រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Wilbur Ross បានឲ្យដឹងថា ចិនបានគោរពយ៉ាងយកចិត្តទុកដាក់ទៅលើកិច្ចសន្យា ក្នុងវិបត្តិកូរ៉េខាងជើង។ ការដែលចិន ចេញបញ្ជាឲ្យបណ្តាធនាគារ និងក្រុម អ្នកជំនួញ ផ្អាករកសុីជាមួយកូរ៉េខាងជើង គឺជាជំហាន យ៉ាងល្អប្រសើរបំផុតរបស់ទីក្រុងប៉េកាំងក្នុងការដាក់ទណ្ឌកម្មកូរ៉េខាងជើង។
កាលពីសប្តាហ៍កន្លងមកធនាគារជាតិចិន បានចេញបញ្ជាឲ្យបណ្តាធនាគារទាំងអស់ក្នុងប្រទេសផ្អាកសកម្មភាពរកសុីជា មួយកូរ៉េខាងជើង តាមច្បាប់ដាក់ទណ្ឌ កម្មរបស់ អង្គការសហប្រជាជាតិ។ ការដាក់ទណ្ឌកម្មទីក្រុងព្យុងយ៉ាងកើតឡើងក្រោយពេលដែលកូរ៉េខាងជើងបានសាកល្បងគ្រាប់បែកបរមាណូលើកទី៦នៅថ្ងៃទី៣ ខែកញ្ញា។ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានស្នើដល់ទីក្រុងប៉េកាំង អនុវត្តច្បាប់ដាក់ទណ្ឌកម្មឲ្យបានតឹងតែងបំផុតទៅលើកូរ៉េខាងជើង ។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Ross បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន មិនចង់ប្រកួតប្រជែងជាមួយចិនក្នុងវិស័យពាណិជ្ជកម្មនោះឡើយ តែអាមេរិកត្រូវការតម្លាភាពពាណិជ្ជកម្មតែប៉ុណ្ណោះ។
ក្រៅពីវិស័យធនាគារ ចិនក៏បានផ្អាកការលក់ប្រេងទៅឲ្យកូរ៉េខាងជើងផងដែរដើម្បីបញ្ចៀសការថ្កោលទោសពីសហគមន៍អន្តរជាតិ។ ការមិនលក់ប្រេងទៅឲ្យកូរ៉េខាង ជើង បានធ្វើឲ្យតម្លៃប្រេង នៅទីនោះឡើង ថ្លៃ៣ដង ដែលជារឿងគួរឲ្យព្រួយបារម្ភ ដល់ប្រទេសអាថ៌កំបាំងមួយនេះពីវិបត្តិខ្វះប្រេង។
មន្ត្រីក្រសួង បង្រួបបង្រួមកូរ៉ខាងត្បូង មួយរូប តាមសេចក្តីរាយការណ៍ បានមាន ប្រសាសន៍ថា តម្លៃប្រេងនៅក្នុងប្រទេស កូរ៉េខាងជើង នាខែកញ្ញានេះ បានកើន ឡើងខ្ពស់កប់ពពក ហើយការផ្លាស់ប្តូរនេះ អាចបង្ហាញឲ្យឃើញនូវឥទ្ធិពលរបស់ ទណ្ឌកម្មអន្តរជាតិ។
ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង បាន ប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃអង្គារ ទី២៦ ខែកញ្ញា ថា ទណ្ឌកម្មរបស់ក្រុមប្រឹក្សា អង្គការសហប្រជាជាតិ សេចក្តីសម្រេច លេខ២៣៧៥ ដែលបានដាក់កាលពី ថ្ងៃទី១១ ខែកញ្ញាកន្លងទៅ គឺកំពុងបញ្ចេញសម្ពាធគាបកូរ៉ខាងជើង ប៉ុន្តែមិនបានកាត់ផ្តាច់ការផ្គត់ផ្គង់ផ្នែកអាហារនោះទេ។
យោងទៅតាមប្រភពព័ត៌មាន ពី កាសែត Newsis និងយុនហាប់ បានឲ្យ ដឹងថា មន្ត្រីក្រសួងបង្រួបបង្រួមកូរ៉េខាង ត្បូងនោះ បាននិយាយថា បន្ទាប់ពីចេញនូវ សេចក្តីសម្រេច លេខ២៣៧៥មក តម្លៃ អង្ករ និងអត្រាប្តូរប្រាក់ គឺស្ថិតនៅស្មើធម្មតា ប៉ុន្តែតម្លៃប្រេង កំពុងតែកើនឡើង គឺ តម្លៃផលិតផលប្រេងឆៅ បានចាប់ផ្តើមកើនឡើង នៅពាក់កណ្ដាលខែសីហា។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ដែលពាក់ព័ន្ធនោះដែរ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Rex Tillerson នឹង ធ្វើដំណើរទស្សនកិច្ចប្រទេសចិន នៅ សប្ដាហ៍នេះ សម្រាប់កិច្ចពិភាក្សាមួយ ដែលនឹងរួមបញ្ចូលទាំងវិបត្តិ ជុំវិញកម្ម វិធីមីស៊ីល និងនុយក្លេអ៊ែរកូរ៉េខាងជើងនិងជំនួញ នេះបើយោងតាម ក្រសួងការ បរទេសសហរដ្ឋអាមេរិក ឲ្យដឹងនៅថ្ងៃ អង្គារសប្ដាហ៍នេះ។
យោងតាមប្រភពព័ត៌មាន ពីកាសែត រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ មន្ត្រីអ្នកនាំពាក្យក្រសួងការ បរទេសអាមេរិក លោកស្រី Heather Nauert បានមានប្រសាសន៍ថា ដំណើរទស្សន កិច្ចពីថ្ងៃទី២៨ ដល់ទី៣០ ខែកញ្ញា របស់ លោក Tillerson នេះ ក៏នឹងរៀបចំកិច្ចការ ងារគ្រឹះ សម្រាប់ដំណើរទស្សនកិច្ចរបស់លោក ត្រាំ ទៅកាន់ប្រទេសចិន ក្នុងខែវិច្ឆិកាខាងមុខផងដែរ។
លោកស្រី Nauert បានហៅការបោះ ជំហានរបស់ចិន ក្នុងការអនុវត្តទណ្ឌកម្មកាន់តែតឹងរឹងឡើង លើកូរ៉េខាងជើង បន្ទាប់ពី មានការធ្វើតេស្តមីស៊ីល និងនុយក្លេអ៊ែរ នាពេលថ្មីៗនេះ ថា “មានសារសំខាន់ ជាខ្លាំង” ហើយលោកស្រី និយាយថា សហដ្ឋអាមេរិក មានទំនាក់ទំនងមិត្តភាពដ៏ល្អជាមួយចិន ដែលនេះ អាចឃើញជាជាក់ស្តែងបានតាមអ្វីដែលជាដំណើរទស្សន កិច្ចទី២របស់លោក Tillerson ទៅប្រទេស ចិនក្នុងពេល៩ខែ ដែលលោកចូលកាន់តំណែង រដ្ឋមន្ត្រីការបរទេសអាមេរិក៕ ម៉ែវ សាធី