ភ្នំពេញ៖ ម្ចាស់ផ្ទះបានកម្ដៅសម្លរួចបានចាក់សោទ្វារផ្ទះចេញទៅក្រៅបាត់ដោយមិនបានពន្លត់ភ្លើងចង្ក្រានអគ្គិសនីបណ្តាលឲ្យឆេះឆ្នាំងហុយផ្សែងពេញផ្ទះ បង្កការភ្ញាក់ផ្អើលទាំងថ្ងៃ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង២០នាទីរសៀលថ្ងៃទី២២ខែកញ្ញាឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវវេងស្រេង ក្នុង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
បើតាមសមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុម្ចាស់ផ្ទះខាងលើបានកម្ដៅសម្លនឹងឆ្នាំងអគ្គិសនីទុកក្នុងផ្ទះរួចបានចាក់សោទ្វារផ្ទះចេញ ទៅក្រៅបាត់ដោយភ្លេចដកខ្សែអគ្គិសនីចេញពីឌូយ។ មួយសន្ទុះស្រាប់តែមានផ្សែងហុយចេញពីក្នុងផ្ទះបាយបង្កកាភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅជិតខាងនិងកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះមកអន្ដរាគមន៍ចូលទៅបិទភ្លើងចង្ក្រាននិងទាក់ទងទៅម្ចាស់ផ្ទះចាក់សោចូលទៅក្នុងផ្ទះមើលសម្ភារៈដែលខូចខាត គ្មានអ្វីក្រៅពីខូចឆ្នាំងអគ្គិសនី និងឌូយភ្លើងឆេះរួញ ចង់ផ្ទុះបង្កជាអគ្គិភ័យធំនោះទេ ។
សមត្ថកិច្ចបន្តថា ករណីឆេះឆ្នាំងសម្លនេះបណ្ដាលមកពីម្ចាស់ផ្ទះខ្វះការប្រុងប្រយ័ត្នដោយខ្លួនឯងតែសំណាងដែរដែលមិនបង្កឲ្យមានអគ្គិភ័យធំរាលដាលកើតឡើងនិងមិនបង្កឲ្យនរណាម្នាក់រងរបួសនោះឡើយ ៕ ប្រាថ្នា