយកភ្លើង ដុតផ្ទះឆេះម៉ត់ កាលពីវេលាម៉ោង១០ និង ៣០នាទីយប់ ថៃ្ងទី១៩ ខែកញ្ញា ឆ្នាំ២០១៧ នៅភូមិក្រាំងរលួស ឃុំអូរ ស្រុកភ្នំស្រួច។
បុរសដែលដុតផ្ទះខ្លួនឯងនេះមានឈ្មោះ ថោង មា អាយុ៣០ឆ្នាំ មុខរបរកសិករ រស់នៅភូមិ-ឃុំកើតហេតុ។ ផ្ទះដែលឆេះនោះ មានទំហំ៤ម៉ែត្រគុណនឹង៥ម៉ែត្រ ធ្វើអំពី ឈើប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី និងសម្ភារ ប្រើប្រាស់មួយចំនួនឆេះម៉ត់។
តាមសម្តីស្ត្រីជាប្រពន្ធរបស់បុរសដែល ដុតផ្ទះខាងលើបានឲ្យដឹងថា មុនពេលកើត ហេតុប្តីរបស់គាត់ស្រវឹងស្រាជោកជាំ ហើយ បានទាស់ពាក្យសម្ដីគ្នាតិចតួច តែមិននឹក ស្មានថាប្តីរបស់គាត់ចិត្តធំហ៊ានយកភ្លើងមកដុតផ្ទះឆេះអស់បែបនេះទេ។
ក្រោយកើតហេតុសមត្ថកិច្ចឃាត់ខ្លួនបុរសខាងលើយកទៅសួរនាំនិងឲ្យធ្វើកិច្ច សន្យាអប់រំបញ្ឈប់ប្រព្រឹត្ដទង្វើបែបនេះទៀត ហើយដោយមានសំណូមពរពីក្រុមគ្រួសារ សមត្ថកិច្ចបានដោះលែងបុរសរូបនេះឲ្យ មានសេរីភាពវិញ៕ ហេង នរិន្ទ្រ