ខេត្តស្វាយរៀង៖ បុរសចំណាស់ម្នាក់ សង្ស័យស្រវឹងស្រាបណ្ដាលឲ្យធ្លាក់ចូលទឹកស្រះលង់ស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងអ្នកភូមិក៏ដូចជាក្មេងឃ្វាលក្របីជួយសង្គ្រោះ ប៉ុន្តែអកុសសយឹតពេលទៅហើយ។
ហេតុការណ៍ប្រទះឃើញសពនេះបានកើតឡើងកាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិរមាំងថ្កោល ឃុំ រមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង។
តាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា បុរសដែលសង្ស័យស្រវឹងស្រាហើយធ្លាក់ចូលទឹកស្រះមានឈ្មោះ សេក សាផាត អាយុ ៤០ឆ្នាំ មុខរបរកសិករ មានទីលំនៅកន្លែងកើតហេតុខាងលើ។
តាមអ្នកភូមិបានឲ្យដឹងថា បុរសរងគ្រោះគឺជាមនុស្សដែលស្រវឹងខួបដើរផឹកពេញភូមិ ដោយមុនពេលប្រទះឃើញ គេឃើញបុរសខាងលើដើរទៅវាលស្រែចន្លោះម៉ោង១០យប់ ហើយម្នាក់ៗមិនបានចាប់អារម្មណ៍អ្វីនោះទេ លុះនៅពេលព្រឹក ស្រាប់តែមានក្មេងប្រទះឃើញក្នុងស្រះទឹក ក៏បង្កឲ្យមានការភ្ញាក់ផ្អើលនាំគ្នាប្រាប់ក្រុមគ្រួសារឃនរងគ្រោះ និងរាយការណ៍មកសមត្ថកិច្ចនគរបាលមូលដ្ឋានមកពិនិត្យសាកសព។
តាមសមត្ថកិច្ចនគរបាលបានឲ្យដឹងថា បន្ទាប់ពីមានសេចក្ដីរាយការណ៍ពីក្រុមគ្រួសារសមត្ថកិច្ចស្រុក និងនគរបាលប៉ុស្តិ៍គ្រូពេទ្យព្រមទាំងនគរបាលជំនាញបានមកពិនិត្យសាកសពឃើញថា ពិតជារអឺលជើងធ្លាក់ចូលស្រះទឹកមែនដោយស្រវឹងស្រាដោយមិនមានស្លាកស្នាមអ្វីជារឿងឃាតកម្មនោះទេ។
ក្រោយពីពិនិត្យរួច សមត្ថកិច្ចនគរបាលបានប្រគល់សពទៅឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕ យឹម សុថាន