ភ្នំពេញ ៖ ម៉ូតូចំនួន៤០គ្រឿង ដែលសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញចាប់ឃាត់ទុកជាបណ្តោះអាសន្ន ដោយសារម្ចាស់កែច្នៃខុសពីលក្ខណៈបច្ចេកទេសដើម បំពាក់ស៊ីមាំងលាន់ឮ ខ្លាំ ដាក់ភ្លើងហ្វា ពាក់ស្លាកលេខក្លែងក្លាយ ធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ត្រូវបានប្រគល់ឲ្យម្ចាស់វិញជាបណ្តើរៗហើយ កាលពីរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧នៅស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ បន្ទាប់ពីម្ចាស់ត្រូវបានធ្វើការអប់រំ និងឲ្យបំពាក់គ្រឿង បន្លាស់ម៉ូតូដូចដើមវិញ ព្រមទាំងបានបង្ហាញឯកសារពាក់ព័ន្ធត្រឹមត្រូវរួចមក ។
មន្រី្តនគរបាលចរាចររាជធានីភ្នំពេញម្នាក់បាននិយាយថា បន្ទាប់ពីមានការប្រកាសរបស់ នាយ ឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិនិង ជាស្នងការនគរបាលរាជធានីភ្នំពេញ ជូនដល់ប្រជាពលរដ្ឋ ដែលជាម្ចាស់ម៉ូតូគ្មានស្លាកលេខកែច្នៃខុសបច្ចេកទេស និង បំពាក់ស៊ីម៉ាំងឮសំឡេងខ្លាំង ដែលនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក បានចាប់តាំងពីថ្ងៃទី១៦ ដល់ ថ្ងៃទី១៩ ខែកញ្ញាមកនោះ ឲ្យទៅបំពេញឯកសារនៅការិយា ល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ ដើម្បីយកម៉ូតូត្រឡប់មកវិញ។ រហូតដល់រសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ សមត្ថកិច្ចបានប្រគល់ជាបន្តបន្ទាប់ បានចំនួន៤០គ្រឿងក្នុងចំណោមម៉ូតូដែលឃាត់ទុកចំនួន១៨៧គ្រឿង បន្ទាប់ពីធ្វើឯកសារផាក់ពិន័យរួច និងបានយកបំពង់ស៊ីម៉ាំងថ្មី ដែលត្រូវតាមបច្ចេកទេសទៅបំពាក់ឲ្យដូចដើមឡើងវិញ។
ប្រភពដដែលបានឲ្យដឹងទៀតថា តាំងពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែ កញ្ញា ឆ្នាំ២០១៧ នគរបាលការិយាល័យចរាចរណ៍ផ្លូវគោកបានចាប់ឃាត់ទុកម៉ូតូកែច្នៃខុសបច្ចេកទេស បានចំនួន១៨៧គ្រឿង ក្នុងនោះម៉ូតូគ្មានស្លាកលេខ ៦៨ គ្រឿងមានស្លាកលេខខេត្តផ្សេងៗក្លែងក្លាយចំនួន៦គ្រឿង ហើយចំពោះម៉ូតូដែលនៅសេសសល់ សមត្ថកិច្ចបានអំពាវនាវឲ្យម្ចាស់យកឯកសារពាក់ព័ន្ធមកបង្ហាញដើម្បីយកម៉ូតូទៅប្រើប្រាស់វិញ ៕ ប្រាថ្នា