ខេត្តសៀមរាប៖ សិប្បកម្មធ្វើគុយទាវ២កន្លែងនៅស្រុកពួកត្រូវបានបិទទ្វារជាបណ្តោះអាសន្នក្រោយពី មន្ត្រីកាំកុងត្រូលសាខាខេត្ត សហការជាមួយមន្ទីរពាណិជ្ជកម្ម ឧស្សាហកម្ម ខេត្តសៀមរាប រកឃើញ សារធាតុគឺមី (បូរ៉ាក)នៅក្នុងសសែរគុយទាវ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧។
លោក ង៉ែត ចេក ប្រធានកាំកុងត្រូលសាខាខេត្តសៀមរាបបានឲ្យដឹងថា ការត្រួតពិនិត្យគុណភាពទំនិញ និងសុវត្ថិភាពម្ហូបអាហារនៅតាមទីផ្សារ និងកន្លែងនានាមួយចំនួនក្នុងខេត្តសៀមរាប គឺដើម្បីទប់ស្កាត់នៅទំនិញខូចគុណភាពបានរកឃើញសរសៃគុយទាវ មានសារធាតុគីមីហាមឃាត់ ដាក់លក់នៅក្នុងផ្សារពួក រួចមក មន្រ្តីជំនាញកាំកុងត្រូល ក៏បានចុះទៅដល់ទីតាំងផលិតសរសៃគុយទាវ ២កន្លែងទៀតនៅក្នុងឃុំពួក ស្រុកពួក ខេត្តសៀមរាប ទីតាំង ទី១ ម្ចាស់ឈ្មោះ លោកស្រី ប៊ុន តាំងអួ នៅក្នុងភូមិគោកស្រុក ឃុំពួក ស្រុកពួក ខេត្តសៀមរាប និងទីតាំងទី២ ម្ចាស់ឈ្មោះ ឡាយ គុយ មានទីតាំងនៅភូមិរអូរតាប្រាក់ ឃុំពួក ស្រុកពួក ខេត្តសៀមរាប ក្នុងនោះបានរកឃើញ សរសៃគុយទាវមានជាតិប៉ូរ៉ាក់ជាង១៥៤គីឡូក្រាម ម្សៅសារធាតុបូរ៉ាក់ចំនួន១៧,៥គីឡូក្រាម អង្ករត្រាំសារធាតុគីមីប៉ូរ៉ាក់ចំនួន ៥០គីឡូក្រាម ម្សៅអង្ករកិនរួចមានជាតិប៉ូរ៉ាក់ ៧២ គីឡូក្រាម ។
ក្រោយពីមានការឯកភាព ពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប សមត្ថកិច្ចជំនាញ សំរេចបិទទីតាំងផលិតសរសៃគុយទាវទាំង២កន្លែងខាងលើ ជាបណ្តោះអាសន្ន ហើយវត្ថុតាងសារជាតិគីមីបូរ៉រាក់ ត្រូវបានដុតកម្ទេចចោលភ្លាមៗ៕ ប៊ុន រិទ្ធី